កម្មវិធីប្រកបដោយភាពច្នៃប្រឌិតដើម្បីលើកកម្ពស់ជីវភាពរបស់កសិករតាមរយៈការប្រើកម្មវិធីប្លុកឆេន (blockchain)បានចាប់ផ្តើមជាផ្លូវការនូវបច្ចេកវិទ្យាក្នុងវិស័យកសិកម្ម ដែលត្រូវបានគេហៅថា “ប្លុករ៉ាយស‟ (blockrice) កំពុងចាប់ផ្តើមបទពិសោធជាលើកដំបូងដោយផ្តោតលើកសិករនៅក្នុងខេត្តព្រះវិហារ ដែលកម្មវិធីនេះជាការសហការគ្នារវាងអង្គការអុកស្វាមកម្ពុជា និងក្រុមហ៊ុនក្នុងស្រុកអាមរូរ៉ាយស៍ (Amru Rice)។
លោកឧកញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុន Amru Rice ជាក្រុមហ៊ុនមួយដែលបានចូលរួមនៅក្នុងកម្មវិធីនេះបានប្រាប់កាសែតឡារ៉ែនពាណិជ្ជថា វាគឺជាការពិសោធជាលើកដំបូង ព្រោះប្លុកឆេនហ្នឹងគេច្រើនធ្វើទៅលើការចិញ្ចឹមត្រី ដំណាំកាហ្វេនៅប្រទេសវៀតណាម និងអាហ្វ្រិកជាដើម គ្រាន់តែថានៅស្រុកយើងៗធ្វើនៅលើដំណាំស្រូវ មានន័យថា គោលគំនិតនេះមិនមែនថ្មីទេនៅលើពិភពលោក តែសម្រាប់យើង blockchain នេះថ្មី យើងបានធ្វើទៅលើស្រូវអង្ករដែលជាវិស័យលេចធ្លោជាងគេ (យើងគួរតែធ្វើទៅលើដំណាំដទៃទៀតផងដែរ)។
លោកឧកញ៉ាបានលើកឡើងថា ជាគោលគំនិតគេចង់កសាងគម្រោង3 ដែលគម្រោងទី1 គឺប្រព័ន្ធតាមដានការដាំដុះ ទី2 បង្កើនតម្លាភាពក្នុងខ្សែចង្វាក់ផ្គត់ផ្គង់ និងទី3 បង្កើនកម្រិតជីវភាពរស់នៅរបស់កសិករ។ លោកមានប្រសាសន៍ថា “លោកសង្ឃឹមថាកម្មវិធីសាកល្បងនេះនឹងទទួលបានជោគជ័យ ហើយពួកគេនឹងអាចពង្រីកវាទៅកាន់សហករណ៍ថ្មីៗបន្ថែមទៀតក្នុងការធ្វើវឌ្ឍនភាពនាពេលអនាគត ហើយគោលបំណងរបស់យើងគឺបង្កើនទីផ្សារជូនកសិករខ្មែរ‟។
លោក កាន់ គន្ធី អគ្គនាយករងគ្រប់គ្រងក្រុមហ៊ុន Amru Rice បានប្រាប់ឡារ៉ែនពាណិជ្ជថា កម្មវិធីនេះនឹងត្រូវអនុវត្តជាមួយនឹងសហគមន៍កសិករអង្ករសរីរាង្គនៅខេត្តព្រះវិហារដល់ខែមីនា ឆ្នាំ2019។ សហគមន៍នេះនឹងត្រូវបានផ្សារភ្ជាប់ទៅនឹងការប្រើប្រាស់បច្ចេកវិទ្យាblockchain និងកិច្ចសន្យាប្រកបដោយភាពឆ្លាតវៃ ជាមួយគ្រប់ភ្នាក់ងារដែលជាប់ពាក់ព័ន្ធក្នុងខ្សែចង្វាក់ផ្គត់ផ្គង់រួមទាំងក្រុមហ៊ុន Sano Rice ដែលជាក្រុមហ៊ុនផលិតនំស្រូវរបស់ប្រទេសហូឡង់ដែលនឹងប្រើអង្កររបស់សហគមន៍នេះធ្វើជាវត្ថុធាតុដើមសម្រាប់ផលិតផលិតផលរបស់ពួកគេផងដែរ។
លោកអគ្គនាយករងបានបន្ថែមថា អ្នកចូលរួមទាំងអស់មកពីសហគមន៍កសិកម្ម និងក្រុមហ៊ុន Sano Rice នឹងមានកុងត្រាឌីជីថលរួមគ្នា។ លោកបានពន្យល់ថា ក្នុងអំឡុងពេលដំណើរការចាប់ពីការដាំដុះរហូតដល់ការផលិតជាអង្ករ អ្នកចូលរួមខ្សែចង្វាក់ផលិតកម្មនេះនឹងចែករំលែកព័ត៌មានជាមួយគ្នាតាមរយៈប្រព័ន្ធទិន្នន័យដែលបានចែករំលែកដោយប្រើ blockchainជាបច្ចេកវិទ្យាដែលអាចឱ្យយើងប្រើ blockrice បាន។ ទិន្នន័យទិន្នផលដោយកម្មវិធីនេះនឹងត្រូវធ្វើការវិភាគដើម្បីស្វែងរកមធ្យោបាយពង្រឹងសហគមន៍កសិកម្មក្នុងស្រុក។
