ដំបូងសូមជម្រាបថា គែនខ្មែរ ជាឈ្មោះឧបករណ៍ភ្លេងមួយបែបសម្រាប់ផ្លុំ ធ្វើដោយឫស្សីពកតូចៗ ឬដោយឫស្សីភ្នំ 2យ៉ាង ។ គេយកកំណាត់ឫស្សីនោះមកតម្រៀបជា 2ជួរចងផ្អោបគ្នា ។ ក្នុង1ជួរចំនួន 5កំណាត់ក៏មាន 6កំណាត់ក៏មាន 8កំណាត់ក៏មាន មានអណ្ដាតនៅខាងក្នុងដើម្បីបន្លឺជាសូរសំឡេងរំពងស្រួយ។
ដើម្បីបន្លឺសូរសំឡេងគែន អ្នកលេងអាចផ្លុំខ្យល់ចូល និងបឺតខ្យល់ចេញបាន។ វិធីនេះ វាមានភាពស្រដៀងទៅនឹងឧបករណ៍ អាម៉ូនីកា ដែលគេត្រូវផ្លុំ ឬបឺតខ្យល់ចូលដើម្បីបន្លឺសំឡេង។ ឧបករណ៍ គែន ត្រូវបានគេលេងជាពីររបៀប ពេលខ្លះគេផ្លុំគែនជាសំឡេងទោល ពេលខ្លះក៏អាចផ្លុំលាយឡំជាមួយឧបករណ៍នៅក្នុងវង់ភ្លេងបានដែរ។ គួរបញ្ជាក់ដែរថា ពាក្យ គែន មានន័យជាខ្មែរថា ការស្រឡាញ់ ការគោរពបូជា ឬជាការលេងដើម្បីដាស់ព្រលឹង។
នៅថ្មីៗនេះ មានសិក្ខាសាលាបទបង្ហាញឧបករណ៍ភ្លេងគែនខ្មែរ និងឡាវ ដែលស្ដែងឱ្យឃើញពីភាពខុសគ្នា រវាងគែនខ្មែរ គែនឡាវ និងគែនថៃថា តើមានភាពខុសគ្នាខាងបំពង់សំឡេងយ៉ាងណាខ្លះ នៅឆាកសម្ដែងសិល្បៈខ្មែរអមតៈសារមន្ទីរជាតិ ភ្នំពេញ។ ក្រោយពីបញ្ចប់ការធ្វើបទបង្ហាញរយៈមិនយូរប៉ុន្មាន ក៏មានការសម្ដែងនូវទស្សនីយភាពការប្រគំ និងច្រៀងរួមគ្នារបស់សិល្បករ សិល្បការិនីខ្មែរ និងឡាវ ជាមួយនឹងបទរាំវង់ «អារ៉ាប់ពីយ៉ា»។
ពិតជាកម្របានឃើញណាស់ ដូច្នេះដើម្បីកុំឱ្យរំលងការសម្ដែងដ៏អស្ចារ្យមួយនេះ សូមទស្សនាវីដេអូខាងក្រោមនេះ ៖