បន្ទាប់ពីមានព័ត៌មានដ៏គួរឱ្យភ្ញាក់ផ្អើលមួយក្នុងបណ្តាញសង្គម Facebook ពីបញ្ហាខុសរូបថតលើសញ្ញាបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិ និងមានការទារលុយចំនួន 10ដុល្លារដើម្បីកែតម្រូវឡើងវិញនោះ អ្នកនាំពាក្យក្រសួងអប់រំបានបំភ្លឺថា ក្រសួងមិនតម្រូវឱ្យបុគ្គលិកអប់រំយកលុយពីសិស្សឡើយ។
សិស្សម្នាក់ដែលមាន Facebook ឈ្មោះ Pov Natha បានបង្ហាញសារនៅក្នុងបណ្តាញសង្គម Facebook របស់ខ្លួនដែលក្នុងន័យដើមទាំងស្រុងថា៖
«តើនេះជាកំហុសរបស់អ្នកណា កំហុសរបស់សាលា ឬកំហុសរបស់ក្រសួងឱ្យប្រាកដ វិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិរបស់ខ្ញុំ ហេតុអីបានជាមានរូបអ្នកផ្សេងទៅវិញ ហេតុអីបានទៅជាបែបនេះ ដឹងទេថា ពួកខ្ញុំត្រូវការវាសំខាន់ប៉ុនណាដើម្បីយកទៅដាក់ពាក្យធ្វើការដើម្បីរកលុយ ហេតុអី?? មិនតែប៉ុណ្ណឹងនៅតម្រូវឱ្យពួកខ្ញុំបង់លុយ 10$ សម្រាប់ដោះស្រាយរូបដែលធ្វើខុស តើនេះជាកំហុសរបស់ពួកខ្ញុំមែន បានឱ្យពួកខ្ញុំបង់លុយទៅវិញ ក្រែងនេះគឺជាការគ្រប់គ្រងរបស់ក្រសួងហើយក៏ជាការទទួលខុសត្រូវរបស់ក្រសួងតើអី ??? ម៉េចក៏បែបនេះ ហៅទៅថត ខ្ញុំទៅហើយ ហៅទៅស៊ីញ៉េ ខ្ញុំក៏ទៅ ហៅទៅពិនិត្យ ខ្ញុំក៏ទៅហើយ បានច្បាស់លាស់អស់ហើយ ហេតុអីក៏នៅតែខុស? គួរណាស់អ្នកណាធ្វើ គួរតែទទួលខុសត្រូវចំពោះរឿងមួយនេះ ហើយមិនមែនខុសតែខ្ញុំទេ សាលាខ្ញុំខុស 14នាក់ សាលានៅណន្លង់ខុសជាង 300នាក់ នេះខ្ញុំដឹងខុសតែប៉ុណ្ណឹង ចុះនៅសាលាផ្សេងទៀតនោះ ខុសប៉ុន្មានទៅ? គួរគិតមើល 10$ណា៎ មិនមែន1000រៀលទេ 10$គុណ 1000 ដងទៅ តើប៉ុន្មានលុយ?»។
ឆ្លើយតបនឹងបញ្ហានេះ ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ក្រសួងកំពុងតែពិនិត្យលើករណីនេះថា តើវាជារឿងពិតឬទេ? តែជាគោលការណ៍រួមក្រសួងមិនតម្រូវឱ្យបុគ្គលិកអប់រំយកប្រាក់ពីសិស្សក្នុងការដក ឬកែសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិបណ្តោះអាសន្ននោះទេ។
ឆ្លើយតបនឹងសំណួរថា តើសិស្សគួរធ្វើយ៉ាងណាប្រសិនបើគាត់ជួបករណីបុគ្គលិកអប់រំទារប្រាក់ពីគាត់ក្នុងការដកឬ កែសញ្ញាបត្រ?
ឯកឧត្តម រស់ សុវាចា មានប្រសាសន៍ថា៖ «ក្រសួងស្វាគមន៍ចំពោះសិស្សានុសិស្សទាំងអស់ក្នុងការដាក់ឯកសារមកកាន់នាយកដ្ឋានរដ្ឋបាលនៃក្រសួងអប់រំ ដោយបំពេញទម្រង់ និងភ្ជាប់ជាមួយឯកសារភ័ស្តុតាងឱ្យបានច្បាស់លាស់ ដើម្បីក្រសួងពិនិត្យ និងដោះស្រាយ»។
ឯកឧត្តម បានលើកឡើងផងដែរថា ចំពោះបុគ្គលិកអប់រំណាដែលត្រូវបានរកឃើញថា បានទារប្រាក់ពីសិស្សនោះ ក្រសួងមានច្បាប់សម្រាប់អនុវត្តចំពោះគាត់ ហើយក្រសួងនឹងយករឿងទាំងអស់នោះមកប្រជុំពិភាក្សា ដើម្បីដាក់ពិន័យទៅតាមស្ថានភាពជាក់ស្តែង៕