កម្មករអន្តោប្រវេសន៍ជាច្រើននាក់ដែលកំពុងធ្វើការនៅក្នុងទីក្រុងម្ចាស់ផ្ទះ World Cup ឆ្នាំ2022 ក្នុងគម្រោងទឹកប្រាក់ 45ពាន់លានដុល្លារអាមេរិករបស់ប្រទេសកាតា មិនបានទទួលប្រាក់បៀវត្សរ៍អស់រយៈពេលច្រើនខែមកហើយ។ នេះបើយោងតាមការបញ្ជាក់របស់អង្គការលើកលែងទោសអន្តរជាតិ នៅថ្ងៃពុធនេះ ខណៈដែលនេះគឺជាការចោទប្រកាន់ទាក់ទងនឹងការរំលោភសិទ្ធិប្រឆាំងនឹងម្ចាស់ផ្ទះ World Cup ឆ្នាំ2022។
ក្រុមហ៊ុន Mercury MENA មិនបានបង់ប្រាក់ឱ្យកម្មកររបស់ខ្លួនរាប់ពាន់នាក់ទាក់ទងនឹងប្រាក់ខែ និងប្រាក់ឧបត្ថម្ភនានា ដែលនាំឱ្យពួកគេរស់នៅក្នុងភាពត្រដរខ្យល់ក្នុងប្រទេសនេះ។ នេះបើយោងតាមអង្គការមានមូលដ្ឋានក្នុងទីក្រុងឡុងដ៍មួយនេះ។
ទោះបីជាយ៉ាងណា ក្នុងការឆ្លើយតបផ្សេងៗ អង្គភាពគ្រប់គ្រងកីឡាបាល់ទាត់ពិភពលោកហៅកាត់ថា FIFA បានចោទប្រកាន់អង្គការលើកលែងទោស «ពីបទយល់ច្រឡំ» និងបានបញ្ជាក់ថា ការមិនបង់ប្រាក់មិនទាក់ទងនឹងយុទ្ធនាការ World Cup ឆ្នាំ2022ទេ។ អង្គការលើកលែងទោសមួយនេះ បានចោទប្រកាន់ថា កម្មករយ៉ាងហោចណាស់ 78នាក់មកពីប្រទេសនេប៉ាល់ ឥណ្ឌា និងហ្វីលីពីន មិនបានទទួលប្រាក់ខែចាប់តាំងពីខែកុម្ភៈ ឆ្នាំ2016 និងត្រូវបានគេជំពាក់ប្រាក់ 2,000ដុល្លារ ដែលស្មើនឹងប្រាក់ខែជាច្រើនខែ។ ក្នុងករណីខ្លះ ការមិនទទួលបានប្រាក់ខែបែបនេះ បានកម្ទេចជីវិតមនុស្សជាច្រើន។ នេះបើយោងតាមការបញ្ជាក់របស់អង្គការលើកលែងទោស ដែលបានជំរុញឱ្យរដ្ឋាភិបាលរបស់ទីក្រុងដូហា បង់ប្រាក់ទៅឱ្យកម្មករ ខណៈដែលកម្មករខ្លះ បានជំពាក់បំណុលគេជាច្រើនដើម្បីទទួលបានការងារមួយក្នុងប្រទេសកាតានេះ។
លោក Ernesto ដែលជាកម្មករម្នាក់ទៅពីប្រទេសហ្វីលីពីន បានប្រាប់អង្គការលើកលែងទោសថា លោកបានជាប់បំណុលជាច្រើន ក្រោយពីធ្វើការនៅកាតា អស់រយៈពេលច្រើនជាង 2ឆ្នាំ មុនពេលលោកបានទៅដល់ប្រទេសនេះ៕
ប្រភពពី៖ Channel News Asia