កូនក្រមុំគឺជាមនុស្សដ៏សំខាន់បំផុតនៅក្នុងពិធីមង្គលការ ដូច្នេះពិតជាគេចមិនផុតទេដែលថា គ្រប់ក្រសែភ្នែកនៃភ្ញៀវដែលមកចូលរួមទាំងអស់នឹងបាញ់តម្រង់សម្តៅមករកកូនក្រមុំ ហេតុដូច្នេះគ្រប់យ៉ាងនៅក្នុងថ្ងៃពិសេសនេះគឺត្រូវតែពេញដោយទំនុកចិត្ត។ មិនថាជាស្បែក មុខ ដៃ ជើង ឬដងខ្លួននោះទេ គឺសុទ្ធតែមានភាពសំខាន់ទាំងអស់សម្រាប់កូនក្រមុំគ្រប់រូប ព្រោះវាជាផ្នែកមួយដែលធ្វើឱ្យអ្នកកាន់តែមានទំនុកចិត្តចំពោះខ្លួនឯងខ្លាំងឡើង។ ដូច្នេះតើអ្នកគួរធ្វើដូចម្តេច ដើម្បីទទួលបាននូវភាពជឿជាក់នេះ? ដូច្នេះដើម្បីឱ្យក្លាយជាកូនក្រមុំដ៏ស្រស់ស្អាតម្នាក់ ដែលមានស្បែករលោងភ្លឺថ្លាស្រស់ស្អាតជានិច្ចនោះ សូមចាប់ផ្តើមថែរក្សាស្បែករបស់អ្នកតាំងពីពេលនេះតទៅ ហើយរឿងដែលអ្នកគួរធ្វើដើម្បីទទួលបាននូវភាពស្រស់ស្អាតនោះគឺមានរៀបរាប់ដូចខាងក្រោមនេះ៖
វាជារឿងល្អបំផុតប្រសិនបើអ្នកអាចធ្វើឱ្យមនុស្សគ្រប់គ្នាបានឃើញថា ភាពស្រស់ស្អាតដែលអ្នកកំពុងតែមាននេះគឺជាភាពស្រស់ស្អាតបែបធម្មជាតិ។ ដូច្នេះបើអ្នកនៅមានពេលវេលាច្រើនដែរទំរាំថ្ងៃពិធីមកដល់នោះ អ្នកគួរតែឧស្សាហ៍ខាត់ស្បែកកម្ចាត់កោសិកាចាស់ៗតាមក្បួនធម្មជាតិដូចជា ការខាត់ស្បែកដោយអម្ពិលទុំ ក្រូចពោធិ៍សាត់ ឬទឹកដោះគោឆៅជាដើម ហើយក៏ត្រូវឧស្សាថែទាំស្បែកមុខដោយការបិទម៉ាសធម្មជាតិលើផ្ទៃមុខផងដែរ។ វិធីមួយចំនួនទៀតដូចជា ម៉ាស្សាប្រេង ស្ទីម និងចំហុយស្បែកជាដើម សុទ្ធតែជារឿងដែលអនាគតកូនក្រមុំគួរធ្វើដើម្បីឱ្យស្បែកស្រស់ស្អាតភ្លឺថ្លា។ ការធ្វើចិត្តឱ្យសប្បាយ សម្រាកឱ្យបានគ្រប់គ្រាន់ ទទួលទានអាហារមានប្រយោជន៍ចំពោះស្បែក ផ្តល់សំណើមដល់ស្បែក ការពារស្បែកពីកម្តៅថ្ងៃលាបឡេថែរក្សាស្បែក និងពាក់ខោអាវជិតៗពេលចេញទៅខាងក្រៅ គឺសុទ្ធសឹងជាផ្នែកមួយដែលជួយឱ្យស្បែករបស់អ្នកសស្អាតភ្លឺថ្លា ដើម្បីត្រៀមជាស្រេចក្នុងការបង្ហាញពីសម្រស់ស្បែករបស់អ្នកក្នុងថ្ងៃដ៏មានអត្ថន័យរបស់អ្នកនាថ្ងៃខាងមុខនេះ។ ប៉ុន្តែមានរឿងមួយទៀតដែលឡារ៉ែន ចង់រំឭកដល់អនាគតកូនក្រមុំគ្រប់រូបដឹងនោះគឺ ក្នុងអំឡុងពេលនេះ សូមកុំព្យាយាមសាកល្បងប្រើប្រាស់ផលិតផលប្លែកៗដែលអ្នកមិនធ្លាប់ប្រើអី