ខ្សែប្រយុទ្ធ Cristiano Ronaldo នឹងត្រូវអវត្តមានសម្រាប់ការវិលត្រឡប់ទៅកាន់កីឡដ្ឋាន Old Trafford ក្រោយពីបានរងពិន័យកាតក្រហមជាលើកទី1 ក្នុងការប្រកួតក្របខ័ណ្ឌ Champions League មុននឹងក្រុម Juventus របស់គេបានកត់ត្រាជ័យជម្នះក្នុងលទ្ធផល 2-០ នៅលើទឹកដីក្រុម Valencia កាលពីថ្ងៃពុធ។ ខ្សែប្រយុទ្ធរបស់ Juventus រូបនេះ បានដើរចេញពីទីលានទាំងទឹកភ្នែក ក្រោយពីបានរងពិន័យកាតក្រហមសម្រាប់ការប៉ះទង្គិចគ្នាដោយគ្មានបាល់ជាមួយនឹងខ្សែការពារ Jeison Murillo របស់ Valencia។
Ronaldo នឹងអវត្តមានសម្រាប់ការប្រកួតជាមួយក្រុម Young Boys នាថ្ងៃទី2 ខែតុលា ប៉ុន្តែ កំពុងតែប្រឈមមុខនឹងការអវត្តមានដល់ទៅ 3ប្រកួតនៃយុទ្ធនាការនៅឆ្នាំនេះ។ នោះមានន័យថា ខ្សែប្រយុទ្ធអន្តរជាតិព័រទុយហ្គាល់វ័យ 33ឆ្នាំរូបនេះ នឹងអវត្តមានសម្រាប់ការប្រកួតនាកីឡដ្ឋាន Old Trafford នៅថ្ងៃទី23 ខែតុលា និងការប្រកួតជើងទី2 ក្នុងទីក្រុង Turin នាថ្ងៃទី7 ខែវិច្ឆិកា។ Ronaldo ក៏អាចដាក់ពាក្យប្តឹងឧទ្ធរណ៍ប្រឆាំងនឹងផ្តល់ការពិន័យកាតក្រហមភ្លាមៗនេះផងដែរ ដែលរូបគេទទួលបាននៅនាទីទី29 នាកីឡដ្ឋាន Mestalla។ រូបគេបានប៉ះទង្គិចជាមួយនឹង Murillo មុននឹងខ្សែការពាររបស់ Valencia រូបនេះ ដួលទៅលើទីលាន ហើយ Ronaldo ហាក់បានចាប់បោចសក់របស់គេឱ្យងើបឡើង។
ខណៈដែលការរិះគន់ចំពោះការខ្វះនូវបច្ចេកវិទ្យាវីដេអូក្នុងយុទ្ធនាការនានារបស់ UEFA លោក Massimiliano Allegri គ្រូបង្វឹករបស់ក្រុម Juventus បានឱ្យដឹងថា៖ «រឿងតែមួយដែលខ្ញុំអាចនិយាយបានគឺថា វីដេអូជំនួយការអាជ្ញាកណ្តាល អាចជួយដល់អាជ្ញាកណ្តាលធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវ»។ ស្របពេលជាមួយគ្នានេះ ក្រុមខ្លាំងប្រចាំយុទ្ធនាការ Manchester City បានចាញ់ក្រោមស្នាដៃក្រុម Lyon នៅលើទឹកដីខ្លួនឯងដ៏មិននឹកស្មានដល់ ក្នុងលទ្ធផល 2-1 កាលពីថ្ងៃពុធ៕
ប្រភពពី៖ The Sun