ប្រិយមិត្តធ្លាប់បានស្គាល់ហើយថា លោក Jane Roffer ជាតារាចម្រៀងម្ចាស់បទ «រាំជាន់អាចម៍ឆ្កែ» និងបទចម្រៀងមនោសញ្ចេតនាជាច្រើនបទទៀត ដែលថ្មីៗនេះលោកបានបង្ហាញស្នាដៃផលិតបទចម្រៀងថ្មីសម្រាប់ជាការស្វាគមន៍វត្តមានតារាចម្រៀង កែវ វាសនា វិលមកទ្រនំផលិតកម្មសាន់ដេវិញ គឺបទ «នឹកមនុស្សម្នាក់ ដែលមិនបានស្រឡាញ់ខ្ញុំ» និងបទ «មនុស្សប្រុសរឿងច្រើន» ដែលទទួលបានការគាំទ្រយ៉ាងសន្ធឹកសន្ធាប់ និងទាក់អារម្មណ៍អ្នកស្ដាប់ខ្លាំងនៅលើបណ្ដាញសង្គមហ្វេសប៊ុក។
ជាការពិត បន្ទាប់ពីវេចបង្វេចចូលមកក្នុងផលិតកម្មសាន់ដេវិញភ្លាម លោក កែវ វាសនា បានបញ្ចេញស្នាដៃបទចម្រៀងថ្មីបទ «នឹកមនុស្សម្នាក់ដែលមិនបានស្រឡាញ់ខ្ញុំ» ដែលសម្តែងរួមគ្នាជាមួយកំពូលតារាចម្រៀងស្រី សុខ ពិសី ខណៈបទដែលមានសាច់រឿងតគ្នានេះ ចេញមិនទាន់បាន 2ថ្ងៃស្រួលបួលផង ស្រាប់តែមានអ្នកចូលទស្សនាដល់ទៅជាង 1លានដងទៅហើយ ខណៈដែលបទរបស់ សុខ ពិសី «មនុស្សប្រុសរឿងច្រើន» ក៏មានអ្នកចូលទស្សនាជិតកន្លះលានដងដែរ។ យ៉ាងណាមិញ នៅពីក្រោយបទចម្រៀងនេះ គឺជាការនិពន្ធបទភ្លេង ដោយលោក Jane Roffer ហើយក៏ជាបទដំបូង ដែលអ្នកនិពន្ធបទភ្លេងវ័យក្មេងរូបនេះបញ្ចេញនៅក្នុងផលិតកម្មសាន់ដេដែរ។
អ្នកនិពន្ធបទភ្លេងលោក Jane Roffer បានប្រាប់ឱ្យដឹងថា តាមការពិត អត្ថន័យក្នុងបទចម្រៀងទាំង 2បទនេះ គឺជារឿងពិតរបស់អ្នកនិពន្ធម្នាក់ឈ្មោះ ជូន សុខជា ដែលគ្រាន់តែទទួលដំណឹងពីអ្នកគ្រប់គ្រងផលិតកម្មថា លោក កែវ វាសនា ត្រឡប់មកសាន់ដេវិញភ្លាម លោកក៏បានពិភាក្សា និងចង់ឱ្យលោក កែវ វាសនា ចាប់ដៃជាមួយកញ្ញា សុខ ពិសី ដើម្បីទទួលបានការគាំទ្រខ្លាំង លោកក៏ចាប់ផ្តើមសហការគ្នារៀបចំជាសាច់រឿងក្នុងបទចម្រៀងនេះឡើងតែម្ដង។
ក្រោយពីពិភាក្សាអំពីបទចម្រៀងទាំង2 ជាមួយអ្នកនិពន្ធចប់សព្វគ្រប់ លោក Jane Roffer ចាប់ផ្តើមមានទំនុកចិត្តថា បទចម្រៀងដែលជាការបញ្ចេញស្នាដៃនិពន្ធបទភ្លេងថ្មីរបស់លោកនឹងក្លាយជារសជាតិថ្មីមួយទៀតសម្រាប់ទស្សនិកជន ទោះបីវាជាស្នេហាផ្ទាល់ខ្លួនរបស់មនុស្សម្នាក់ក្ដី ប៉ុន្តែជាអារម្មណ៍មួយដែលកើតមានឡើងនៅលើគូស្នេហ៍ជាច្រើនទៀត៕