ការបម្រើការងារនៅតាមស្ថាប័នមួយមនុស្សមិនត្រូវស្រវាចង់បានតំណែងខ្ពស់ ឬប្រាក់ខែច្រើនភ្លាមៗនោះទេ សំខាន់បើយើងពិតជាមានសមត្ថភាពខ្លាំង និងពូកែធ្វើការមែននោះ ទោះជាធ្វើការក្នុងតំណែងតូចទាបក៏ដោយ ក៏យើងអាចអភិវឌ្ឍតួនាទីខ្លួនឯងបានឆាប់រហ័សដែរ។ ឧទាហរណ៍ដូចជាលោក ងន សាំង ដើមឡើយគ្រាន់តែជាបុគ្គលិកហាត់ការម្នាក់នៅក្នុងក្រុមហ៊ុនអន្តរជាតិមួយប៉ុណ្ណោះ ប៉ុន្តែដោយសារការប្រឹងប្រែង គួបផ្សំនឹងសមត្ថភាពដែលមានស្រាប់ពីសាលាផងនោះ លោកបានក្លាយជាអគ្គនាយកតំណាងឱ្យក្រុមហ៊ុនដ៏ធំ និងល្បីល្បាញមួយនៅកម្ពុជាតែម្តង។
អគ្គនាយកក្រុមហ៊ុន RMA (Cambodia) Group លោក ងន សាំង បានផ្តល់បទសម្ភាសដ៏កម្រ មួយកាលពីសប្តាហ៍មុនថា លោកបានចាប់ផ្តើមចូលធ្វើការនៅក្រុមហ៊ុនខាងលើជាលើកដំបូងកាលពីឆ្នាំ1996 ក្នុងតួនាទីជាអ្នកហាត់ការប៉ុណ្ណោះ ខណៈដែលលោកត្រៀមធ្វើសារណាបញ្ចប់ថ្នាក់បរិញ្ញាបត្រសេដ្ឋកិច្ចនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។ ក្រោយពីធ្វើជាអ្នកហាត់ការបានមួយរយៈខ្លី លោកក៏បានប្រឡងជាប់អាហារូបករណ៍ថ្នាក់អនុបណ្ឌិតគ្រប់គ្រងពាណិជ្ជកម្ម (MBA) នៅប្រទេសថៃដែលតម្រូវឱ្យលោកត្រូវចំណាយពេលសិក្សានៅទីនោះរយៈពេល 2ឆ្នាំបន្ថែមទៀតនៅក្នុងសាលាល្បីឈ្មោះមួយដែលមាននិស្សិតបរទេសច្រើនជាតិសាសន៍ពីជុំវិញពិភពលោកបានមករៀន។
លោករំឭកថា អ្វីដែលធ្វើឱ្យលោកមានក្តីរីករាយមុនចាកចេញទៅរៀនបន្តថ្នាក់អនុបណ្ឌិតនៅប្រទេសថៃនោះ គឺលោកត្រូវបានថ្នាក់គ្រប់គ្រងក្រុមហ៊ុនផ្តល់ទំនុកចិត្តខ្ពស់មកលើរូបលោកក្នុងពេលបំពេញការងារជាអ្នកហាត់ការនោះ ដោយបានផ្តាំរូបលោកថា ក្រុមហ៊ុននៅរង់ចាំលោកមកធ្វើការក្នុងតួនាទីថ្មីនៅពេលដែលលោកបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតនោះ ដែលរឿងនេះបានធ្វើឱ្យលោកមានទឹកចិត្តខិតខំប្រឹងប្រែងរៀនសូត្រ និងបានការពារសារណាថ្នាក់អនុបណ្ឌិតនៅប្រទេសថៃដោយជោគជ័យ។
ក្រោយត្រឡប់មកពីប្រទេសថៃវិញ លោកក៏បានបន្តការងារនៅក្នុងក្រុមហ៊ុនដដែល ហើយត្រូវបានតែងតាំងជាជំនួយការគណនេយ្យ និងហរិញ្ញវត្ថុ។ មួយឆ្នាំក្រោយមក បន្ទាប់ពីនាយកផ្នែកហិរញ្ញវត្ថុជាជនបរទេសបានត្រឡប់ទៅប្រទេសរបស់គេវិញ ក្រុមហ៊ុនក៏តែងតាំងលោកជានាយកផ្នែកហិរញ្ញវត្ថុនៅក្នុងក្រុមហ៊ុនតែម្តង ហើយដោយមើលឃើញពីសមត្ថភាពការងារដ៏ពូកែ និងភាពប៉ិនប្រសប់ក្នុងការដោះស្រាយបញ្ហាការងារផ្សេងៗនោះ ក្រុមហ៊ុនក៏បានផ្តល់ទំនុកចិត្តកាន់តែខ្ពស់ឡើងៗ ដោយសម្រេចបន្ថែមតួនាទីដ៏ធំមួយទៀតដល់លោក គឺនាយករងគ្រប់គ្រងប្រចាំប្រទេស( Deputy Country Manager) តែម្តង។
ក្រោយពីទទួលបានមុខតំណែងថ្មីមួយទៀត លោកមានអារម្មណ៍ថា ហាក់ដូចជាមានអម្រែកបន្ថែមនៅក្នុងការងាររបស់ខ្លួន ប៉ុន្តែទោះជាមានអម្រែកការងារដ៏ធ្ងន់នៅលើស្មាទាំងសងខាងក្តី ក៏លោកនៅតែជម្នះ និងធ្វើបានកាន់តែប្រសើរឡើងដែរ។ ទោះជាការងារច្រើនយ៉ាងណាក៏ដោយ តែលោកតែងដោះស្រាយបានជានិច្ច និងជួយអភិវឌ្ឍក្រុមហ៊ុនឱ្យកាន់តែរីកចម្រើនទៅមុខជាលំដាប់។ លោកមានប្រសាសន៍ថា ធម្មតា ពេលមានការងារច្រើន មានតួនាទីកាន់តែខ្ពស់ កាន់តែមានការលំបាកជារឿងធម្មតា ប៉ុន្តែអ្វីៗត្រូវបានដោះស្រាយ និងបោះជំហានទៅមុខជានិច្ច។ លោកមិនបរិយាយពីការលំបាកក្នុងការងារនោះទេ តែលោកបានលើកជាឧទាហរណ៍ថា អ្នកបើកយន្តហោះម្នាក់បើសិនជាបើកបរមិនជួបនឹងអាកាសធាតុអាក្រក់ទេ ក៏មិនដឹងពីសមត្ថភាពខ្លួនឯងដែរ តែបើបានជួបស្ថានភាពអាកាសធាតុមិនល្អ ហើយនៅតែហោះទៅមុខបានដោយសុវត្ថិភាពនោះ ទើបដឹងថា ខ្លួនឯងពិតជាពូកែមែន។
ក្នុងគោលដៅលើកទឹកចិត្តបុគ្គលិក និងផ្តល់ចំណេះដឹងដល់បុគ្គលិកឱ្យកាន់តែមានសមត្ថភាពខ្លាំងឡើងថែមទៀតនោះ នៅឆ្នាំ2013 ក្រុមហ៊ុនបានចំណាយប្រាក់ច្រើនសន្ធឹកសន្ធាប់ បញ្ជូនលោកទៅសិក្សាជំនាញគ្រប់គ្រងបន្ថែមទៀតនៅសាកលវិទ្យាល័យ Harvard Business School នៅសហរដ្ឋអាមេរិកក្នុងរយៈពេលខ្លី (6ខែ)បន្ថែមទៀត ជាសាលាដែលថ្នាក់ដឹកនាំប្រទេសជាច្រើននៅលើពិភពលោកតែងចូលរៀនវគ្គសិក្សានៅទីនោះដើម្បីឱ្យលោកមានជំនាញជាអ្នកគ្រប់គ្រងដែលមានសមត្ថភាពពេញលេញតែម្តង។ ក្រោយពីបានសិក្សាជំនាញចប់ លោកក៏ត្រូវបានតែងតាំងជាអគ្គនាយកក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) ហើយខិតខំអភិវឌ្ឍក្រុមហ៊ុនឱ្យកាន់តែមានឈ្មោះបោះ-សំឡេងនៅលើទីផ្សារកម្ពុជារហូតមកទល់សព្វថ្ងៃ។
គួរបញ្ចាក់ផងដែរថា ក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) មានផលិតផល និងសេវាកម្ម ដូចជា: រថយន្ តFord រថយន្ត Jaguar RangeRover គ្រឿងចក្រធុនធ្ងន់ JCB រថយន្តកសិកម្ម ត្រាក់ទ័រ John Deer រថយន្តលើកដាក់ទំនិញ TCM ហាង ដឹ ភីហ្សា ខមផេនី (The Pizza Company) កាហ្វេខូស្តារ (Costa Coffee) ការ៉េមស្វិនសិន (SWENSEN’S) ការ៉េមនំដេរីឃ្វីន (Dairy Queen) នំដូហ្វណាត់ គ្រីស្ពីគ្រីម (Krispy Kreme Doughnut) ហាង បាប៊ីឃ្យូផ្លាហ្សា (BAR-B-Q PLAZA) សេវាកម្មជួលរថយន្ត (AVIS) ក្រុមហ៊ុនបង់រំលស់ (BSP Finance) និងម៉ាកល្បីៗជាច្រើនទៀត ដែលមានវត្តមាននៅក្នុងទីក្រុងភ្នំពេញ និងនៅតាមទីប្រជុំជនក្នុងខេត្តមួយចំនួនទៀតទូទាំងប្រទេសកម្ពុជា ដោយបានផ្តល់ការងារដល់ពលរដ្ឋខ្មែរប្រមាណជាង 3,000នាក់ឯណោះ។