ព្រោះមិនមានអ្នកណាម្នាក់ដែលហ៊ានធានាថា វាពិតជាធ្វើឱ្យស្បែករបស់អ្នកសស្អាតយ៉ាងពិតប្រាកដនោះទេ ហើយស្រួលមិនស្រួលវាបែរជាធ្វើឱ្យមានអាការប្រតិកម្មចាញ់វិញនោះគឺពិតជាយ៉ាប់មិនខានទេ។ សូមចាំថាគ្រប់រឿងដែលអ្នកធ្វើ គឺត្រូវការពេលវេលា ដូច្នេះអ្នកគួរធ្វើវាឱ្យបានមុនថ្ងៃពិសេសរបស់អ្នកចូលមកដល់ បើបានកាន់តែយូរគឺកាន់តែល្អ។
ដើម្បីទទួលបានសម្រស់ស្បែកល្អផូរផង់ក្លាយជាកូនក្រមុំដ៏ស្រស់ស្អាត គួរជាទីកាប់ចិត្តនៅក្នុងថ្ងៃសំខាន់របស់អ្នក សូមអនុវត្តតាមទម្លាប់ល្អៗដូចខាងក្រោមនេះ ៖
លាងសម្អាតស្បែកមុខ
ការលាងសម្អាតផ្ទៃមុខ ដើម្បីកម្ចាត់ចោលនូវរាល់ សារធាតុកខ្វក់ទាំងឡាយគឺជាមូលដ្ឋានគ្រឹះនៃការថែរក្សាស្បែក មិនថាជាស្បែកមុខ ឬស្បែកដងខ្លួននោះទេ។ សារធាតុកខ្វក់ទាំងឡាយនឹងសម្ងំលាក់ខ្លួននៅក្នុងស្រទាប់ស្បែកមិនព្រមចេញទៅណាឡើយ ប្រសិនបើអ្នកមិនព្រមកម្ចាត់វាចេញទេនោះ ធានាថាមិនយូរទេការបំផ្លាញស្បែក និងការកើតមុនជាដើមពិតជាបង្ហាញឡើងជាក់ជាមិនខាន។ សូមលាងសម្អាតផ្ទៃមុខរបស់អ្នក ដោយផលិតផលសម្រាប់លាងសម្អាតផ្ទៃមុខ ក្នុងមួយថ្ងៃឱ្យបាន2ដង គឺនៅពេលព្រឹក និងនៅពេលយប់មុនពេលអ្នកចូលគេង ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់។
ចិញ្ចឹមស្បែក
ការចិញ្ចឹមថែរក្សារស្បែក មិនមែនគ្រាន់តែធ្វើឡើងនៅផ្នែកខាងលើនៃស្បែកមុខនោះទេប៉ុន្តែវាត្រូវតែមានសមត្ថភាពថែបំប៉នតាំងពីផ្នែកខាងក្នុងមកផងដែរ។ មានផលិតផលជាច្រើនដែលផលិតឡើងសម្រាប់លេប ដើម្បីចិញ្ចឹមថែរក្សាស្បែកឱ្យបានស្អាត និងមានសុខភាពល្អ។ ស្វែងរកផលិតផលណាដែលស័ក្តិសមជាមួយនឹងស្បែករបស់អ្នក ហើយសូមស្វែងយល់ឱ្យបានច្បាស់អំពីរបៀបនៃការប្រើប្រាស់ផង ដើម្បីទទួលបាននូវលទ្ធផលគួរជាទីពេញចិត្ត។
ការពារស្បែកពីការបំផ្លាញនៃកម្ដៅថ្ងៃ
