សាលាជំនាន់ថ្មីជាគម្រោងដែលក្រសួងអប់រំ យុវជន និងកីឡាបានប្រកាសដាក់ឱ្យអនុវត្តជាយូរមកហើយ ម្យ៉ាងវិញទៀតគម្រោងនេះក៏ជាផ្នែកមួយដើម្បីជំរុញឱ្យមានការសិក្សាលើមុខវិជ្ជាផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ឬហៅកាត់ថា STEM កាន់តែច្រើនដែរ។
ជារៀងរាល់លើក ពេលដែលក្រសួងធ្វើកម្មវិធីពាក់ព័ន្ធនឹង STEM មន្ត្រីសំខាន់ៗ រួមទាំងលោករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន ផងក៏បានបញ្ជាក់ដែរថា ក្រៅពីការធ្វើពិព័រណ៏ STEM ប្រចាំឆ្នាំហើយ ក្រសួងបានបញ្ច្រាបការយល់ដឹងទៅកាន់សាលានានានៅទូទាំងប្រទេស ហើយចំណុចសំខាន់មួយទៀតគឺក្រសួងបានដាក់ចេញនូវកម្មវិធីសាលាជំនាន់ថ្មីនេះ នៅក្នុងសាលាគំរូមួយចំនួនដើម្បីធ្វើការសាកល្បង។ លើសពីនេះទៅទៀត ក្រសួងអប់រំ យុវជន និងកីឡា ក៏មានគម្រោងពង្រីកសាលាជំនាន់ថ្មីនៅទូទាំងប្រទេសផងដែរ ដើម្បីឱ្យសិស្សមានបរិក្ខារសម្បូរបែបក្នុងការសិក្សា និងពិសោធន៍។
លោក សន ជ័យ ជាប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា បានលើកឡើងនៅក្នុងបណ្តាញសង្គមថា លោកយល់ថា សាលារៀនជំនាន់ថ្មីនេះមិនមានអ្វីអាក្រក់នោះទេ ហើយក្នុងនាមជាអ្នកជ្រោមជ្រែងវិស័យអប់រំ លោកយល់ថា វាជាគម្រោងមួយដែលមានគំរូ ម៉ូឌែលល្អ ឬជាបច្ចេកទេសក្នុងការជំរុញនវានុវត្តន៍ តែលោកចង់ឱ្យក្រសួងបង្កើតសាលាជំនាន់ថ្មីនេះឡើងដោយយកទៅដាក់នៅសាលាចាស់ណាមួយ ដោយជួសជុលកែលម្អអគារទាំងនោះឱ្យថ្មីឡើងវិញ ហើយដាក់ឈ្មោះថា សាលាជំនាន់ថ្មី តែម្តង អាចនឹងមានកិត្យានុភាពជាង៕