ពិតជាមានការភ្ញាក់ផ្អើលជាខ្លាំង ដែលមុននេះបន្ដិចនៅលើបណ្ដាញសង្គម គេមើលឃើញថា គណនីហ្វេសប៊ុកផេចមួយ ដែលមានឈ្មោះថា «ខេមរៈ ស្រីពៅ KhemarakSreypov» បានប្រើប្រាស់រូបភាពរបស់តារាចម្រៀង ខេមរៈ ស្រីពៅ ដែលបានបង្ហោះសារថា ប្អូនស្រីកំពូលតារាចម្រៀងប្រុស ខេមរៈ សិរីមន្ដ បានប្រកាសវិលចូលសិល្បៈវិញហើយ។
តាមរយៈសំណេរនោះបានឱ្យដឹងថា «បងប្អូន និងfanទាំងអស់គ្នាប្រាកដជានៅរង់ចាំនាងខ្ញុំឱ្យមកចូលសិល្បៈវិញ កុំបារម្ភអីណា នាងខ្ញុំប្រាកដជាចូលសិល្បៈវិញមិនខាន ចង់និយាយថាស្រឡាញ់អ្នកទាំងអស់គ្នាណាស់ កុំភ្លេចណា ជួយ like comment share បន្តផងដើម្បីឱ្យបងប្អូនបានដឹងទាំងអស់គ្នា»។ យ៉ាងណាមិញ នៅមិនទាន់មានការបញ្ជាក់ណាមួយដែលអះអាងថា គណនីខាងលើនោះ ជាទំព័របណ្ដាញសង្គមពិតរបស់តារាស្រីរូបនេះឡើយ។
គួររំឭកដែរថា ចាប់តាំងពីដើមឆ្នាំ2016មក តារាចម្រៀង ខេមរៈ ស្រីពៅ ត្រូវបានប្រភពព័ត៌មានពីអ្នកស្រុកព្រៃឈរ ខេត្តកំពង់ចាមបានទំលាយឱ្យដឹងថា នាងបានរសាត់ខ្លួនចេញពីសង្គមសិល្បៈ ដោយសារតែមានជំងឺប្រតិកម្មស្បែកធ្ងន់ធ្ងរដើម្បីទៅព្យាបាលនៅថៃ។ អស់រយៈពេលកន្លងផុតជិត 2ឆ្នាំមកហើយដែលកញ្ញា ខេមរៈ ស្រីពៅ នៅតែមិនបង្ហាញមុខលើវិថីសិល្បៈ តែយ៉ាងណាមិញមហាជនឃើញឈ្មោះនាងរំលេចស្នាដៃនិពន្ធទំនុកច្រៀងបទ «ស្រុកខ្ញុំគេរាំតែអ៊ីចឹង» ឱ្យលោក ខេមរៈ សិរីមន្ត ជាបងប្រុសច្រៀង និងទទូចឱ្យតារាស្រីរូបនេះ វិលត្រឡប់ចូលសិល្បៈវិញឆាប់ៗនេះផងដែរ ៕