ភ្នំពេញៈ ក្រោយថ្ងៃបុណ្យចូលឆ្នាំខ្មែរប៉ុន្មានថ្ងៃ ទើបគេឃើញតារាចម្រៀងប្រុសល្បីបែបយុវវ័យជ្រកទ្រនំផលិតកម្មថោនលោក កែវ វាសនា អញ្ជើញភ្ញៀវប្រមាណ ២០តុ ដែលភាគច្រើនគឺជាក្រុមអ្នកសិល្បៈចូលរួមពិធីឡើងគេហដ្ឋានថ្មី ដែលមានតម្លៃជាង ១០ ម៉ឺនដុល្លារ ស្ថិតនៅឯបុរីប៉េងហួតបឹងស្នោ ក្បែរស្ថានីយទូរទស្សន៍បាយ័ន ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញនេះឯង។
ពិធីជប់លៀងឡើងផ្ទះរបស់តារាចម្រៀងប្រុស មានអាជីពច្រៀងដំបូងជ្រកនៅលើទ្រនំសាន់ដេ កែវ វាសនា ដែលបច្ចុប្បន្ននៅទ្រនំថ្មីផលិតកម្មថោន គឺប្រហែលប៉ុនទៅនឹងពិធីមង្គលការសម្រាប់អ្នកមានជីវភាពមធ្យមមួយទៅហើយ ខណៈគេឃើញវត្តមានសុទ្ធតែជាក្រុមតារាចម្រៀង សម្តែងប្រុសស្រីជាច្រើនពិសេសសម្បូរក្រុមតារាចម្រៀងមកពីផលិតកម្មថោនតែម្តង ដោយគេឃើញវត្តមានកញ្ញា មាស សុខសោភា លោក ករុណា ពេជ្រ លោក សុគន្ធថេរ៉ាយុ លោក ម៉ៅ ហាជី តារាសម្តែងស្រីកញ្ញា នី មុនីនាថ និងក្រុមតារាចម្រៀងនានាទៀតមកពីផលិតកម្មសាន់ដេ រួមមានដូចជាកញ្ញា អ៊ីវ៉ា និងលោក ខាន់ ជេមស៍ ជាដើម។
តែតារាចម្រៀងប្រុសមកពីខេត្តកំពង់ឆ្នាំង និងមានភរិយា ជាអ្នកជំនួញទំនងជាកូនចៅកាត់ជាប់សែស្រឡាយចិនហើយដែលមានរូបឆោមល្អ សាច់សខ្ចី ភ្នែកលិបៗ ជាថៅកែស្រីលក់ផលិតផលថែរក្សាសម្រស់មកពីខេត្តបន្ទាយមានជ័យ ដែលទើបបង្កើតបានកូនប្រុសមួយជាចំណងស្នេហ៍នោះ បានឲ្យដឹងថា៖ «មិនធំដុំទេបង! នេះគ្រាន់ជាការរៀបចំតូចតាចប៉ុណ្ណោះ គឺបានអញ្ជើញភ្ញៀវជាអ្នកសិល្បៈភាគដើម្បីចូលរួមមានចំនួនសរុប ២០ តុ ហើយមានមុខម្ហូបទទួលចំនួន ៨ មុខ»។
លោក កែវ វាសនា ដែលកាលពីប៉ុន្មានខែមុននេះ ត្រូវព្រនង់ពាក្យរិះគន់យ៉ាងដំណំពីមតិមហាជន និងបណ្តាអ្នកលេងហ្វេសប៊ុក និងត្រូវក្រសួងព័ត៌មាន ចេញសេចក្តីប្រកាសហាមចាក់ផ្សាយ តាមប៉ុស្តិ៍ទូរទស្សន៍ និងវិទ្យុនានាចំពោះបទចម្រៀងថ្មីពីរ ដែលមានចំណងជើងប្រើប្រាស់នូវពាក្យពេចន៍ មិនសមរម្យគឺបទ «ស៊ីបានចេះតែស៊ីទៅ» និងបទ «ទាល់តែយូរទើបស៊ីអូនបាន» តែយ៉ាងណាតារាចម្រៀងរូបនេះក៏មានទីផ្សារលើវិថីសិល្បៈមិនដាច់ឡើយទាំងនៅទ្រនំផលិតកម្មថោន និងសម្តែងសិល្បៈរាយរង។
យ៉ាងណាមហាជននៅតែងឿងឆ្ងល់ថា ប្រសិនបើគ្រាន់តែជាតារាចម្រៀងប្រុសមួយរូបមិនសូវល្បីខ្លាំងផងនោះ តើលទ្ធភាពរកប្រាក់ទិញផ្ទះជាង ១០ ម៉ឺន ដុល្លារ ហើយប្រើសម្ភារៈទំនើបៗទៀតបានតាមវិធីណា? លោក កែវ វាសនា ធ្លាប់ប្រាប់ថា៖ «ដោយសារផ្ទះចាស់យើងមានគ្នាច្រើន ហើយក៏ចង់មានផ្ទះផ្ទាល់ខ្លួន សម្រាប់ការរស់នៅជាក្រុមគ្រួសារ និងកូនប្រុសដំបូងឈ្មោះ ហ្វីគូ ដែលទើបតែសម្រាលបានប៉ុន្មានខែ និងជាប្រាក់បានមកពីការសន្សំរវាងយើងទាំងពីរនាក់»៕