កាលពីពេលកន្លងទៅនេះ តារាសម្ដែងវ័យក្មេងដែលកំពុងរងឈ្មោះជាអ្នកមេម៉ាយចាយរាងកូនមួយឈ្ងុយដូចដូងដុត អ្នកនាង ភិន សុដាលីសបានបើកសម្ពោធអាជីវកម្មរបស់ខ្លួនដល់ទៅ2កន្លែងក្នុងពេលតែមួយ ដែលបង្ហាញយ៉ាងច្បាស់ថា នាងកំពុងក្លាយជាតារាមួយរូប ដែលជោគជ័យក្នុងមាគ៌ាមុខជំនួញ ខណៈដែលអាជីពជាតារាសម្ដែងក៏មានភាពមមាញឹកខ្លាំង។
ការបើកសម្ពោធហាងខាងលើនេះ មិនមែនជាហាងទី1 ឬទី2 របស់នាងនោះទេ ដោយសារតែពេលកន្លងមក អ្នកនាង ភិន សុដាលីស ក៏ធ្លាប់បង្ហាញឱ្យឃើញនូវមុខជំនួញជាច្រើនទ្រង់ទ្រាយធំៗកាលពីឆ្នាំ2017 បន្ទាប់ពីអ្នកនាងចាប់ផ្ដើមអាជីវកម្មអនឡាញលើកដំបូងកាលពីឆ្នាំ2012។ នាងបានធ្វើឱ្យមហាជនជាច្រើននាក់មានភាពភ្ញាក់ផ្អើលជាខ្លាំង ខណៈដែលខ្លួនជាតារាសម្ដែង និងជាកូនស្រីសំណព្វរបស់អ្នកជំនួញធំ ដែលជាផលិតករមួយរូបផងដែរនោះ ប្រែក្លាយទៅជាម្ចាស់អាជីវកម្មផ្នែកផលិតផលរោមភ្នែក និងកញ្ចក់ភ្នែកយ៉ាងពេញនិយម ដោយបានចរាចរណ៍ក្នុងហាង Katy Korner ដែលអ្នកនាងបាននាំចូលផ្ដាច់មុខ។ ជាមួយនឹងជោគជ័យនេះ ភិន សុដាលីសក៏បានសម្រេចចិត្តបើកហាងមួយកន្លែងទៀតដែលមានឈ្មោះថា “ចង់ស្អាត Jong Sa Art” ដែលជាប្រភេទអាជីវកម្មលក់ដូរគ្រឿងសម្អាង។ តារាសម្ដែងមេម៉ាយកូនមួយរូបនេះបានបង្ហើបថា គ្រឿងសម្អាងច្រើនប្រភេទត្រូវបាននាំចូល គឺសុទ្ធតែមានការចុះបញ្ជីការត្រឹមត្រូវ ដោយផលិតផលនាំចូលមួយចំនួនក៏មានការផ្ដាច់មុខផងដែរក្រោមកិច្ចសហការជាមួយក្រុមហ៊ុននាំចូលផលិតផល អិន អេ ព្រីមិច (N.A Brimex) ដែលភាគច្រើនជាទំនិញមកពីប្រទេសថៃ កូរ៉េ ម៉ាឡេស៊ី ទ្វីបអីុរ៉ុប និងប្រទេសជាច្រើនទៀត។
ភិន សុដាលីស បាននិយាយថា នាងសម្រេចចិត្តបើកសាខាថ្មី និងហាងថ្មីមួយបន្ថែមទៀត គឺដោយសារតែអ្នកនាងសិក្សាទីផ្សារច្បាស់លាស់ និងមានក្រុមការងារធ្វើឱ្យមុខជំនួញរបស់ខ្លួនទទួលជោគជ័យ ដោយមិនមែនជាការបោះទុនប្រថុយប្រថាននោះឡើយ។ ជាមួយគ្នានេះ នាងក៏មានគម្រោងពង្រីកសាខារបស់ខ្លួនឱ្យបានគ្រប់25ខេត្ត-ក្រុង ទូទាំងប្រទេស ស្របពេលដែលនាងមានទំនុកចិត្តខ្ពស់លើផលិតផលរបស់ខ្លួនជាពិសេសផលិតផលកញ្ចក់ភ្នែក រោមភ្នែក និងគ្រឿងសម្អាងដែលខ្លួននាំចូលផ្ដាច់មុខតែម្ដង។ បើទោះជាយ៉ាងណាក៏ដោយ ភិន សុដាលីស ក៏បានបញ្ជាក់ពីទស្សនៈផ្ទាល់ខ្លួនផងដែរថា ទោះជាមុខជំនួញមានភាពជោគជ័យគួរឱ្យកត់សម្គាល់ដែលអាចទទួលបានចំណូលច្រើនក៏ពិតមែន ប៉ុន្តែនាងបានតាំងចិត្តយ៉ាងច្បាស់ថា នាងនៅតែសន្សំចិត្តនៅជាមួយនឹងអាជីពសម្ដែងដដែល ពោលគឺមិនបោះបង់អាជីពបង្អួតសម្រស់នៅមុខកាមេរ៉ាចោលនោះឡើយ ព្រោះការងារមួយនេះគឺជាចំណូលចិត្តរបស់នាងតាំងពីតូចមកម៉្លេះរហូតអូសទាញចិត្តឪពុករបស់ខ្លួនបង្កើតជាផលិតកម្មផលិតខ្សែភាពយន្តយ៉ាងជោគជ័យរហូតមកដល់ពេលបច្ចុប្បន្ននេះ៕