គួររំឭកដែរថា លោក ងន សាំង បានចាប់កំណើតនៅក្នុងគ្រួសារដែលមានកម្រិតជីវភាពមធ្យមមួយនៅក្នុងភូមិក្រាំងឡង ឃុំជើងគួន ស្រុកសំរោង ខេត្តតាកែវ ជាកូនទី2 ក្នុងចំណោមបងប្អូន 6នាក់ ប្រុស3 ស្រី3។ ពេលដល់អាយុចូលរៀន ពោលគឺនៅឆ្នាំ1980 ជាឆ្នាំដែលកម្ពុជាទើបរំដោះចេញផុតពីរបបអាវខ្មៅ លោកហាក់មានសំណាងបានចូលរៀនភ្លាមៗតែម្ដង ខុសពីកុមារមួយចំនួនធំនៅក្នុងប្រទេសកម្ពុជាដែលមានការលំបាកដោយមិនមានសាលារៀន និងមិនមានគ្រូបង្រៀនគ្រប់គ្រាន់នោះ។ លោកមានប្រសាសន៍ថា នៅក្នុងភូមិឃុំរបស់លោក ហាក់ដូចជាមិនមានបញ្ហារឿងសង្គ្រាមនោះទេ ពោលគឺមានសាលា និងមានគ្រូបង្រៀនគ្រប់គ្រាន់ ដែលធ្វើឱ្យកុមារៗនៅក្នុងភូមិមានឱកាសបានចូលរៀនគ្រប់ៗគ្នា។
ដោយសារជីវភាពគ្រួសារមិនមានបញ្ហា លោកមិនសូវមានការលំបាកក្នុងការជួយរកចំណូលជួយគ្រួសារដូចកុមារមួយចំនួនទៀតឡើយ ដែលនេះជាកត្តាធ្វើឱ្យកុមារ ងន សាំង បានខិតខំរៀនសូត្ររហូតក្លាយជាសិស្សពូកែគណិតវិទ្យា ចាប់តាំងពីថ្នាក់បឋមសិក្សា និងប្រឡងជាប់បានឡើងថ្នាក់ជាបន្តបន្ទាប់ រហូតបានប្រឡងជាប់បាក់ឌុបជាស្ថាពរនៅក្នុងឆ្នាំ1990 ហើយក៏ឡើងមកភ្នំពេញស្នាក់នៅជាមួយឪពុកមាដើម្បីរៀនបន្តទៀត។ ប៉ុន្តែយ៉ាងណាក៏ដោយ លោកបានប្រឡងធ្លាក់អាហារូបករណ៍នៅឆ្នាំដំបូងដែលជាកត្តាធ្វើឱ្យលោកមានការសោកស្ដាយយ៉ាងខ្លាំង និងបានចំណាយពេលមួយឆ្នាំទៀតដើម្បីរៀនកួរបំប៉នចំណេះដឹងបន្ថែមដើម្បីត្រៀមប្រឡងចូលមហាវិទ្យាល័យនៅឆ្នាំបន្ទាប់មកទៀត។
លុះពេលវេលា និងឱកាសមកដល់ នៅឆ្នាំបន្ទាប់លោកក៏បានសម្រេចដាក់ពាក្យប្រឡងយកអាហារូបករណ៍ចំនួន 3មហាវិទ្យាល័យ គឺមហាវិទ្យាល័យសេដ្ឋកិច្ច គ្រូផ្នែកគណិតវិទ្យា និងប្រឡងចូលមហាវិទ្យាល័យសុខាភិបាល ហើយជាលទ្ធផលលោកបានជាប់ទាំង 3មហាវិទ្យាល័យក្នុងពេលតែមួយ តែលោកបានសម្រចចិត្តចូលរៀនមហាវិទ្យាល័យសេដ្ឋកិច្ច ដោយសារមើលឃើញថាជាមុខវិជ្ជាដែលលោកចូលចិត្តជាងគេ។
សម្រាប់ទៅថ្ងៃអនាគត លោកមិនប្រាថ្នាអ្វីច្រើននោះទេ គឺគ្រាន់តែខិតខំអភិវឌ្ឍក្រុមហ៊ុនឱ្យកាន់តែរីកចម្រើនទៅមុខថែមទៀត ដើម្បីចូលរួមជួយលើកកម្ពស់សេដ្ឋកិច្ចជាតិ ជួយផ្តល់ការងារដល់ប្រជាជនខ្មែរឱ្យបានកាន់តែច្រើន គឺគ្រប់គ្រាន់ហើយសម្រាប់លោក៕