លោក Jurgen Klopp បានកោតសរសើរការរកគ្រាប់បាល់បញ្ចូលទីយ៉ាងល្អពីសំណាក់ខ្សែប្រយុទ្ធ Roberto Firmino និង Daniel Sturridge ខណៈដែលក្រុមហង្សក្រហម Liverpool បានចាប់ផ្តើមយុទ្ធនាការនៃក្របខ័ណ្ឌ Champions League របស់ពួកគេ ជាមួយនឹងជ័យជម្នះដ៏រំភើបក្នុងលទ្ធផល 3-2 លើក្រុម Paris Saint-Germain កាលពីថ្ងៃអង្គារ។
ក្រុមរបស់លោក Klopp បានរកគ្រាប់បាល់នាំមុខ 2គ្រាប់មុន នៅពេលប្រកួតជាមួយនឹងក្រុមម្ចាស់ជើងឯកបារាំង ដែលប្រជុំដោយតារាឆ្នើមៗ តាមរយៈការតែតបាល់បញ្ចូលទីយ៉ាងល្អរបស់ Sturridge និងគ្រាប់បាល់ប៉េណាល់ទីរបស់ខ្សែបម្រើ James Milner។
ខ្សែការពារ Thomas Meunier បានរកគ្រាប់បាល់ 1គ្រាប់វិញសម្រាប់ក្រុម PSG នៅមុនពេលសម្រាកតង់ទី1 ហើយខ្សែប្រយុទ្ធ KylianMbappe បានជួយឱ្យក្រុមខ្លួនដណ្តើមបានលទ្ធផលស្មើ 2-2 ជាមួយនឹងគ្រាប់បាល់បញ្ចូលទីរបស់គេនៅនាទីទី83។ ប៉ុន្តែខ្សែប្រយុទ្ធអន្តរជាតិប្រេស៊ីល Firmino បានចូលលេងក្នុងនាមជាកីឡាករបម្រុងរបស់ Liverpool និងដណ្តើមបាន៣ពិន្ទុពេញនៅនាទីបន្ថែម តាមរយៈការស៊ុតបាល់បញ្ចូលទីយ៉ាងល្អ 1គ្រាប់ថែមទៀត។
លោក Klopp បាននិយាយទាំងអារម្មណ៍ធូរស្រាលថា៖ «វាពិតជាសំខាន់ណាស់ ដែលយើងចាប់ផ្តើមបានល្អដូចដែលយើងបានរំពឹងទុក។ យើងមានភាពខ្លាំងក្នុងការគ្រប់គ្រងបាល់ យើងបានផ្លាស់ប្តូរប្រព័ន្ធលេង ដោយសារតែយើងរំពឹងទុកពីការផ្លាស់ប្តូររបស់ពួកគេ។ យើងត្រូវការឱ្យកីឡាករទាំងអស់ផ្តោតអារម្មណ៍ ហើយយើងបានធ្វើការងាររបស់យើងយ៉ាងល្អ។ យើងបានស៊ុតបាល់បញ្ចូលទីយ៉ាងល្អ ហើយវាជាគ្រាប់បាល់រន្ទះ»។
ស្របពេលជាមួយគ្នានេះដែរ Lionel Messi បានស៊ុតបាល់បញ្ចូលទី 3គ្រាប់ ដើម្បីជួយឱ្យក្រុម Barcelona ចាប់ផ្តើមយ៉ាងល្អនៅថ្ងៃបើកឆាកនៃ Champions League តាមរយៈការផ្តួលក្រុម PSV Eindhoven របស់ហូឡង់ ក្នុងលទ្ធផល 4-០ នាកីឡដ្ឋាន Camp Nou៕