ទីផ្សារអចលនទ្រព្យនៅកម្ពុជា បច្ចុប្បន្នមានការរីកចម្រើនខ្លាំង មិនថានៅរាជធានីភ្នំពេញ ឬនៅតាមទីប្រជុំជនតាមបណ្តាខេត្តមួយចំនួនទៀតនោះទេ ជាពិសេសការពុះដីឡូត៍លក់កំពុងមានសកម្មភាពយ៉ាងកក្រើកខ្លាំងនៅតាមតំបន់ជាយក្រុង និងនៅតាមទីប្រជុំជនក្នុងបណ្តាខេត្តមួយចំនួនទៀត។ ចង់ដឹងថា តើការធ្វើជាអ្នកលក់អចលនទ្រព្យត្រូវមានចំណេះដឹងអ្វីខ្លះនោះ អ្នកយកព័ត៌មានកាសែតឡារ៉ែន បានជួបសម្ភាសជាមួយលោក ច្រឹក សុខនីម អគ្គនាយកក្រុមហ៊ុន Century21 Mekong ជាអ្នកមានជំនាញខាងអចលនទ្រព្យជាយូរឆ្នាំមកហើយ ដោយលោកនឹងបង្ហាញពីបទពិសោធ និងចំណេះដឹងល្អៗក្នុងការលក់អចលនទ្រព្យប្រកបដោយជោគជ័យដែលមាននៅក្នុងចំណុចមួយចំនួនដូចខាងក្រោម៖
1. ត្រូវមានចំណេះដឹងផ្ទាល់ខ្លួន៖ ចំណេះដឹងផ្ទាល់ខ្លួននេះ សំដៅលើការចេះប្រមូលព័ត៌មានឱ្យបានទូលំទូលាយ និងធ្វើការវិភាគ គិតពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយមុននឹងសម្រេចពុះដីឡូត៍លក់ ពិសេសតម្លៃដីនៅជុំវិញទីតាំងដែលយើងចង់ពុះដីលក់នោះ។ ធ្វើការប្រៀបធៀបពីទីតាំងមួយនឹងទីតាំងមួយទៀត ដោយប្រៀបធៀបពីតម្លៃ និងសក្តានុពលរបស់ទីតាំងនោះមានអ្វីខ្លះ ពិសេសការវិនិយោគធំៗពីវិស័យឯកជន ឬការវិនិយោគរបស់រដ្ឋដើម្បីបង្ហាញទៅអតិថិជនថា ពេលដែលពួកគាត់ទិញហើយ តើគាត់អាចធ្វើអ្វីបានខ្លះ ឫបានអ្វីត្រឡប់មកវិញខ្លះ ឬអាចធ្វើផ្ទះជួល ឬទិញទុកលក់យកប្រាក់ចំណេញមកវិញជាដើម។ ឧទាហរណ៍ថា យើងពុះដីឡូត៍លក់នៅក្នុងតំបន់ដែលរោងចក្រត្រៀមនឹងទៅដល់ ឬរោងចក្រកំពុងសាងសង់បណ្តើរៗហើយនៅពេលរោងចក្រសាងសង់រួច ដីនៅតំបន់នោះនឹងឡើងថ្លៃដោយឯកឯង ឬទិញហើយធ្វើផ្ទះជួលក៏បានដូច្នេះអតិថិជនពិតជាចាប់អារម្មណ៍មកលើគម្រោងយើងមិនខាន។ ក្រៅពីនេះត្រូវពង្រាយកម្លាំងយ៉ាងម៉េចឱ្យបានគ្រប់កន្លែង ដើម្បីឱ្យអាចទទួលបានព័ត៌មានពាក់ព័ន្ធក្នុងវិស័យដែលយើងត្រូវផ្តល់សេវាកម្ម ឬវិនិយោគនោះឱ្យបានច្រើន និងច្បាស់លាស់។
