និន្នាការពុះដីឡូត៍លក់នៅតំបន់ជាយក្រុងកំពុងមានសកម្មភាពកាន់តែគគ្រឹកគគ្រេងឡើងៗ ដោយសារតែរោងចក្រឧស្សាកម្មបានរំកិលខ្លួនចេញពីទីប្រជុំជនក្នុងទីក្រុងទៅកាន់តំបន់ជាយក្រុងកាន់តែច្រើនឡើងដូចគ្នាដែរ។ ទន្ទឹមគ្នានេះដែរ ឈ្មួញកណ្ដាលអ្នករកស៊ីទិញ-លក់ដីធ្លី និងអ្នកដែលមានប្រាក់កាសច្រើនក៏បាននាំគ្នាទៅទិញដីឡូត៍នៅតំបន់ជាយក្រុងទាំងនោះយ៉ាងមមាញឹកផងដែរ។ អ្នកខ្លះទិញដើម្បីសាងសង់ផ្ទះសម្រាប់រស់នៅ និងអ្នកខ្លះទិញដើម្បីទុកលក់យកចំណេញក៏មាន។ សម្រាប់អ្នកដែលទិញទុកលក់ដើម្បីយកប្រាក់ចំណេញវិញ ដើម្បីឱ្យប្រាកដថា ការទិញដីឡូត៍របស់ខ្លួនមិនមានហានិភ័យ និងទទួលបានប្រាក់ចំណេញត្រឡប់មកវិញលឿននោះ តើត្រូវពិនិត្យលើកត្តាអ្វីខ្លះ?
លោក ម៉ាន់ ច័ន្ទឌី អគ្គនាយកក្រុមហ៊ុន ព្រីមៀម ហៅហ្ស៊ីង ខូ អិលធីឌី មានប្រសាសន៍ថា ការទិញដីឡូត៍កុំឱ្យមានហានិភ័យ និងឆាប់បានទទួលប្រាក់ចំណេញត្រឡប់មកវិញនេះ គេត្រូវមើលលើកត្តា2យ៉ាង គឺកត្តាច្បាប់ និងសក្តានុពលនៅជុំវិញដីឡូត៍ដែលយើងចង់ទិញនោះ។ លោកបញ្ជាក់ថា ដើម្បីឱ្យដឹងច្បាស់ថា តើម្ចាស់ដីឡូត៍មានសិទ្ធិពេញលេញក្នុងការពុះដីលក់ គេត្រូវមើលទៅលើឯកសារផ្លូវច្បាប់ ថាតើគាត់បានទិញពីម្ចាស់ដើមពិតប្រាកដឬទេ? ហើយនៅពេលពិនិត្យជាមួយម្ចាស់ដីរួចហើយ យើងត្រូវធ្វើការសាកសួរទៅអ្នកពាក់ព័ន្ធ ពិសេសអ្នករស់នៅជុំវិញ និងអាជ្ញាធរមូលដ្ឋានតែម្តង។ លោកបន្តថា ជាបទពិសោធកន្លងមក ម្ចាស់ដីឡូត៍មួយចំនួនបានបោកប្រាស់អតិថិជន អ្នកខ្លះទិញបង់លុយគ្រប់ចំនួនហើយ អ្នកខ្លះកក់លុយហើយ ស្នើសុំឱ្យកាត់ប្លង់ឱ្យ បែជាកាត់មិនបាន ហើយបិទការដ្ឋានរត់ចោលទីតាំងតែម្តង។
