ធ្លាប់តែបកស្រាយបទចម្រៀងប្រភេទមនោសញ្ចេតនា ដល់ពេលបញ្ចេញបទចម្រៀងប្រភេទរ៉ក់ម្ដង ធ្វើឱ្យតារាចម្រៀងលោក វង្ស ថាណាន់ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹងបទ «ស៊ូស្លាប់ មិនធ្វើមនុស្សក្បត់» ដែលមានអត្ថន័យឆ្លើយឆ្លងនឹងបទ «សុំបេះដូងមួយចំណែក» របស់អ្នកស្រី សុង សេងហ៊ន។ ចម្រៀងមួយបទនេះត្រូវបានអ្នកធ្លាប់ស្ដាប់ទឹកដមសំឡេងរបស់លោកមុនៗលាន់មាត់តែម្ដង ខណៈដែលតុងចម្រៀងដែលលោកបកស្រាយនោះក៏ពីរោះ ហើយស្រែកបានខ្ពស់ទៀតផង។
ពិតជាប្លែកត្រចៀកណាស់ បើបានស្ដាប់ចម្រៀងមួយបទរបស់លោក វង្ស ថាណាន់ ក្រោមចំណងជើងថា «ស៊ូស្លាប់ មិនធ្វើមនុស្សក្បត់» ដែលទើបតែដាក់បង្ហោះនេះ។ សមត្ថភាពស្រែកក្នុងបទចម្រៀងនេះកាន់តែបង្ហាញយ៉ាងច្បាស់ថា លោកមានការវិវឌ្ឍខ្លួនមិនធម្មតាទេ ព្រោះធ្លាប់តែច្រៀងបទមនោសញ្ចេតនា និងបទញាក់ៗ តែដល់ពេលច្រៀងបទបែបរ៉ក់ ក៏ពីរោះមិនធម្មតាដែរ។
ចង់ដឹងថា មួយបទ«ស៊ូស្លាប់មិនធ្វើមនុស្សក្បត់»របស់វង្ស ថាណាន់ នេះ ពីរោះ និងប្លែកត្រចៀកកម្រិតណា តោះ! ស្ដាប់កម្សាន្តទាំងអស់គ្នា៖