ព្រះអាទិត្យទទួលបាននូវការងារដ៏សំខាន់មួយ គឺបញ្ចេញកម្តៅរបស់ខ្លួន ដើម្បីបំផ្លាញសម្រស់ស្បែករបស់មនុស្សគ្រប់គ្នាដែលមិនបានប្រុងប្រយ័ត្ន។ SPF ជាសារធាតុម្យ៉ាងដែលមានសមត្ថភាពក្នុងការការពារស្បែកមុខរបស់អ្នកពីការបំផ្លិចបំផ្លាញនៃកម្តៅថ្ងៃ ហេតុនេះនៅរាល់ពេលដែលចេញទៅខាងក្រៅ អ្នកត្រូវការពារស្បែកមុខរបស់អ្នកឱ្យបានល្អជាមួយនឹងឡេថែរក្សាស្បែកមុខដែលមានផ្ទុកនូវសារធាតុ SPF គ្រប់គ្រាន់។ ក្រៅពីសារធាតុ SPF ហើយនោះអ្នកគួរតែបន្ថែមការការពារមួយជាន់ទៀត ដោយការប្រើប្រាស់មួក កន្សែងគ្រប ឬខោអាវដែលអាចបិទបាំងស្បែកយ៉ាងជិតល្អជាដើម ដើម្បីការពារស្បែករបស់អ្នកពីកម្ដៅថ្ងៃបានយ៉ាងមានប្រសិទ្ធភាព។
ប្រើក្រែមលាបស្បែកឱ្យត្រូវតាមពេលវេលា
ពេលយប់ និងពេលថ្ងៃតម្រូវឱ្យមានការថែរក្សាសម្រស់ផ្ទៃមុខ ឬស្បែកខុសពីគ្នា ហេតុនេះសូមកុំប្រើក្រែមសម្រាប់លាបពេលយប់មកលាបនៅពេលថ្ងៃ ឬប្រើក្រែមលាបពេលថ្ងៃមកលាបនៅពេលយប់ឱ្យសោះ ព្រោះទាំងក្រែមសម្រាប់ប្រើនាពេលថ្ងៃ និងសម្រាប់ប្រើនាពេលយប់គឺជាផលិតផលដែលផលិតឡើងដោយឡែកពីគ្នា និងមានប្រសិទ្ធភាពខុសគ្នាផងដែរ។
មានទម្លាប់ល្អ
សម្រាប់កូនក្រមុំ ក៏ដូចជាស្ត្រីគ្រប់គ្នាសុទ្ធតែអាចទទួលរងនូវការបំផ្លាញ ប្រសិនបើអ្នកមិនដែលមានទម្លាប់ល្អក្នុងការថែរក្សាស្បែកមុខទាល់តែសោះ។ ទម្លាប់ល្អៗមួយចំនួនត្រូវបានចាត់ទុកថា ជាជំនួយការដ៏ល្អក្នុងការថែរក្សាសម្រស់ផ្ទៃមុខ ក៏ដូចជាការពារស្បែកមុខមិនឱ្យកើតមុនផងដែរ។ សកម្មភាព និងទម្លាប់ល្អដែលអ្នកគួរតែបង្កើតឡើងនោះមានដូចជា ចៀសវាងការគេងផ្អៀង ព្រោះវាអាចធ្វើឱ្យអ្នកកើតមុនប្រសិនបើខ្នើយរបស់អ្នកមានជាប់មេរោគ ហើយថ្ពាល់របស់អ្នកទៅប៉ះនឹងខ្នើយ ម៉្យាងវិញទៀតវាក៏អាចបង្កឱ្យមានស្នាមជ្រួញនៅលើផ្ទៃមុខរបស់អ្នកផងដែរ។ សូមចាំថា ការហាត់ប្រាណដើម្បីបញ្ចេញសារធាតុពុល ការទទួលទានអាហារល្អៗមានប្រយោជន៍ចំពោះសុខភាពស្បែកនិងការធ្វើអារម្មណ៍ឱ្យសប្បាយៗជាដើម ក្រៅពីជួយឱ្យមានសុខភាពល្អហើយនោះ វាក៏ជាទម្លាប់ដ៏ល្អដែលអាចជួយឱ្យផ្ទៃមុខរបស់អ្នកស្រស់ថ្លាបានដែរ។
បន្ទាប់ពីបានអនុវត្តយ៉ាងត្រឹមត្រូវទៀងទាត់ហើយនោះ អ្នកនឹងសង្កេតឃើញពីភាពខុសប្លែកគ្នារវាងពេលមុន និងក្រោយពេលអនុវត្ត។ ដូច្នេះមិនថាតែមុនពេលរៀបការ ឬក្រោយពេលរៀបការនោះទេ សូមចាប់ផ្តើម និងបន្តអនុវត្តរហូតទៅ ដើម្បីភាពស្រស់ស្អាតផូរផង់នៃស្បែកនឹងនៅជាប់ជាមួយអ្នកជារៀងរហូតទៅ៕