2. ភាពឆ្លាតវៃ និងសមត្ថភាពផ្ទាល់ខ្លួន៖ ក្រៅពីចំណេះដឹងខាងលើមួយចំនួនហើយ យើងក៏ត្រូវយល់ដឹងពីខ្លួនឯងឱ្យបានច្បាស់ថា ខ្លួនយើងជានរណា មានជំនាញបែបណា និងចង់លក់ផលិតផលអ្វីហើយតើផលិតផលយើងនោះល្អ ឬយ៉ាងណា? ឧទាហរណ៍ថា ចង់វិនិយោគលើដី យើងត្រូវដឹងថា ដីកន្លែងណាល្អ និងងាយស្រួលរកប្រាក់ចំណេញមកវិញ។ ប្រសិនជាមានលុយតិច ហើយចង់វិនិយោគ យើងត្រូវវិនិយោគលើអចលនទ្រព្យណាដែលមានទីផ្សារខ្ពស់ ងាយទទួលបានទុនបង្វិលដើម្បីវិនិយោគលើទីតាំងផ្សេងថ្មីទៀត និងទទួលបានប្រាក់ចំណេញលឿន បើទោះជាប្រាក់ចំណេញទាំងនោះមានចំនួនតិចក៏ដោយ ចៀសវាងបង្កកទុនចោលមួយកន្លែង វានឹងធ្វើឱ្យកកស្ទះដើមទុនក្នុងការពង្រីកអាជីវកម្មទៅមុខ ឬពិបាកក្នុងការសងរំលស់ទៅធនាគារវិញប្រសិនជាមានកម្ចីផ្សេង។
3. កសាងទំនុកចិត្ត៖ ធ្វើជាក្រុមហ៊ុនអចលនទ្រព្យ អ្វីដែលសំខាន់ត្រូវកសាងកេរ្តិ៍ឈ្មោះ ព្រោះកេរ្តិ៍ឈ្មោះជារឿងចាំបាច់សម្រាប់ភាពជោគជ័យជានិរន្តរ៍ មិនមែនក្នុងរយៈពេលខ្លីនោះទេ តែជាជោគជ័យក្នុងរយៈពេលវែងតាំងពីខ្លួនឯងរហូតទៅដល់សាច់ញាតិជំនាន់ក្រោយៗទៀតផង។ លោកថា នៅក្នុងក្រុមហ៊ុនCentury 21 Mekong មុនចេញទៅធ្វើការ បុគ្គលិកត្រូវទទួលការបណ្តុះបណ្តាលចំនួន 4ចំណុចជាមុនសិន ដូចជាជំនាញក្នុងការនិយាយ ជំនាញក្នុងការទំនាក់ទំនងភ្ញៀវ ជំនាញក្នុងការដោះស្រាយបញ្ហារបស់អតិថិជន និងជំនាញក្នុងការទិញ-លក់-ជួលដោយជោគជ័យ។ ដូច្នេះដើម្បីធ្វើឱ្យភ្នាក់ងារអចលនទ្រព្យមានចំណេះ ជំនាញ និងបទពិសោធដែលអាចធ្វើការបានក្នុងវិស័យនេះ គឺគេត្រូវការការបណ្តុះបណ្តាល និងពង្រីកភ្នាក់ងារឱ្យបានច្រើន ដើម្បីពង្រីកវិសាលភាពការងាររបស់យើងឱ្យបានទូលំទូលាយ។ ពិសេសត្រូវមានចំណេះដឹងផ្នែកច្បាប់ យល់ដឹងពីដំណើរការបង់ពន្ធ ឬពន្ធប្រថាប់ត្រាពិសេសនីតិវិធីក្នុងការដំណើការកាត់ប្លង់ ឬការបំបែកក្បាលដីជូនអតិថិជនដើម្បីទទួលបានទំនុកចិត្តកាន់តែខ្ពស់។
