ធនាគារកាណាឌីយ៉ា ភីអិលស៊ី បានប្រកាសចាប់ផ្តើមកម្មវិធីកម្ចីរបស់ខ្លួនដោយបានបន្ថែមទុនវិនិយោគជាទឹកប្រាក់ចំនួន 150លានដុល្លារដើម្បីផ្តល់ជាឥណទានដល់សហគ្រាសធុនតូច និងមធ្យមក្នុងស្រុកនៅកម្ពុជាដែលហៅកាត់ថា SME។
អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារកាណាឌីយ៉ាបានលើកឡើងថាការផ្តល់កញ្ចប់ឥណទានក្នុងវិស័យ SME នាពេលនេះនឹងអាចជួយសម្រួលការលំបាកក្នុងការស្វែងរកទុនពង្រីក និងបង្កើតអាជីវកម្មថ្មីៗ ស្របពេលដែលវិស័យ SME កំពុងជួបបញ្ហាកង្វះទុនក្នុងការពង្រីកអាជីវកម្ម។
អ្នកឧកញ៉ាបន្តថា ការពង្រឹងអាជីវកម្មរបស់ SME នៅក្នុងប្រទេសពិតជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា បន្ទាប់ពីការពង្រឹងធនធានមនុស្ស បច្ចេកទេស និងហេដ្ឋារចនាសម្ព័ន្ធ។ អ្នកឧកញ៉ាបានគូសបញ្ជាក់ទៀតថា តាមរយៈការបន្ថែមនូវកញ្ចប់ឥណទានសម្រាប់ SME នេះម្ចាស់សហគ្រាស និងអាជីវកម្មនឹងអាចធ្វើការស្នើសុំកម្ចីឥណទានពីធនាគារក្នុងអត្រាការប្រាក់ 7.8ក្នុង 1ឆ្នាំ។
ឯកឧត្តមកិត្ដិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្មមានប្រសាសន៍ថា កញ្ចប់ថវិកា 150លានដុល្លារនេះ គឺជារឿងល្អសម្រាប់វិស័យ SME ក្នុងប្រទេសកម្ពុជាក្នុងការទទួលបានកម្ចីដើម្បីបង្កើត និងពង្រីកអាជីវកម្ម ខណៈបច្ចុប្បន្នវិស័យ SME ក្នុងប្រទេសកម្ពុជាមានប្រមាណ90% កំពុងមានតម្រូវការផ្នែកហិរញ្ញវត្ថុ។ រដ្ឋាភិបាលកំពុងផ្តល់អាទិភាពដល់ការអភិវឌ្ឍវិស័យសហគ្រាសធុនតូច និងមធ្យម ព្រោះវាគឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច។
ឯកឧត្តមបានបន្ថែមថា៖«វានឹងក្លាយជាផ្នែកសំខាន់មួយនៃយុទ្ធសាស្ត្ររបស់យើងដើម្បីជំរុញកំណើននៅក្នុងវិស័យសហគ្រាសធុនតូច និងមធ្យម ហើយនឹងកាត់បន្ថយចំនួនបញ្ហាប្រឈមដែលវិស័យហិរញ្ញវត្ថុកំពុងប្រឈមនិងនាំមកនូវវឌ្ឍនភាពទៅកាន់ប្រទេសដែលកំពុងផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់ខ្លួនដោយផ្លាស់ប្តូរពីការពឹងផ្អែកលើវិស័យកសិកម្មដើម្បីពឹងផ្អែកលើវិស័យឧស្សាហកម្មនិងសេវាកម្ម»។
ទោះជាយ៉ាងណាលោក តែ តាំងប៉ ប្រធានសហព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជាបានមានប្រសាសន៍ថា៖«អត្រាការប្រាក់នៃកម្ចីថ្មីនេះនៅមានកម្រិតខ្ពស់នៅឡើយ អ្វីដែលខ្ញុំដឹងគឺ អត្រាការប្រាក់ 7.8%ក្នុងមួយឆ្នាំ រួមជាមួយសេវាកម្មផ្សេងៗទៀតវាអាចមានរហូតដល់9% ដូច្នេះវានៅតែខ្ពស់សម្រាប់ SME វានៅមានកម្រិតខ្ពស់ដូចអ្វីដែលផ្តល់ដោយធនាគារផ្សេងទៀតដែរ ដូច្នេះយើងសូមស្នើឱ្យកាណាឌីយ៉ាទម្លាក់វាចុះបន្តិច»។
គួរបញ្ជាក់ថា តាមស្ថិតិរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្មបានបង្ហាញថា ក្នុងចំណោមសហគ្រាសជាង 52ម៉ឺនសហគ្រាសក្នុងប្រទេសកម្ពុជា មានសហគ្រាសធុនតូច និងមធ្យមប្រមាណ99.8%ដែលបានផ្ដល់ការងារសរុបប្រមាណ70% នៃការងារក្នុងវិស័យឧស្សាហកម្មសរុប៕