វណ្ណកម្មភាពយន្តថ្មីរបស់ផលិតកម្មមហាហង្សដែលមានទស្សនីយភាពបែបកំប្លែង និងអប់រំ ត្រូវបានដាក់សម្ពោធជាផ្លូវការហើយកាលពីល្ងាចថ្ងៃម្សិលមិញនេះ ដោយខ្សែភាពយន្តនេះមានចំណងជើងថា «ណូលីណូឡា» ហើយបានដាក់លក់សំបុត្រចាប់ពីថ្ងៃទី20 កញ្ញាតទៅ។
ភាពយន្តនេះត្រូវបានផលិតករបង្ហើបប្រាប់ថា អស់ខ្ទង់ចំណាយជាង 5ម៉ឺនដុល្លារសហរដ្ឋអាមេរិក និងប្រជុំសុទ្ធតែតារាល្បីៗតែម្ដង មានដូចជាកញ្ញា ឌុច លីដា និងកញ្ញា ភិន សុដាលីស គឺជាតួឯកធំប៉ះគ្នាជាលើកដំបូង និងប្រជុំដោយតួអង្គធំៗច្រើនទៀតដូចជា លោក ណាខុន នាងខ្ញុង នាយពាក់មី នាងកាកា អ្នកស្រីចាន់ តារាទី និងតារាល្បីៗជាច្រើនទៀត។ ភាពយន្ដដ៏ល្អឯកមួយនេះ មានការផលិតយ៉ាងសម្រិតសម្រាំងបំផុត ដោយសារតែខ្សែភាពយន្ដនេះបានត្រៀមទៅចូលរួមនៅក្នុងមហោស្រពភាពយន្ដអន្ដរជាតិ ដូច្នោះហើយទាំងប្លង់ថត ទីតាំង អត្ថបទភាពយន្ដ តួសម្ដែង សុទ្ធតែប្រកបដោយភាពប្រណីតទាំងអស់។
លោក អិន សុភិន ចាងហ្វាងផលិតកម្មមហាហង្សបានប្រាប់អ្នកសារព័ត៌មានថា «មួយរឿងនេះបង្កប់នូវការអប់រំខុសពីរឿងមុនៗឆ្ងាយណាស់ ជាពិសេសការទូន្មានឱ្យតួអង្គស្រីចេះរៀបចំខ្លួនទន់ភ្លន់ ចេះសំពះ ចេះធ្វើបុណ្យ និងសំខាន់ជាងគេ គឺចង់អប់រំឱ្យចេះស្រឡាញ់គ្នានៅក្នុងរង្វង់គ្រួសារតែមួយ» ហើយលោកបានប្រកាសថា ក្រៅពីបានមើលកម្សាន្តហើយ គឺមានតម្លៃសម្រាប់ការអប់រំ និងវប្បធម៌យ៉ាងសម្បូរបែប។ ភាពយន្តនេះ ក៏បានផ្ដិតយកទិដ្ឋភាពប្រសាទអង្គរវត្ត ប្រាសាទបាយ័ន ផ្ទះបែបខ្មែរបុរាណ និងពីសិល្បៈនៃការកែច្នៃផងដែរ ដោយសារតែលោករំពឹងថា បើខ្សែភាពយន្តនេះបានបង្ហាញខ្លួននៅក្នុងមហោស្រពភាពយន្តអន្តរជាតិទៀតផងនោះ គឺនឹងធ្វើឱ្យពិភពលោកកាន់តែស្គាល់ពីប្រទេសកម្ពុជា។
ងាកមកកាន់កញ្ញា ម៉ៅ ចាន់រស្មី អ្នកនិពន្ធសាច់រឿង «ណូលីណូឡា» បានអះអាងថា នៅក្នុងសាច់រឿងមួយនេះ កញ្ញាមិនមែនផ្ដោតតែលើការកម្សាន្តឱ្យសប្បាយនៅពេលទស្សនាប៉ុណ្ណោះទេ ប៉ុន្តែកញ្ញាមានគោលបំណងចង់បង្កប់ខ្លឹមសារអប់រំ និងចង់ទាញផ្នត់គំនិតរបស់អ្នកទស្សនាឱ្យស្គាល់ពីតម្លៃវប្បធម៌ និងតំបន់ទេសចរណ៍នានានៅខេត្តសៀមរាបផងដែរ ទើបរឿងទាំងមូលត្រូវចំណាយពេលថតច្រើននៅខេត្តសៀមរាប ជាពិសេសគឺតំបន់ប្រាសាទ និងកន្លែងសិប្បកម្មកែច្នៃរបស់អ្នកស្រុក ដើម្បីឱ្យត្រូវនឹងសាច់រឿងដែលនាងតាក់តែង។ កញ្ញារំពឹងយ៉ាងខ្លាំងថា អ្នកទស្សនាភាពយន្តរឿង «ណូលីណូឡា» នឹងទទួលបានខ្លឹមសារដែលនាងបានដៅទុក ខណៈដែលក្រោយការផលិត គឺនាងរឹតតែពេញចិត្តចំពោះប្លង់ សំឡេង និងការសម្ដែងរបស់តួអង្គនីមួយៗ ដោយនាងយល់ថាស្នាដៃដែលខ្លួនបាននិពន្ធ នឹងមានការគាំទ្រខ្លាំងក្លា។
គួរបញ្ជាក់ផងដែរថា វត្តមានតារាចូលរួមសម្ពោធរឿង គេសង្កេតឃើញមានលោក ភឹម តារាវិបុល លោក ហេង នរៈកក្កដា លោក អូន ឧស្សាហ៍ លោក ជុំ វិចិត្រ ជាអ្នកដឹកនាំរឿង តំណាងរោងកុន លេជេន ខាងនាយកដ្ឋានភាពយន្ត និងតារាកិត្តិយសជាច្រើនរូបទៀតផង។ កុំឱ្យរំលងឱ្យសោះ សូមអញ្ជើញទៅទស្សនាទាំងអស់គ្នា៕