ក្មេងតូចៗខ្លះបៅទឹកដោះហើយមិនញ៉ាំទឹក ក្មេងខ្លះញ៉ាំទឹកតែបន្តិចបន្តួច មួយថ្ងៃមិនទាំងដល់មួយកែវផង រហូតអ្នកម្តាយអាចនឹកកង្វល់ថា បើបែបហ្នឹង តើកូននឹងបានទទួលជាតិទឹកគ្រប់គ្រាន់ដែរឬទេ?
ទឹក នៅក្នុងទីនេះមានន័យអំពីវត្ថុរាវដែលរាងកាយត្រូវការ ដែលក៏រួមទាំងទឹកដោះ និងទឹកផ្លែឈើផងដែរ។ ក្នុងមួយថ្ងៃៗកូនត្រូវការវត្ថុរាវប្រមាណជា15%នៃទម្ងន់ខ្លួន ដូចជា កូនតូចមានទម្ងន់ខ្លួន10គីឡូក្រាម ដូច្នេះកូននឹងត្រូវការវត្ថុរាវ = 0 . 15 X 10 = 1 លិត្រកន្លះ ដូច្នេះស្មើនឹងក្នុង1ថ្ងៃកូនគួរបានទទួលទឹកដោះ 960មីល្លីលិត្រ ទឹកផ្លែឈើ 60-120មីល្លីលិត្រ និងទឹកបរិសុទ្ធ 60មីល្លីលិត្រ និងចំណែកដែលនៅសល់ កូននឹងបានទទួលអំពីអាហារបន្ថែមក្នុងពេលនីមួយៗទៀតផង។
ដូច្នេះបើរាប់ទឹកដោះជាចំណែកមួយរបស់ជាតិទឹកដែលរាងកាយកូនត្រូវការហើយនោះ ក៏មិនចាំបាច់ទៅបារម្ភថា កូននឹងបានទទួលជាតិទឹកមិនគ្រប់គ្រាន់នោះទេ តែមូលហេតុដែលពេលឱ្យកូនមឹមទឹកដោះហើយ គួរឱ្យកូនមឹមទឹកផងនោះ គឺជាការបង្ហាត់ឱ្យកូនចេះញ៉ាំទឹកស្អាតបរិសុទ្ធ ហើយដែលសំខាន់នោះ ជាការលាងសម្អាតកំណកទឹកដោះដែលប្រឡាក់ជាប់នៅក្នុងប្រអប់មាត់ផងដែរ។
ទឹកស្អាត…ចាប់ផ្តើមនៅពេលណាល្អ?
គួរចាប់ផ្តើមតាំងពីពេលកើតដំបូង ចូរឱ្យមឹមក្រោយពេលបៅទឹកដោះរួច ឬក្នុងអំឡុងពេលបៅទឹកដោះក៏បាន ជាពិសេសក្នុងអំឡុងពេលចាប់ផ្តើមឱ្យអាហារបន្ថែម គួរបញ្ចុកទឹកស្អាតឱ្យកូនញ៉ាំក្នុងអំឡុងពេលបញ្ចុកអាហារផង ដោយចាប់ផ្តើមឱ្យញ៉ាំប្រមាណជា 1ស្លាបព្រាកាហ្វេជាមុនសិន និងបន្ទាប់ពីញ៉ាំអាហាររួច (និងមុនឱ្យបៅទឹកដោះ) រួចហើយសឹមបង្កើនជាបណ្តើរៗឱ្យបានបរិមាណ120-180មីល្លីលិត្រក្នុងមួយថ្ងៃ។ អ្វីដែលសំខាន់នោះ គួរឱ្យកូនតូចញ៉ាំទឹកដែលដាំឆ្អិនល្អបំផុត និងគួរប្តូរ
