តាមរយៈទំព័រហ្វេសប៊ុក ចៅ ព្រាហ្មណ៍ បានបង្ហោះសកម្មភាពវិរៈសិល្បៈចាប៉ីដងវែង លោកតាប្រាជ្ញ ឈួន និងលោកគ្រូ អ៊ិន សារុន បានឱ្យដឹងថា វិរៈសិល្បៈករជើងចាស់ផ្នែកខាងចាប៉ីដងវែងទាំងពីររូបបានជួបគ្នាសួរសុខទុក្ខគ្នា ពិតជាគួរឱ្យគោរពនិងស្រឡាញ់ខ្លាំងណាស់។
លោកតាទាំងពីរមានវ័យចាស់ជរាណាស់ទៅហើយ កម្លាំងក៏ថមថយចុះជាលំដាប់ រោគក៏កាន់តែមកបៀតបៀនយាយី។ ជួបគ្នាបានតែឆ្លើយឆ្លងសម្ដី តែមិនអាចមើលឃើញគ្នាបាន។ ថ្វីត្បិតនេត្រារបស់លោកតាទាំងពីរមិនអាចមើលគ្នាបានមែន តែចិត្តរបស់លោកតាទាំងពីរមើលឃើញគ្នាច្បាស់ណាស់ ព្រោះលោកតាស្គាល់រស់ជាតិនៃជីវិតជាអ្នកចាប៉ីដងវែង។
មួយជីវិតរបស់លោកតាទៅហើយ។ លោកតាខំប្រឹងទាំងកម្លាំងកាយចិត្ត ដើរច្រៀងចាប៉ីជូនចាស់ក្មេងស្ដាប់ មិនខ្លាយនឿយហត់។ មិនត្រឹមតែច្រៀងនោះទេ គឺចិត្តលោកតាទាំងពីរមិនចង់ឱ្យឧបករណ៍ដ៏កំសត់មួយនេះបាត់បង់ទៅ។ លោកតាពិតជាមានចំណេះដឹងខាងឧបករណ៍ចាប៉ីនេះយ៉ាងស្ទាត់ជំនាញ ដែលក្មេងជំនាន់ក្រោយមិនអាចធ្វើដូចបាន ជាពិសេសគឺការដេញចង្វាក់បទ ច្រៀងពិរោះរណ្ដំ កំណាព្យកាព្យឃ្លោង ចុងចួន ផ្ទួនរណ្ដំ គឺលោកតាអាចធ្វើទាំងអស់ ចៅសូមកោតសរសើរអស់ពីដួងចិត្ត។
តែឥឡូវលោកតាមានវ័យចាស់ជរាណាស់ទៅហើយ ដល់ពេលដែលលោកតាត្រូវសម្រាកហើយ។ ហើយលោកតាមិនចាំបាច់បារម្ភទេ ចៅៗជំនាន់ក្រោយនឹងខំប្រឹងថែរក្សាឧបករណ៍កំសត់មួយនេះឱ្យបានគង់វង្ស មិនឱ្យលោកតាព្រួយបារម្ភទៀតឡើយ។ ថ្វីតែឧបករណ៍កំសត់មួយនេះមិនសូវមានអ្នកគាំទ្រក៏ពិតមែន តែចៅៗនៅតែស្រឡាញ់នឹងគាំទ្រជានិច្ច ទាំងនេះគឺជាពាក្យពិតដែលចេញពីចិត្តចៅ។
ជាចុងក្រោយចៅៗសូមជូនពរលោកតាអោយមានសុខភាពល្អ រស់នៅជាសុខ កុំបីមានរោគមកបៀតបៀនបានឡើយ។