សមាគម អាយ វី អេហ្ស កម្ពុជា-ចិន បានប្រកាសនៅក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថា សមាគមគ្រោងនឹងវិនិយោគវិស័យសុខាភិបាលដើម្បីក្តោបទីផ្សារព្យាបាលជំងឺនៅកម្ពុជា ស្របពេលដែលសេដ្ឋកិច្ចកម្ពុជាកំពុងមានការរីកចម្រើនគួរឱ្យកត់សម្គាល់។
លោក ស្រេង វង្ស ហៀង ប្រធានសមាគម អាយ វី អេហ្ស កម្ពុជា-ចិន បានបញ្ជាក់ថា ដោយសារតែមើលឃើញការរីកចម្រើននៃកំណើនផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា និងភាពល្អប្រសើរឡើងនៃកំណើនទេសចរ វាជាជាឱកាសដ៏សមស្របមួយក្នុងការវិនិយោគលើវិស័យទេសចរណ៍សុខាភិបាល។
លោក ហៀង បានបន្ដថា ទេសចរណ៍សុខាភិបាលនេះ កំពុងពេញនិយមនៅក្នុងប្រទេសមួយចំនួនដូចជា ប្រទេសម៉ាឡេស៊ី និងថៃ ជាដើម ហើយកម្ពុជាក៏ស្ថិតនៅក្នុងទីតាំងភូមិសាស្ដ្រមួយដ៏ល្អ ដែលអាចផ្ដល់នូវកញ្ចប់សេវាកម្មល្អមួយដែលគេហៅថា ទេសចរណ៍សុខាភិបាល ដែលអ្នកទេសចរក៏អាចមកទទួលសេវាសុខាភិបាលនៅកម្ពុជាបានដែរនោះ ទើបសមាគមគ្រោងវិនិយោគលើវិស័យនេះ។
លោកបានបញ្ជាក់ថា៖ ប្រសិនបើដំណើរការនេះទទួលបានជោគជ័យ វានឹងទាក់ទាញអ្នកទេសចរ ព្រមទាំងអ្នកមកពិនិត្យជំងឺកាន់តែច្រើនឡើង ជាពិសេសប្រជាជនមកពីបណ្ដាប្រទេសក្នុងតំបន់អាស៊ាន និងទូទាំងអាស៊ីផងដែរ។ លោកក៏បានបញ្ជាក់បន្ថែមថា សមាគមបង្កើតគម្រោងនេះឡើងក្នុងគោលបំណងផ្ដល់សេវាពិសេសក្នុងការគាំពារសុខភាពស្ដ្រី។
សម្ដេចក្រឡាហោម ស ខេង បានគាំទ្រចំពោះគំនិតផ្តួចផ្ដើមរបស់ សមាគម អាយ វី អេហ្ស កម្ពុជា-ចិន ពិសេសការបង្កើតការផ្ដល់សេវាកម្មសុខភាពដល់ស្ត្រីនៅកម្ពុជាតាមរយៈគម្រោងរបស់សមាគម។ សម្ដេចក្រឡាហោមបន្ដថា បច្ចុប្បន្នពលរដ្ឋកម្ពុជាពីមួយឆ្នាំទៅមួយឆ្នាំ បានសម្រុកចេញទៅក្រៅប្រទេសដូចជា ប្រទេសថៃ វៀតណាម សិង្ហបុរី និងប្រទេសមួយចំនួនទៀត ដើម្បីពិនិត្យសុខភាព និងព្យាបាលជំងឺ។
សម្ដេចក្រឡាហោមបានថ្លែងថា៖ ប្រសិនជាគម្រោងរបស់សមាគមចិនក្នុងការសាងសង់មន្ទីរពេទ្យនៅកម្ពុជាទទួលបានជោគជ័យ វានឹងអាចជួយផ្ដល់សេវាកម្មកាន់តែកៀកជិតនឹងប្រជាពលរដ្ឋ និងជួយដល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជាផងដែរ៕