លោក គន្ធី បានមានប្រសាសន៍ទៀតថា៖ “បច្ចេកវិទ្យា blockchain ដែលត្រូវបានប្រើប្រាស់នេះអាចជួយកាត់បន្ថយថ្លៃដើម ដែលកាលពីមុនមានអ្នកលក់ អ្នកទិញ ឈ្មួញកណ្តាល និងទីផ្សារច្រើនដំណាក់ធ្វើឱ្យមានតម្លៃថ្លៃ តែការប្រើ blockchain វាបានកាត់បន្ថយច្រើន‟។ បច្ចុប្បន្នការប្រើ blockchain ដែលជាបច្ចេកវិទ្យាថ្មីនេះទើបបានប្រើប្រាស់នៅក្នុងសហគមន៍កសិកម្មតែមួយប៉ុណ្ណោះ (មានកសិករប្រមាណ 50នាក់) និងទៅលើផលិតផលតែមួយ គឺស្រូវតែវាអាចធ្វើជាមួយផលិតផលដទៃទៀតបាន‟។
លោកបានបន្ថែមថា ទិន្នន័យនេះក៏អាចត្រូវបានប្រើ និងគ្រប់គ្រងដោយអង្គការក្រៅរដ្ឋាភិបាលអុក-ស្វាមដែលធ្លាប់បានធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រជាជនដោយគាំទ្រតម្លៃសមរម្យ និងស្តង់ដារជីវភាពសម្រាប់ប្រជាជននៅទូទាំងខ្សែចង្វាក់ផលិតកម្ម និងការផ្គត់ផ្គង់ ពីព្រោះយើងក៏បានដឹងដែរថា អុកស្វាមគាត់បានចុះជាប់ជាមួយកសិករ គាត់ស្គាល់ពីបញ្ហា និងតម្រូវការបែបណាដែលអាចឱ្យយើងជឿជាក់បានក្នុងការធ្វើបច្ចេកវិទ្យានេះក្នុងកម្រិតណា។
ទោះយ៉ាងណាក៏ដោយប្រសិនបើទទួលបានជោគជ័យ វាអាចត្រូវបានពង្រីកដើម្បីរួមបញ្ចូលសហគមន៍ទាំងអស់ដែលកំពុងធ្វើការជាមួយ Amru Rice ដែលមានសហគមន៍កសិកម្មរហូតដល់ 27 កន្លែងនៅក្នុងខេត្តព្រះវិហារតែមួយ។
ឯកឧត្តម ហ៊ាន វណ្ណហន អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មបានប្រាប់ឡារ៉ែនពាណិជ្ជថា៖ លោកមិនទាន់បានទទួលព័ត៌មានស្តីអំពី blockchain ច្បាស់លាស់ទេ ព្រោះជាកិច្ចព្រមព្រៀងរបស់អុកស្វាម និងក្រុមហ៊ុន Amru Rice។ លោកមានប្រសាសន៍ថា “យើងមានមន្ទីរកសិកម្មខេត្តព្រះវិហារជាអ្នកសម្របសម្រួលការងារនេះ តែចំពោះការផ្តល់មតិលើ blockchain នេះ ខ្ញុំមិនអាចបញ្ជាក់ជូនបានទេ ពីព្រោះខ្ញុំមិនទាន់សិក្សាបានច្បាស់លាស់ ឬយល់មិនបានច្បាស់អំពីបច្ចេកវិទ្យា blockchain តែសង្ឃឹមថាការប្រើបច្ចេកវិទ្យាដែលស្រដៀងគ្នាទៅនឹងការចុះពាណិជ្ជសញ្ញា ឬជាការបំពេញឱ្យកិច្ចការបែប QR កូដសម្រាប់ផលិតផលកសិកម្មរបស់កម្ពុជាជាការល្អ តែសូមឱ្យមានភាពស្មោះត្រង់រវាងភាគីទាំងអស់ បានន័យថា ប្រសិនបើយើងធ្វើអង្ករក្រអូប ផលិតផលយើងត្រូវចេញមកជាអង្ករក្រអូប កុំឱ្យមានការបន្លំជាអង្ករផលិតផលផ្សេងទៅវិញនោះ‟៕