ទឹកញឹកញាប់មុននឹងឱ្យកូនបៅ។ ទឹកដាំឆ្អិនដែលឱ្យកូនបៅគួររក្សាទុកក្នុងទូទឹកកក ព្រោះនឹងជួយបញ្ឈប់ការរីកធំធាត់របស់មេរោគបាក់តេរីបាន តែមិនគួររក្សាទុកលើសពី1-2ថ្ងៃទេ។
ទឹកផ្លែឈើ… ក៏សំខាន់ប៉ុនៗគ្នាដែរ
ទឹកផ្លែឈើជាចំណែកមួយរបស់ជាតិទឹកដែលចាំបាច់ដល់រាងកាយរបស់កូន គួរចាប់ផ្តើមឱ្យកូនតូចញ៉ាំទឹកផ្លែឈើនៅពេលមានអាយុ 6-7ខែឡើងទៅ។ គួរជ្រើសរើសផ្លែឈើដែលមានរសជាតិស្រាលៗជាមុនសិន ដូចជា ផ្លែប៉ោម ទំពាំងបាយជូរ និងល្ហុងទុំជាដើម ហើយរឿងភាពស្អាតមានអនាម័យគឺជារឿងសំខាន់ ចូរប្រយ័ត្នថ្នាំសម្លាប់សត្វល្អិតដែលនៅជាប់សេសសល់លើផ្លែឈើនោះឱ្យបានខ្លាំងផង (គួរយកទៅត្រាំទឹកទុកចោលប្រមាណជា15-20នាទី មុននឹងយកទៅច្របាច់ ឬក្រឡុកឱ្យកូន
ញ៉ាំ) និងនៅពេលច្របាច់ ឬក្រឡុកហើយភ្លាមថ្មីៗ គួរឱ្យកូនញ៉ាំតែម្តង បន្ទាប់ពីនោះចូរឱ្យញ៉ាំទឹកស្អាតតាមក្រោយគ្រប់ពេល ដើម្បីលាងកំណកជាតិស្ករដែលនៅជាប់តាមជើងធ្មេញ និងក្នុងប្រអប់មាត់។
សូមកុំភ្លេចថា បរិមាណរបស់ទឹកផ្លែឈើដែលឱ្យកូនតូចញ៉ាំក្នុងមួយថ្ងៃៗនោះ មិនគួរលើសពី90-120មីល្លីលិត្រឡើយ បើសិនជាច្រើនជាងនោះ នឹងមានផលមិនល្អតាមមក គឺនឹងធ្វើឱ្យកូនតូចបៅទឹកដោះបានតិច ព្រោះទឹកដោះមានគុណប្រយោជន៍ចំពោះរាងកាយរបស់កូនតូចខ្លាំងជាងទឹកផ្លែឈើច្រើនណាស់ ហើយមិនអាចជំនួសគ្នាបានឡើយ។ មានលោកឪពុកអ្នកម្តាយខ្លះប្រើវិធីដាក់ស្ករសទៅក្នុងទឹកសម្រាប់ឱ្យកូនតូចញ៉ាំ ដើម្បីជួយឱ្យកូនញ៉ាំទឹកស្អាតឱ្យបានច្រើនឡើង តែវិធីនេះត្រូវបាន
ហាមដាច់ខាត ព្រោះក្រៅពីនឹងធ្វើឱ្យកូនញៀនជាតិផ្អែមហើយ មេរោគក៏ចូលចិត្តស្ករដូចគ្នាដែរ ធ្វើឱ្យវាមានឱកាសបង្កើនចំនួនច្រើនឡើងយ៉ាងឆាប់រហ័សក្នុងពេលដ៏ខ្លី។
ពេលឱ្យកូនញ៉ាំទឹកផ្លែឈើ គួរឱ្យញ៉ាំពីកែវ ព្រោះការឱ្យកូនបឺតជញ្ជក់ពីដបទឹកដោះគោនឹងធ្វើឱ្យភាពផ្អែមនៅសេសសល់ក្នុងប្រអប់មាត់ និងជាប់តាមកន្លុកកន្លៀតធ្មេញរបស់កូនរយៈពេលយូរ ធ្វើឱ្យមានឱកាសធ្មេញពុកបានដោយងាយ៕