ករណីមើលប្លង់កម្មសិទ្ធិនេះ គេត្រូវពិនិត្យលើចំណុច2 គឺពិនិត្យមើលថា តើជាប្លង់រឹង ឬជាប្លង់ទន់? បើជាប្លង់ទន់ តើម្ចាស់ដីកាត់ឈ្មោះដល់អាជ្ញាធរថ្នាក់ណាដែរ?។ ជាទូទៅ ករណីពុះដីឡូត៍ប្លង់ទន់នេះកន្លងមកម្ចាស់ដីកាត់ឈ្មោះត្រឹមឃុំ-សង្កាត់តែប៉ុណ្ណោះ ប៉ុន្តែដើម្បីឱ្យមានសុពលភាពកាន់តែខ្លាំង គឺត្រូវកាត់ឈ្មោះដល់មន្ត្រីជំនាញខណ្ឌ/ស្រុក ហើយមានការបង់ពន្ធដល់ថ្នាក់ខេត្ត។ ចំណុចមួយទៀត គឺត្រូវប្រាកដថា ដីឡូត៍ដែលខ្លួនបានទិញនោះមានប្លង់ត្រឹមត្រូវ មានន័យថា ប្រសិនជាដីឡូត៍នោះមានប្លង់រឹង ត្រូវតែកាត់ប្លង់រឹងដល់ខេត្ត ឬក្រសូង ព្រោះអ្នកលក់ដីឡូត៍ខ្លះមានប្លង់រឹង តែបានកាត់ប្លង់ត្រឹមថ្នាក់ស្រុក ឬខ័ណ្ឌ ឬត្រឹមឃុំ-សង្កាត់ប៉ុណ្ណោះ។ ប្រសិនជាការទិញ-លក់បែបនេះ ពិតជាមានហានិភ័យមិនខាន ព្រោះម្ចាស់ដីឡូត៍មួយចំនួនបានដាក់ប្លង់នៅធនាគារយកលុយប្រើប្រាស់រួចហើយ និងអាចលួចផ្ទេរកម្មសិទ្ធិដល់កូនចៅរបស់ខ្លួនជាប្លង់រឹងរួចហើយទៀតផង ធ្វើឱ្យអ្នកទិញដីឡូត៍នោះមានហានិភ័យកើតឡើង ព្រោះពួកគេគ្មានមូលដ្ឋានផ្លូវច្បាប់ដើម្បីតវ៉ាឡើយ។
ចំណែកការទិញដីឡូត៍ ដើម្បីទទួលបានប្រាក់ចំណេញវិញ គឺត្រូវមើលពីសក្តានុពលជុំវិញទីតាំងដែលយើងចង់ទិញនោះថា តើមានរោងចក្រឧស្សាហកម្មចូលទៅដល់ ឬមានគម្រោងអភិវឌ្ឍន៍វិស័យឯកជន គម្រោងអភិវឌ្ឍន៍រដ្ឋាភិបាលទៅដល់ដែរឬទេ?។ បើពិនិត្យឃើញថាមានគួរតែទិញទុកទៅព្រោះអាចលក់បានប្រាក់ចំណេញលឿនមកវិញ ហើយចំណេញបានច្រើនទៀតផង ប៉ុន្តែបើសិនជាមិនមាន ឬមិនទាន់មានគម្រោងអភិវឌ្ឍន៍ច្បាស់លាស់ទេ ដីនោះអាចជាប់គាំងយូរ លក់មិនចេញ មិនឆាប់បានប្រាក់ចំណេញ ហើយយកលុយទៅកប់ទុកក្នុងដីនោះទៀត។
លោកថា បច្ចុប្បន្នរោងចក្រឧស្សាហកម្មពិសេសរោងចក្រកាត់ដេរ និងស្បែកជើងបានរំកិលខ្លួនចេញពីទីប្រជុំជនក្នុងទីក្រុងជាបណ្តើរៗហើយ ដោយកំពុងបាញ់ឆ្ពោះទៅរកបណ្ដោយផ្លូវជាតិលេខ3ផ្លូវជាតិលេខ4 ផ្លូវ41 និងផ្លូវ51 ហើយសកម្មភាពពុះដីឡូត៍លក់ក៏កំពុងមានសកម្មភាពពុះកញ្ជ្រោលនៅទីនោះផងដែរ និងថែមទាំងផ្តល់លក្ខណៈងាយស្រួលដល់អតិថិជនក្នុងការទិញតាមរយៈការបង់រំលស់ដោយមិនមានប្រាក់កក់ មិនបាច់បង់ប្រាក់ដើមជាដើម ដែលជាការផ្តល់ឱកាសសម្រាប់អ្នកមានប្រាក់ចំណូលទាប ជាពិសេសកម្មករ-កម្មការិនីក្នុងវិស័យកាត់ដេរ ឬវិស័យផ្សេងៗទៀតអាចមានលទ្ធភាពទិញដីសាងសង់ផ្ទះរស់នៅដោយមិនចាំបាច់ជួលផ្ទះគេនៅតទៅទៀត។ គេក៏អាចនិយាយបានដែរថា ករណីពុះដីឡូត៍លក់នេះក៏បានចូលរួមចំណែកជួយកាត់បន្ថយភាពក្រីក្រជាមួយនឹងរដ្ឋាភិបាលផងដែរ។
តែយ៉ាងណាត្រូវពិនិត្យមើលឱ្យបានច្បាស់លាស់ ព្រោះដោយសារតែចង់ពុះដីឡូត៍លក់ឱ្យបានច្រើន អ្នកវិនិយោគពុះដីឡូត៍លក់ខ្លះតែងតែឱ្យអតិថិជនបង់ប្រាក់នៅក្រុមហ៊ុនរបស់ខ្លួន ដោយគ្មានការប្រាក់ ឬគ្មានប្រាក់កក់ ដែលនេះជាចំណុចប្រឈមនឹងហានិភ័យមួយ ព្រោះថា ការទូទាត់បែបនេះមិនមានច្បាប់ណាមួយគ្រប់គ្រងឡើយ ក្រុមហ៊ុនលក់ដីនោះអាចនឹងប្រមូលបានប្រាក់ហើយរត់បាត់ មិនទទួលខុសត្រូវ ហើយប្រព័ន្ធបង់ប្រាក់បែបនេះ ជាការទូទាត់នៅក្រៅផ្លូវការ ក្រៅប្រព័ន្ធច្បាប់។
ជាមួយគ្នានេះ ហេដ្ឋារចនាសម្ព័នផ្លូវថ្នល់ ក៏ជាចំណុចពិសេសមួយដែរដែលអ្នកពុះដីឡូត៍លក់តែងតែមានយុទ្ធសាស្ត្រខុសៗគ្នាដើម្បីទាក់ទាញអតិថិជនរបស់ខ្លួនតាមរយៈការចាក់ផ្លូវធ្វើថ្នល់ដាក់បង្គោលភ្លើងអគ្គិសនី ប្រព័ន្ធទឹកស្អាត និងប្រព័ន្ធលូទឹកស្អុយជាដើម។ ហេតុនេះអ្នកទិញដែលមិនយល់ពីបញ្ហានេះ ពួកគេមិនបារម្ភឡើយ ប៉ុន្តែមានរឿងជាច្រើននៅក្នុងនោះ ដូចជា តើការធ្វើផ្លូវនោះត្រូវតាមស្តង់ដាឬទេ? មានប្រព័ន្ធលូបង្ហូរត្រឹមត្រូវឬទេ? ឬគ្រាន់តែជាការធ្វើឱ្យរួចពីដៃ ឬយ៉ាងណា?។ ព្រោះថាហេដ្ឋារចនាសម្ព័ន្ឋផ្លូវ ប្រព័ន្ធលូ ទឹក-ភ្លើងជាដើមនេះជាចំណុចសំខាន់ ពោះនៅពេលយើងលក់ទៅវិញអតិថិជនអាចនឹងរារែក ឬពិចារណាយូរ ព្រោះថា បើគេសង់ផ្ទះនៅ គេត្រូវចំណាយប្រាក់ច្រើនទៀតក្នុងការធ្វើប្រព័ន្ឋលូ តទឹក តភ្លើងចូលដល់ក្នុងផ្ទះ៕