លោក Jose Mourinho បានបញ្ជាក់ថា ក្រុម Manchester United មិនត្រូវអាងលើលេសផ្សេងៗឡើយ នៅពេលដែលពួកគេចាប់ផ្តើមយុទ្ធនាការនៃក្របខ័ណ្ឌ Champions League នារាត្រីនេះ នៅលើទីលានសិប្បនិម្មិតក្នុងពេលប្រកួតជាមួយនឹងក្រុម Young Boys ក្នុងទីក្រុង Bern។
ក្រុមមានមូលដ្ឋាននៅ Old Trafford មួយនេះ ត្រូវបានចាប់ឆ្នោតឱ្យស្ថិតក្នុងពូលមួយដែលប្រជុំដោយក្រុមខ្លាំងៗ រួមជាមួយនឹងក្រុម Juventus របស់ខ្សែប្រយុទ្ធ Cristiano Ronaldo និងក្រុម Valencia ដែលតម្រូវឱ្យពួកគេត្រូវតែដណ្តើមឱ្យបានលទ្ធផលជាវិជ្ជមាននៅកីឡដ្ឋាន Stade de Suisse។
ប៉ុន្តែទីលានសិប្បនិមិ្មតរបស់ក្រុមម្ចាស់ជើងឯករបស់ស្វ៊ីស Young Boys នឹងតម្រូវឱ្យកីឡាករមួយចំនួនត្រូវស៊ាំនឹងការលេង និងនេះហើយជាហេតុផលដែល Man United មិនយកខ្សែការពារ Antonio Valencia មកជាមួយ។ លោក Mourinho បានប្រាប់អ្នកយកព័ត៌មាននៅរដ្ឋធានីរបស់ស្វ៊ីស កាលពីថ្ងៃអង្គារថា៖ «យើងបានសម្រេចចិត្តមិនយក Valencia មក ពីព្រោះជង្គង់របស់គេមិនមែនជាជង្គង់ដែលតម្រូវទៅលើទីលានសិប្បនិមិ្មតឡើយ»។
ទាក់ទងនឹងផ្ទៃនៃទីលាន ស្របពេលដែលបញ្ជាក់ថា លោកបានបង្ហាញពីចំណាប់អារម្មណ៍របស់លោកទៅកាន់ UEFA គ្រូបង្វឹករូបនេះបានប្រាប់បន្តថា៖ «ខ្ញុំមិនចង់ប្រើប្រាស់ទីលាននេះមុនពេលការប្រកួតធ្វើជាលេសសម្រាប់ការបង្ហាញពីទម្រង់លេងមិនបានល្អនោះឡើយ»។
លោក Mourinho បានលើកយកសមត្ថភាពរបស់កីឡាករវាយកូនបាល់ដ៏ឆ្នើម Roger Federer របស់ស្វ៊ីស ដែលបានសម្របខ្លួនក្នុងការលេងនៅលើទីលានផ្សេងៗគ្នាធ្វើជាឧទាហរណ៍មួយទៅលើរបៀបដែលក្រុមរបស់លោកគួរតែសម្របខ្លួនក្នុងលក្ខខណ្ឌផ្សេង។
Federer ដែលជាម្ចាស់ជើងឯកពាន Grand Slam 20 សម័យកាល បានឈ្នះពានជាច្រើននៅលើគ្រប់ផ្ទៃនៃទីលានទាំងអស់ក្នុងកីឡារបស់គេ ហើយលោក Mourinho បាននិយាយសរសើរពីសមត្ថភាពនៃការសម្របខ្លួនលេងបានគ្រប់ទីលានរបស់កីឡាករសញ្ជាតិស្វ៊ីសរូបនេះ។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង 2ទៀបភ្លឺ៕
ប្រភពពី៖ Sport24