ខ្សែបម្រើអន្តរជាតិក្រូអាស៊ី Luka Modric របស់ក្លិប Real Madrid បានជាប់ជាកីឡាករឆ្នើមបំផុតប្រចាំឆ្នាំរបស់ FIFA សម្រាប់ឆ្នាំ2018 ស្របពេលដែលខ្សែប្រយុទ្ធអន្តរជាតិប្រេស៊ីល Marta របស់ក្លិប Orlando Pride បានជាប់ជាកីឡាការិនីឆ្នើមប្រចាំឆ្នាំ ក្នុងកម្មវិធីប្រគល់រង្វាន់មួយកាលពីថ្ងៃចន្ទ។
Modric បានឈ្នះពានក្របខ័ណ្ឌ Champions League ជាមួយនឹងក្លិប Real ហើយបន្ទាប់មកបានលេងក្នុងតួនាទីដ៏សំខាន់មួយក្នុងពេលក្រុមជម្រើសជាតិក្រូអាស៊ីឈានទៅប្រកួត World Cup វគ្គផ្តាច់ព្រ័ត្រ មុននឹងចាញ់ក្រុមជម្រើសជាតិបារាំង។ Modric វ័យ 33ឆ្នាំ បានឱ្យដឹងថា៖ «ពានរង្វាន់នេះមិនមែនជារបស់ខ្ញុំតែម្នាក់ឡើយ។ វាគឺជាពានរបស់មិត្តរួមក្រុមខ្ញុំនៅក្លិប Real Madrid និងក្រុមក្រូអាស៊ី។ បើគ្មានគ្រូបង្វឹករបស់ខ្ញុំទេ ខ្ញុំមិនបានឈ្នះពានរង្វាន់នេះឡើយ ហើយបើគ្មានក្រុមគ្រួសាររបស់ខ្ញុំទេ ខ្ញុំមិនក្លាយជាកីឡាករដូចថ្ងៃនេះឡើយ»។ វាជាលើកទី1ហើយ បើគិតចាប់តាំងពីខ្សែប្រយុទ្ធអន្តរជាតិប្រេស៊ីល Kaka បានឈ្នះពាននេះកាលពីឆ្នាំ2007 ដែលពានរង្វាន់ផ្នែកបុរស មិនត្រូវបានឈ្នះដោយខ្សែប្រយុទ្ធ Cristiano Ronaldo ឬ Lionel Messi របស់ក្លិប Barcelona ខណៈដែលកីឡាករទាំង2 មិនបានចូលរួមក្នុងកម្មវិធីប្រគល់រង្វាន់នៅ Royal Festival Hall ក្នុងទីក្រុងឡុងដ៍ឡើយ។ Modric បានផ្តួល Ronaldo និងខ្សែប្រយុទ្ធអន្តរជាតិអេហ្ស៊ីប Mohamed Salah របស់ក្លិប Liverpool ដើម្បីឈ្នះពានរង្វាន់កិត្តិយសនេះ។
ជ័យជម្នះរបស់ Modricមានន័យថា Ronaldo នៅតែស្មើជាមួយនឹង Messi ក្រោយពីបានឈ្នះពានកីឡាករឆ្នើមបំផុតប្រចាំឆ្នាំរបស់ FIFA 5លើកដូចគ្នា។ Modric បានស៊ុតបាល់បញ្ចូលទី 2គ្រាប់ ហើយក៏បានរកគ្រាប់បាល់ប៉េណាល់ទីឈ្នះលើក្រុមជម្រើសជាតិដាណឺម៉ាក និងរុស្ស៊ី ផងដែរ ប៉ុន្តែ សមត្ថភាពលេងដ៏អស្ចារ្យរបស់គេបានបង្កើតឱ្យមានការចាប់អារម្មណ៍ផ្សេងៗ និងជួយឱ្យរូបគេឈ្នះបាល់មាសសម្រាប់ការជាប់ជាកីឡាករដ៏ឆ្នើមបំផុតក្នុង World Cup៕
ប្រភពពី៖ Channel News Asia