លោក ម៉ៃ វឌ្ឍនា មានរហស្សនាមថា កវីជនបទ បានបង្ហាញចំណាប់អារម្មណ៍លើបទចម្រៀងសម័យបច្ចុប្បន្ន និងសម័យមុន ជាពិសេសចំពោះបទមរតកដើម ដោយលោកបានវែកញែកថា យើងត្រូវគិតបែបធម្មជាតិថា មនុស្សដែលគ្មានព្រលឹង គឺស្លាប់ ហើយអ្នកដែលធ្វើទាំងនោះសុទ្ធតែមានសមត្ថភាពទើបអាចធ្វើបាន ប៉ុន្តែគ្រាន់តែអត្ថន័យក្នុងបទចម្រៀងវាគ្មានវិញ្ញាណ មិនមានធាតុផ្សំច្រើន ដែលជាខ្លឹមសារក្នុងទំនុកច្រៀង (ប៉ារ៉ូល) ដោយប៉ារ៉ូលមិនភ្ជាប់មកជាមួយលក្ខខណ្ឌបែបអក្សរសាស្ត្រ និងអក្សរសិល្ប៍ខ្មែរ និងបើនិយាយពីអក្សរសិល្ប៍វិញ គឺមានទាំងរូបារម្មណ៍ និងអត្ថរស។ ហើយខ្ញុំមិនដឹងថា អ្នកសរសេរបច្ចុប្បន្ន យល់ពីអក្សរសិល្ប៍ប៉ុន្មាននាក់ ខ្ញុំមិនដឹងទេណា។
លោកបន្ដថា គ្រាន់តែសរសេរប៉ារ៉ូលបទចម្រៀងមិនត្រូវជ្រុង និងមិនពីរោះទៅហើយ ទម្រាំតែច្រៀងទៀត ម៉េចនឹងពីរោះ?។ បទចម្រៀងដែលពីរោះ គឺមានវិញ្ញាណ និងព្រលឹង។ ចំណុចទី2 «ភ្លេង» អ្នកនិពន្ធភ្លេង គឺត្រូវចេះរក ចេះចាប់ តុងឱ្យស៊ីគ្នានឹងប៉ារ៉ូលដែលសរសេរចេញមក។ ទី3 អ្នកចម្រៀងមនោសញ្ចេតនានេះ គឺដាច់ខាត ត្រូវមានលក្ខណសម្បត្តិធំដាច់គេ ទឹកដមសំឡេង ព្រោះគាត់ជាអ្នកធ្វើបទបង្ហាញ បើគាត់ច្រៀងអត់ត្រូវណោតភ្លេង គឺមិនអាចទៅរួចនោះទេ។ គឺ រឿងទាំងបីនេះហើយ ដែលធ្វើឱ្យបទចម្រៀង មានព្រលឹងឡើង ហើយរាប់សិបឆ្នាំទៅមុខក៏មិនចេះរលត់ដែរ។
លោកបន្ថែមថា ប៉ារ៉ូលជារឿងសំខាន់ណាស់ ដែលធ្វើឱ្យកើតឡើងនូវវិញ្ញាណ ត្រឹមតែប៉ារ៉ូលសរសេរឡើងត្រឹមតែស្នេហា ដើមទ្រូង គេក្បត់យើង យើងក្បត់គេ ឱ្យរីកចម្រើនទៅណា? សម្រាប់ខ្ញុំមិនអាចសរសេរអ៊ីចឹងកើតនោះទេ ទោះបីជាឱ្យខ្ញុំមួយបទ 2ពាន់ដុល្លារក៏មិនអាចដែរ មិនមែនមិនចេះធ្វើនោះទេ តែវាអៀនដៃ ខ្មាសគេណាស់ រៀនសូត្រថ្នាក់ធំៗអស់ហើយ សរសេរប៉ារ៉ូល ក៏ដូចជាបទបង្ហាញមិនឱ្យគេស្តាប់ចូលត្រចៀកផងហ្នឹង។
លោកបានសង្កត់ធ្ងន់ថា បទសម័យនេះ ប្រហែលភាគច្រើនមិនកើតចេញពីស្នាដៃអ្នកនិពន្ធនោះទេ ព្រោះអ្នកនិពន្ធពិតប្រាកដ គេអត់សរសេរទេ អាអីអ៊ីចឹងៗ ទោះឱ្យថ្លៃគេប៉ុនណា ក៏គេមិនយកដែរ គេខ្មាសអៀន គេខ្លាចខូចស្នាដៃគេណាស់ ។ លោកថា ឱ្យតែអ្នកសរសេរតាមអំពើចិត្ត វាមិនមែនជាអ្នកចេះដឹងនោះទេ ហើយសួរថា ហេតុអ្វីបទសម័យថ្មីនេះឆាប់ស្លាប់ម្ល៉េះ? មកពីបទចម្រៀងនោះ អត់មានព្រលឹងវិញ្ញាណ ។
គួរបញ្ជាក់ផងដែរថា កវីជនបទរូបនេះ បានតាំងជំហរនិពន្ធបទថ្មី ដែលបង្កប់អត្ថន័យ និងរំលេចមនោសញ្ចេតនាស្រុក ស្រែចាប់ផ្ដើមពីឆ្នាំ 2004 -2005 មកម្ល៉េះ តែដោយសារថា គ្មានលទ្ធភាពទើបចេះតែបន្លាយពេលរហូតមកដល់បច្ចុប្បន្ននេះ ហើយក៏បានសន្សំកូនចិត្តមួយថា ថ្ងៃណានឹងធ្វើវា ថ្ងៃណាមួយនឹងបង្ហាញស្នាដែនេះទៅកាន់មហាជនខ្មែរយើង ឱ្យបានទស្សនា និងស្ដាប់កម្សាន្ដអារម្មណ៍។ លោកថា ឧបសគ្គដែលធ្វើឱ្យលោកមិនអាចបានបង្ហាញស្នាដៃបាននៅពេលនេះបាន គឺដោយសារខ្វះលទ្ធភាព ជាពិសេសគឺថវិកា។ លោកថា លោកប្រឹងប្រែងធ្វើការសន្សំថវិកាមួយចំនួន ដើម្បីជម្នះភាពលំបាកលំបិននេះ ក៏ព្រោះតែចង់ឃើញសិល្បៈចម្រៀងងើបឡើងវិញ កុំឱ្យដាំក្បាលចុះក្រោម។
សូមទស្សនាស្នាដៃកវីនិពន្ធជនបទ ម៉ៃ វឌ្ឍនា ខាងក្រោមនេះ៖