ប្រទេសកូរ៉េទាំង2 បានយល់ព្រមក្នុងការដាក់សំណើមួយដើម្បីធ្វើជាសហម្ចាស់ផ្ទះព្រឹត្តិការណ៍អូឡាំពិកឆ្នាំ2032។ នេះបើយោងតាមការបញ្ជាក់របស់ពួកគេក្នុងសេចក្តីថ្លែងការណ៍រួមគ្នាមួយ កាលពីថ្ងៃពុធ ក្រោយពីកិច្ចប្រជុំកំពូលមួយរវាងមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un និងលោក Moon Jae-in ប្រធានាធិបតីកូរ៉េខាងត្បូង។
សេចក្តីថ្លែងការណ៍នេះ ក៏បានបញ្ជាក់ផងដែរថា ពួកគេបានយល់ព្រមក្នុងការ «ចូលរួមគ្នា» ក្នុងព្រឹត្តិការណ៍អន្តរជាតិនានា ក្នុងនោះរាប់បញ្ចូលទាំងព្រឹត្តិការណ៍អូឡាំពិកឆ្នាំ2020 ក្នុងទីក្រុងតូក្យូផងដែរ។ គំនិតនៃការដាក់សំណើដេញថ្លៃរួមគ្នាក្នុងការធ្វើជាម្ចាស់ផ្ទះអូឡាំពិករដូវក្តៅ ក្នុងឆ្នាំ2032នេះ ត្រូវបានបំផុសឡើងកាលពីសប្តាហ៍មុន ដោយលោក Do Jong-hwan រដ្ឋមន្ត្រីក្រសួងកីឡារបស់ទីក្រុងសេអ៊ូល។ លោក Do បានបញ្ជាក់ថា ការធ្វើជាសហម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍អូឡាំពិកមួយនេះ នឹងកសាងភាពជោគជ័យទៅលើព្រឹត្តិការណ៍អូឡាំពិករដូវរងា នៅឆ្នាំនេះ ក្នុងទីក្រុង Pyeongchang ដោយការចូលរួមរបស់កូរ៉េខាងជើង បានជួយកាត់បន្ថយភាពតានតឹងផ្សេងៗ នៅលើឧបទ្វីបមួយនេះ។
កីឡដ្ឋាន May Day របស់កូរ៉េខាងត្បូង គឺជាកីឡដ្ឋានធំជាងគេបំផុតក្នុងពិភពលោក ដោយអាចផ្ទុកអ្នកទស្សនាបានដល់ទៅ15០,០០០នាក់។ សំណើដេញថ្លៃនេះ គឺជាផ្នែកមួយនៃការធ្វើឱ្យទំនាក់ទំនងកាន់តែល្អប្រសើរជាងរវាងជាតិសាសន៍ទាំង2 ក្រោយពីស្ថិតក្នុងជម្លោះជាច្រើនទសវត្សរ៍ បន្ទាប់ពីសង្គ្រាមកូរ៉េ ក្នុងទសវត្សរ៍ឆ្នាំ1950៕
ប្រភពពី៖ Reuters