ក្រោយពីមានការតវ៉ាពីសាស្ត្រាចារ្យ និងភាគីពាក់ព័ន្ធមួយចំនួន មតិជាច្រើនក្នុងបណ្តាញសង្គម មានការព្រួយបារម្ភថា អាចនឹងបាត់បង់សាលាព្រះស៊ីសុវត្ថិដែលបានបង្កើតឡើងតាំងពីឆ្នាំ1873 ព្រោះតែវត្តមាននៃសាលាជំនាន់ថ្មី។
អ្នកនាំពាក្យក្រសួង អប់រំ យុវជន និងកីឡា បានធ្វើការឆ្លើយតបទៅកាន់អ្នកសារព័ត៌មានថា គ្មានការផ្លាស់ប្តូរឈ្មោះសាលាព្រះស៊ីសុវត្ថិ ទៅជាសាលាជំនាន់ថ្មី ដូចមតិដែលបានលើកឡើងក្នុងបណ្តាញសង្គមនោះទេ។ សាលាជំនាន់ថ្មីគ្រាន់តែជាកម្មវិធីសិក្សាមួយដែលដាក់ចូលទៅក្នុងសាលាព្រះស៊ីសុវត្ថិតែប៉ុណ្ណោះ ហើយចំពោះការផ្លាស់ប្តូរនាយកសាលានោះ គឺធ្វើឡើងតាមបទពិសោធ និងភាពចាស់ទុំនៃការងាររបស់គាត់ ដែលនេះជាការលើកទឹកចិត្តឱ្យទៅកាន់ការងារថ្មីនៅនាយកដ្ឋានមធ្យមសិក្សាចំណេះទូទៅ ក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡា មិនមែនជាការដកតំណែងនោះទេ។
សាលាជំនាន់ថ្មីជាកម្មវិធីអប់រំថ្មីដែលក្រសួងបានសហការជាមួយអង្គការសកម្មភាពសម្រាប់បឋមសិក្សានៅកម្ពុជា (KAPE) ដើម្បីផ្តោតការអប់រំលើមុខវិជ្ជា វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) ដោយក្រសួងធ្លាប់បានដាក់បញ្ចូលទៅក្នុងសាលាគំរូចំនួន 3 គឺសាលាព្រះស៊ីសុវត្ថិ សាលាបឋមសិក្សាអង្គរបាន និងសាលាបឋមសិក្សាសម្តេចព្រះរាជអគ្គមហេសី នរោត្តមមុនីនាថ សីហនុ៕