តារាចម្រៀងវ័យក្មេងសំឡេងផ្អែម និងមានទឹកដមប្រកបដោយមនោសញ្ចេតនា លោក នី រតនា ត្រូវបានគេបង្ហើបឱ្យដឹងថា នឹងចូលរោងការនៅថ្ងៃទី18 ខែមករា ឆ្នាំ2019 ខាងមុខនេះ ដោយគ្រោងធ្វើនៅគេហដ្ឋានខាងស្រី ដែលជាកូនអ្នកមានទ្រព្យធនផងដែរ។ នៅក្នុងនោះ ក៏នឹងមានវត្តមានភ្ញៀវកិត្តិយសដែលជាមន្ត្រីរាជការ អ្នកមានមុខមាត់ក្នុងសង្គម អ្នកជំនួញធំៗ ជាពិសេស គឺអ្នកសិល្បៈដែលសរុបទាំងអស់មិនក្រោម 1,000នាក់ឡើយ។
តាមការបង្ហើបឱ្យដឹងដដែលនោះ គេដឹងថា សម្រាប់ថ្លៃបណ្ណាការវិញ ក៏ នី រតនា ជូនដល់ខាងស្រីច្រើនគួរសមដែរ ប៉ុន្ដែមិនបានបញ្ជាក់ថា ប៉ុន្មានឡើយ។ ពេលនេះដែរ នី រតនា ក៏បានរៀបចំខ្លះៗហើយសម្រាប់ពិធីមង្គលការរបស់លោកដែលមានដូចជា ការថតរូប Pre wedding កក់ហាង និងសម្អាងការជាដើម។
គួររំឭកផងដែរថា ក្រោយពេលបានបង្កាត់ភ្លើងស្នេហ៍អស់រយៈពេលប្រមាណជា 3ឆ្នាំរួចមក លោក នី រតនា បានសម្រេចចិត្តរៀបចំពិធីភ្ជាប់ពាក្យជាផ្លូវការ កាលពីថ្ងៃទី27 ខែមេសា ឆ្នាំ2018 កន្លងមកជាមួយអនាគតភរិយា កញ្ញា ហេង សុវណ្ណភក្តិណា និងបច្ចុប្បន្នគូស្នេហ៍ទាំងពីរកំពុងតែត្រៀមលក្ខណៈជាស្រេចក្នុងធ្វើជាកូនកំលោះស្រស់សង្ហា កូនក្រមុំដ៏ស្រស់សោភានាថ្ងៃរៀបអាពាហ៍ពិពាហ៍នាប៉ុន្មានខែខាងមុខនេះហើយ៕