គម្រោងអភិវឌ្ឍន៍អចលនទ្រព្យបានរីកដុះដាលយ៉ាងខ្លាំងក្នុងព្រះរាជាណាចក្រកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានគម្រោងធំៗជាច្រើនត្រូវបានក្រុមហ៊ុនមកពីបរទេសបោះទុនវិនិយោគ ជាពិសេសក្រុមហ៊ុនធំៗមកពីប្រទេសចិនដែលបានជំរុញឱ្យវិស័យអចលនទ្រព្យក្នុងតំបន់សេដ្ឋកិច្ចសំខាន់ៗ រួមមាន រាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប ជាដើមកាន់តែមានសក្ដានុពលខ្លាំងឡើង។
ឯកឧត្តម ប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់បានមានប្រសាសន៍ក្នុងកម្មវិធីបញ្ចប់គម្រោងអគាររបស់ក្រុមហ៊ុនអចលនទ្រព្យមួយនៅក្នុងប្រទេសកម្ពុជាថា វិស័យអចលនទ្រព្យពិតជាបានចូលរួមចំណែកលើកកម្ពស់ការស្នាក់នៅបែបទំនើបដល់ប្រជាពលរដ្ឋក្នុងទីក្រុង និងឆ្លើយតបបាននឹងតម្រូវការភ្ញៀវទេសចរបរទេស ជាពិសេសភ្ញៀវទេសចរចិនដែលកំពុងមានការកើនឡើងខ្លាំងនៅក្នុងប្រទេសកម្ពុជាយើង។
ជាការកត់សម្គាល់ កត្តាដែលនាំឱ្យមានការអភិវឌ្ឍនៅទូទាំងប្រទេសមានការបោះជំហានទៅមុខយ៉ាងឆាប់រហ័សក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គឺមកពីកម្ពុជាមានសក្តានុពលផ្នែកឧស្សាហកម្ម ពាណិជ្ជកម្ម អចលនទ្រព្យ និងទេសចរណ៍។ ដោយឡែកនៅខេត្តព្រះសីហនុមានតំបន់សេដ្ឋកិច្ចពិសេស ដូចជាតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ តំបន់សេដ្ឋកិច្ចពិសេសកំពង់ផែក្រុងព្រះសីហនុ តំបន់សេដ្ឋកិច្ចពិសេសស្ទឹងហាវ និងតំបន់សេដ្ឋកិច្ចពិសេសស្រុកព្រៃនប់ដែលមានរោងចក្រចំនួន125 មានកម្មករប្រមាណជាង 2ម៉ឺននាក់។
ចំណែកអ្នកជំនាញអចលនទ្រព្យ លោកសន សៀប អគ្គនាយកក្រុមហ៊ុន Key Real Estate ធ្លាប់បានលើកឡើងថា “ហេតុដែលវិនិយោគិនចិនសម្រុកមកវិនិយោគនៅខេត្តព្រះសីហនុ ព្រោះទំនាក់ទំនងជិតស្និទរវាងរដ្ឋាភិបាលទាំង2 ញ៉ាំងឱ្យមានបរិយាកាសល្អប្រសើរដល់វិនិយោគិននៃប្រទេសទាំង2 ក្នុងការសហការគ្នារកស៊ី ‟។
ស្រដៀងគ្នានេះ លោកគីម ហ៊ាង ប្រធានសមាគមអចលនទ្រព្យបានមានប្រសាសន៍ថា “ចិនវិនិយោគនៅកម្ពុជាមានសម្ទុះខ្លាំង ជាពិសេសនៅខេត្តសក្តានុពល ដូចជាខេត្តព្រះសីហនុ គ្រាន់តែចិនចូលមករកស៊ីនៅព្រះសីហនុភ្លាម ធ្វើឱ្យតម្លៃសណ្ឋាគារ ម្ហូបអាហារ និងសេវាកម្មផ្សេងមានការឡើងថ្លៃ ជាពិសេសតម្លៃដីធ្លីមានការហក់ឡើងខ្លាំង ធ្វើឱ្យខេត្តជាប់មាត់សមុទ្រមួយនេះមានការអភិវឌ្ឍលឿនបំផុត‟។
សូមបញ្ជាក់ថា រយៈពេល 2ឆ្នាំនេះខេត្តព្រះសីហនុត្រូវបានអភិវឌ្ឍយ៉ាងគំហុក មានអគារខុនដូ មជ្ឈមណ្ឌលពាណិជ្ជកម្ម រោងចក្រ និងសណ្ឋាគារលំដាប់ពីផ្កាយ3 ដល់ផ្កាយ5 ហើយក៏មានអ្នកវិនិយោគ និងអ្នកទេសចរមានការចាប់អារម្មណ៍យកខេត្តព្រះសីហនុជាគោលដៅទេសចរណ៍ និងវិនិយោគផងដែរ។ ការផ្តោតការយកចិត្តទុកដាក់ខ្លាំងនៅតំបន់នេះ តាមរយៈការរៀបចំឆ្នេរឱ្យមានសោភណភាព និងរៀបរៀបរយជាងមុន គម្រោងសាងសង់ផ្លូវហាយវេយ៍ពីរាជធានីភ្នំពេញ ទៅកាន់ខេត្តនេះ ការមានព្រលានយន្តហោះលំដាប់អន្តរជាតិ និងកំណើនភ្ញៀវទេសចរ សុទ្ធតែជាកត្តាផ្ដល់ភាពងាយស្រួលដល់អ្នកវិនិយោគ និងធ្វើឱ្យខេត្តព្រះសីហនុកាន់តែមានសក្ដានុពលខ្លាំងឡើង។
បច្ចុប្បន្ន ខេត្តព្រះសីហនុមានជនជាតិចិនកាន់តែច្រើនចូលមកទស្សនា និងវិនិយោគ និងជាពិសេស អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ និងពិតជាកាន់តែមានសក្តានុពលខ្លាំងឡើងនោះ គឺដោយសារមានការភ្ជាប់ជើងហោះហើររបស់យន្តហោះដឹកអ្នកដំណើរពីប្រទេសចិន និងពីខេត្តសៀមរាបមកកាន់ទីនោះកាន់តែច្រើនឡើង។
សូមបញ្ជាក់បន្ថែមថា ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងចិនមានការកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ដោយបានកើនឡើងដល់ 5.8.ពាន់លានដុល្លារហើយរយៈពេល2-3ឆ្នាំកន្លងទៅនេះ គឺកើនឡើងលឿន ពី 900លានដុល្លារនៅឆ្នាំ2016 ដល់1.6ពាន់លានដុល្លារនៅឆ្នាំ2017 និងរយៈពេល 7ខែនៃឆ្នាំ2018នេះ គឺមានការកើនឡើងរហូតដល់2.8ពាន់លានដុល្លារ៕