អតីតសមាជិកក្រុមចម្រៀង 2NE1 នាង Sandara Park បានពន្យល់បកស្រាយយ៉ាងច្បាស់លាស់ថា ហេតុអ្វីបានជានាងលំបាកក្នុងការស្វែងរកមិត្តប្រុសសម្រាប់ខ្លួននាងផ្ទាល់ បន្ទាប់ពីនាងបានត្រឡប់មករស់នៅប្រទេសកូរ៉េខាងត្បូងវិញនោះ។
ក្នុងអំឡុងពេលផ្ដល់បទសម្ភាសនៅក្នុងប្រទេសហ្វីលីពីន នាងត្រូវបានគេចោទសួរអំពីរឿងស្នេហានៅក្នុងជីវិតដែលចេះតែរសាត់ទៅមុខ ប្រសិនបើនាងមិនប្រញាប់ប្រញាល់ចាប់យកឱកាសក្នុងការណាត់ជួបទំនាក់ទំនងគូស្នេហ៍ទេនោះ។
តារាស្រីរូបនេះ បានពន្យល់ថា ការស្វែងរកមិត្តប្រុសវាជារឿងពិបាកមួយសម្រាប់នាង។ នាងបន្ដថា នាងខ្វះទំនុកចិត្តនៅពេលដែលរឿងមួយនេះបានចូលមកក្នុងជីវិតនាង ហើយនឹងពិបាកសម្រេចចិត្តក្នុងការឱ្យមនុស្សណាម្នាក់ដែលមានគំនិតដូចនាងដើរចូលមកក្នុងបេះដូងណាស់។
តារាវ័យ ៣២ឆ្នាំរូបនេះ បានបន្ដទៀតថា បន្ទាប់ពីបានចូលច្រៀង និងចុះកុងត្រាជាមួយផលិតកម្ម YG Entertainment ដូចសមាជិកដ៏ទៃទៀតនៅក្នុងអតីតក្រុមអ្នកចម្រៀងស្រី 2NE1 ហើយនោះ នាងមិនត្រូវបានអនុញ្ញាតឱ្យមានទំនាក់ទំនងស្នេហារយៈពេល ៣ឆ្នាំ ហើយហេតុផលមួយទៀតគឺ ដោយសារតែភាពមិនអំណោយផលនៃពេលវេលាការងាររបស់នាង នាងពិតជាពិបាករកពេលវេលាទំនេរក្នុងការណាត់ជួបជាមួយគូស្នេហ៍ណាស់ ។ នាងបន្ដថា ជារឿងល្អ មានតែមានទំនាក់ទំនងជាមួយមនុស្សក្នុងក្រុមការងារតែម្ដងទើបងាយស្រួល ។
ជាចុងក្រោយ នាងបានបញ្ជាក់ថា ចិត្តរបស់នាងគឺផ្ដោតទៅលើភាពជោគជ័យរបស់ការងារ ខ្លាំងជាងរឿងស្នេហារបស់នាងនៅក្នុងជីវិតទៅទៀត ហើយបញ្ហាមួយនេះវាមិនបានធ្វើឱ្យលំបាកដល់ Sandara ឡើយ៕