4. រកអ្នកជំនាញដែលមានបទពិសោធយូរឆ្នាំជួយការងារ៖ ប្រសិនជាយើងមិនសូវចេះ និងមិនមានជំនាញ យើងត្រូវធ្វើការប្រឹក្សាយោបល់ជាមួយអ្នកជំនាញអចលនទ្រព្យដែលមានបទពិសោធដើម្បីផ្តល់ជាដំបូន្មានថា តើយើងគួរធ្វើយ៉ាងម៉េច រៀបចំយ៉ាងម៉េច ដើម្បីឱ្យការបំពេញការងារ ឬការវិនិយោគក្នុងវិស័យនេះមានភាពល្អប្រសើរឡើង និងបញ្ចៀសបាននូវហានិភ័យ។ យើងត្រូវចេះប្រមូលព័ត៌មាន និងទទួលយកការប្រឹក្សាជាមួយអ្នកជំនាញអចលនទ្រព្យ ដើម្បីទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយមុនធ្វើការសម្រេចចិត្តថា តើការវិនិយោគរបស់យើងមានភាពត្រឹមត្រូវ និងគួរធ្វើប៉ុនណា។ ឧទាហរណ៍ ការពុះដីឡូត៍លក់បច្ចុប្បន្នបានរីកទៅតំបន់ជាយក្រុង នេះគឺដោយសារអ្នកវិនិយោគទាំងនោះបានសិក្សាច្បាស់លាស់ពីការអភិវឌ្ឍរបស់រដ្ឋាភិបាល ដូចជាគោលនយោបាយរុញរោងចក្រចេញពីទីក្រុងទៅតំបន់ជាយក្រុង ទៅកាន់ទីតាំងដែលងាយស្រួលក្នុងការដឹកជញ្ជូន ដូចជាការអភិវឌ្ឍនៅតាមបណ្តោយផ្លូវជាតិលេខ3 ពីភ្នំពេញទៅកាន់កំពង់ផែខេត្តកំពត និងពីភ្នំពេញទៅកាន់ឆ្នេរសមុទ្រកំពង់សោមជាដើម ដោយសារទីតាំងទាំង2 ខាងលើ ត្រូវបានរដ្ឋាភិបាលកសាងកំពង់ផែទឹកជ្រៅ ដែលអំណោយផលដល់ការដឹកទំនិញធ្ងន់ ឬស្រាលចេញចូលទៅកាន់ប្រទេសផ្សេង។ ហើយបច្ចុប្បន្នការពុះដីឡូត៍លក់នៅតំបន់នោះ ក៏កាន់តែរីកដុះដាលខ្លាំងឡើងៗ ហើយរោងចក្រក៏កាន់តែរំកិលខ្លួនបន្តិចម្តងៗទៅកាន់ផ្លូវជាតិទាំង2 នោះផងដែរ។
5. ត្រូវមានឯកទេសជាក់លាក់មួយ៖ នៅក្នុងវិស័យអចលនទ្រព្យមានផ្នែកជាច្រើនខុសៗគ្នា ហេតុនេះយើងជាភ្នាក់ងារអចលនទ្រព្យ ឬចង់វិនិយោគក្នុងវិស័យនេះ ត្រូវមានជំនាញណាមួយឱ្យជាក់លាក់ទើបយើងអាចធ្វើបានតាមគោលដៅរបស់យើង ទទួលបានប្រាក់ចំណេញ និងបញ្ចៀសបាននូវហានិភ័យចំពោះមុខ ពិសេសជំនាញខាងវាយតម្លៃ។ ឧទាហរណ៍ថា បើសិនជាយើងទិញដីដែលមានតម្លៃខ្ពស់ ពេលយើងពុះជាឡូត៍លក់ជូនអតិថិជនវិញក៏ត្រូវតែមានតម្លៃខ្ពស់ទៅតាមថ្លៃដើមដែរ។ ករណីនេះបានជះឥទ្ធិពលដល់ក្រុមហ៊ុន ព្រោះតម្លៃថ្លៃជាងគេ អតិថិជននឹងមិនទិញ ហើយអតិថិជនទៀតសោតមុននឹងសម្រេចទិញដីនៅទីកន្លែងណាមួយ គាត់តែងមានការគិតពិចារណាល្អិតល្អន់ខ្លាំងណាស់ហើយពួកគាត់តែងដើរស៊ើបសួរតម្លៃនៅទីតាំងជិតៗនោះទៀតផង មិនមែនសម្រេចចិត្តទិញងាយៗដូចទិញទំនិញនៅក្នុងផ្សារនោះទេ៕