មុន គឺជាដុំប៉ោងគ្រាប់តូចៗ ដែលមានខ្ទុះពណ៌សៗនៅខាងក្នុង កើតឡើងព្រោះស្បែកកើតមានប្រតិកម្ម ឬមានការកកស្ទះជាតិខ្លាញ់នៅរន្ធរោម។ ការកកកុញនៅក្រោមរន្ធរោមចេញពីក្បាលមុន ហៅថា “Comedone” ដែលវាអាចកើតប្រតិកម្មបានដោយងាយ ប្រសិនបើមានការប៉ះពាល់បន្ថែមដូចជាបាក់តេរី ឬលម្អងនៅក្នុងអាកាស ជាទូទៅវានៅក្បែរៗបរិវេណស្បែកមុខរបស់អ្នក។ មុន ភាគច្រើនកើតឡើងនៅបវរិវេណផ្ទៃមុខ ក និងដងខ្លួនផ្នែកខាងលើ ដែលជាផ្នែកដែលមានក្រពេញជាតិខ្លាញ់ខ្នាតធំ។
យោងតាមឯកសាររបស់មន្ទីរព្យាបាលស្បែក និងរោគសើស្បែក បានរកឃើញថា មុន គឺជាជំងឺដែលមានអ្នកកើតច្រើនជាងគេ និងតែងមកទទួល-ការព្យាបាលក្នុងលំដាប់ខ្ពស់ជាងគេបង្អស់តែម្ដងស្ទើរតែនិយាយបានថា កើតមានលើផ្ទៃមុខភាគច្រើន ឬក្នុងចំណោមអ្នកជំងឺ3នាក់មានម្នាក់ដែលកើតមុន ហើយមកទទួលការព្យាបាលពីសំណាក់គ្រូពេទ្យសើរស្បែកឯកជន និងមន្ទីរពេទ្យរដ្ឋ។
នៅក្នុងវិទ្យាវេជ្ជសាស្ត្រ “មុន” អាចកើតឡើងចាប់តាំងពីក្មេងអាយុ8-10ឆ្នាំ និងចាត់ទុកថាជាការចាប់ផ្ដើមកើតមុនក្នុងពេលបម្រែបម្រួលវ័យជាសញ្ញាបញ្ជាក់ពីការឈានចូលដល់យុវវ័យដំបូង ឬជាវ័យពេញក្រមុំពេញកំលោះ។ ក្មេងស្រីដែលកើតមុនជាលើកដំបូង គឺនៅពេលមុនមករដូវដំបូង1ឆ្នាំ ដែលអាយុចាប់ផ្ដើមកើតមុនច្រើននៅក្នុងអំឡុងពីអាយុ12-15ឆ្នាំ និងកើតមុនខ្លាំងបំផុតនៅចន្លោះអាយុ17-21ឆ្នាំ។ ក្មេងប្រុសអាចកើតមាននៅក្នុងអាយុ16-17ឆ្នាំ និងចាប់ផ្ដើមបាត់ទៅវិញនៅអាយុឈានដល់វ័យកំលោះ (យុវវ័យ) ដោយមុននឹងចាប់ផ្ដើមបាត់បន្ដិចម្ដងៗ។ លើកលែងតែអ្នកជំងឺធ្ងន់ធ្ងរមួយចំនួន ដែលមានមុនច្រើន ហើយត្រូវចំណាយពេលព្យាបាលរហូតដល់អាយុ35ឆ្នាំ ឬយូរជាងនេះក៏មានដែរ។ ក្រៅពីនេះ បុរសដែលមានអាយុ40ឆ្នាំ គឺមានម្នាក់ក្នុងចំណោមបុរស100នាក់ ដែលនៅតែកើតមានបញ្ហាមុខឡើងមុន និងស្ត្រី5នាក់ក្នុងចំណោម100នាក់ ដែលនៅតែមានមុននៅលើស្បែកមុខហើយអាចនឹងបាត់ទៅវិញនៅអាយុ45ឆ្នាំ។
ការស្រាវជ្រាវរកឃើញថា ស្ត្រីកើតមុននៅអាយុ25ឆ្នាំ គឺមានច្រើនជាបុរស ព្រោះអាចមកពីស្ត្រីបើគ្រឿងសម្អាង ដើម្បីបន្ថែមភាពស្រស់ស្អាត គឺគ្រឿងសម្អាងនេះហើយ ដែលជាមូលហេតុសំខាន់នៃការកកើតមុននៅលើស្បែកមុខប្រសិនបើអ្នកជ្រើសរើសផលិតផលគ្រឿងសម្អាងខុស ឬមិនត្រូវជាមួយនឹងសភាពស្បែករបស់អ្នក៕