លោក Jose Mourinho បានដើរចេញពីកីឡដ្ឋានទាំងមុខក្រហម ខណៈពេលមានជម្លោះជាថ្មីជាមួយនឹងខ្សែបម្រើ Paul Pogba ក្រោយពីក្រុម Manchester United បានធ្លាក់ចេញពីយុទ្ធនាការដ៏មិននឹកស្មានដល់ដោយការស៊ុតបាល់ប៉េណាល់ទី ក្នុងពេលប្រកួតជាមួយនឹងក្រុម Derby របស់លោក Frank Lampard ក្នុងពាន League Cup កាលពីថ្ងៃអង្គារ។
ត្រឹមតែរយៈពេលមិនប៉ុន្មានម៉ោង ក្រោយពីលោក Mourinho បានប្រាប់តារាឆ្នើម Pogba ថា រូបគេនឹងធ្វើជាប្រធានក្រុមម្តងទៀតនោះ វាបានបង្ហាញនូវភាពជូរចត់មួយសម្រាប់អ្នកចាត់ការទូទៅរបស់ Man United រូបនេះ ខណៈដែលក្រុមស្ថិតក្នុងក្របខ័ណ្ឌលំដាប់ទី2 Derby បានបង្កើតឱ្យមានការភ្ញាក់ផ្អើលដ៏ធំមួយក្នុងជុំទី3 នាកីឡដ្ឋាន Old Trafford។
ខ្សែបម្រើ Juan Mata បានជួយឱ្យក្រុម Man United មានគ្រាប់បាល់នាំមុខមុន ប៉ុន្តែកីឡាករ Harry Wilson របស់ Derby បានរកគ្រាប់បាល់តាមស្មើវិញ ហើយក្រោយពីអ្នកចាំទី Sergio Romero របស់ក្រុមម្ចាស់ផ្ទះរងការពិន័យកាតក្រហម កីឡាករ Jack Marriott បានជួយឱ្យក្រុម Derby មានគ្រាប់បាល់នាំមុខវិញម្ដង ក្នុងរយៈពេលនៅសល់ត្រឹមតែ៥នាទី។
Marouane Fellaini បានជួយឱ្យ Man United រកបានគ្រាប់បាល់តាមស្មើវិញនៅនាទីបន្ថែម ដើម្បីតាមស្មើ 2-2 ប៉ុន្តែ លទ្ធផលនោះមិនបានជួយឱ្យក្រុមរបស់លោក Mourinho គេចផុតពីធ្លាក់ចេញឡើយ។ ក្រោយពីក្រុម Derby បានស៊ុតបាល់ប៉េណាល់ទីយ៉ាងជោគជ័យចំនួន 8គ្រាប់ ខ្សែការពារ Phil Jones របស់ Man United បានស៊ុតបាល់បញ្ចូលទីដើម្បីជួយឱ្យក្រុមភ្ញៀវកត់ត្រាជ័យជម្នះក្នុងលទ្ធផល 8-7។
វាបានក្លាយជាពេលវេលាដ៏ផ្អែមល្ហែមសម្រាប់គ្រូបង្វឹករបស់ Derby លោក Lampard ដែលបានជួបពេលវេលាដ៏ជោគជ័យក្រោមដឹកនាំរបស់លោក Mourinho កាលពីពេលពួកគេទាំង2 ស្ថិតនៅជាមួយក្លិប Chelsea៕
ប្រភពពី៖ Sport24