កម្មវិធីប្រកួតចម្រៀងដណ្តើមពានកម្មវិធី “The Melody” បានឈានមកដល់ថ្ងៃផ្តាច់ព្រ័ត្រ ហើយនៅក្នុងនោះបេក្ខភាពម្នាក់ដែលមានភាពលេចធ្លោជាងគេគឺ បេក្ខជន មាស មុន្នីរាជ បានបង្ហើបឱ្យដឹងថា នៅថ្ងៃកម្មវិធីវគ្គផ្តាច់ព្រ័ត្រ នៅថ្ងៃសៅរិ៍ខាងមុខនេះ លោកបានត្រៀមបទចម្រៀងមួយដែលបញ្ចូលសិល្បៈបុរាណ មកបង្ហាញមហាជន និងគណៈកម្មការ។
លោក មាស មុនី្នរាជ មកពីក្រុម Country Style បានប្រាប់ឱ្យដឹងថា នៅថ្ងៃទី22 ខែកញ្ញា ខាងមុខនេះ កម្មវិធី “The Melody” នឹងឈានទៅដល់វគ្គផ្តាច់ព្រ័ត្រ ដោយតម្រូវឲបេក្ខជនទាំងអស់ បញ្ចេញសមត្ថភាពប្រកួតប្រជែងដណ្តើមពាន ដូច្នេះហើយទើបលោកបានត្រៀមបទថ្មីមួយដែលរំលេចនូវការសម្តែងពិសេសៗ។
លោកបានបញ្ជាក់ថា នៅថ្ងៃប្រឡងផ្តាច់ព្រ័ត្រ លោកមានអារម្មណ៍ថារំភើបផង ភ័យផង និងតាំងចិត្តថានឹងប្រឹងអោយអស់លទ្ធភាព ដើម្បីទទួលបានជោគជ័យក្នុងកម្មវិធី។ ព្រោះថានៅសល់គ្នា៣នាក់ ហើយក៏រង់ចាំមើលដូចគ្នាថាខ្ញុំឬបេក្ខជន2នាក់ទៀត ទទួលបានជោគជ័យកាន់ពានលេខ1 សម្រាប់រដូវការទី1នេះ៕