លោក អីុន វីរជ័យ៖ ការសិក្សាជាការវិនិយោគដែល ទទួលបានប្រាក់ចំណូលឥតព្រំដែនពេញមួយជីវិត

ការសិក្សាគឺជាវិថីដ៏សំខាន់មួយសម្រាប់ផ្លាស់ប្តូរជីវិតឱ្យកាន់តែប្រសើរឡើង ព្រោះ​មានតែការសិក្សាទេដែលអាចធ្វើឱ្យមនុស្សក្លាយជាអ្នកដែលមានមូលដ្ឋាននៃចំណេះដឹងគ្រប់គ្រាន់ដើម្បី​ក្លាយជាបុគ្គលប្រកបដោយឧត្តមភាពសម្រាប់ការរស់នៅ និង​មានតម្លៃសម្រាប់មនុស្សជាតិ។ ការសិក្សា​ផ្តល់មកនូវ​គុណតម្លៃ និងផលប្រយោជន៍ច្រើនបំផុតសម្រាប់បុគ្គលម្នាក់ៗ សង្គម និងពិភពលោក ព្រោះផ្តើមចេញពីការសិក្សា មនុស្សអាចដោះស្រាយបញ្ហា​នានា បង្កើត​សមិទ្ធផលថ្មីៗដើម្បីធ្វើឱ្យការរស់នៅកាន់តែប្រសើរឡើង។

ដោយមើលឃើញថា ​ការអប់រំមានសារៈសំខាន់ អ្នកយកព័ត៌មាននៃកាសែតឡារ៉ែនពាណិជ្ជ បានសម្ភាសជាមួយ​លោក​សាស្រ្តាចារ្យ អីុន វីរជ័យ សាកលវិទ្យាធិការរងជាន់ខ្ពស់​ទទួលបន្ទុក​កិច្ចការសាធារណៈនៃសាកលវិទ្យាល័យ​បៀលប្រាយ ដើម្បីជាប្រយោជន៍សម្រាប់សិស្សដែលទើបបញ្ចប់ការ-សិក្សា​ថ្នាក់មធ្យមសិក្សាទុតិយភូមិត្រៀមខ្លួ​ន​ដើម្បី​សម្រេចចិត្តក្នុងការបន្តការសិក្សានៅកម្រិតឧត្តមសិក្សា។​

1. តើសិស្សដែល​ទើបប្រឡងមធ្យមសិក្សាទុតិយភូមិហើយថ្មីៗគួរត្រៀមខ្លួនអ្វីខ្លះ?
ជាដំបូងខ្ញុំសូម​អបអរសាទរ ចំពោះសិស្សានុសិស្សដែលទើបបញ្ចប់ការសិក្សាដោយជោគជ័យទាំង 112,061នាក់ដែលបានចេញពីប្រអប់នៃកម្រិតចំណេះដឹងទូទៅ តែខ្ញុំចង់បញ្ជាក់ផងដែរថាត្រឹមរយៈពេល 12ឆ្នាំនៃ​ការសិក្សា​នេះមិនទាន់គ្រប់គ្រាន់ទេសម្រាប់ការអភិវឌ្ឍជីវិត។ ប្អូនៗទាំងអស់គ្នាចាំបាច់ត្រូវតែ​បន្តការសិក្សាទៅមុខទៀត ព្រោះវាមិនទាន់គ្រប់គ្រាន់នៅឡើយទេសម្រាប់​ការបញ្ចប់ការសិក្សា​ត្រឹមតែរយៈពេល12ឆ្នាំ ហើយចេញធ្វើការងារ ភ្លាមៗនោះ។ ជីវិតក្នុងសង្គមជាក់ស្តែង ទោះធ្វើការងារក៏ដោយ ធ្វើអាជីវកម្មក៏ដោយ ឬ​ប្រកបអាជីពណាមួយក៏ដោយ​ ចាំបាច់ត្រូវការជំនាញ​ពិតប្រាកដ​មួយ​ដែលទាមទារឱ្យត្រូវតែ​បន្តការសិក្សា​បន្ថែមទៀត ហើយចំពោះគ្រឹះស្ថានឧត្តមសិក្សាវិញ ប្អូនៗត្រូវតែចេះ​ជ្រើសរើស​កន្លែងដែលផ្តល់ការសិក្សា និងគុណភាពច្បាស់លាស់​ដល់ប្អូន​ពិតប្រាកដ ដើម្បីឱ្យប្អូនអាចអភិវឌ្ឍសមត្ថភាពឆ្ពោះទៅរកភាពជាអ្នក​មានជំនាញច្បាស់លាស់ និងមានសមត្ថភាពក្នុងការចូលរួមអភិវឌ្ឍសង្គមជាតិបាន។ ចំណុចដែលត្រូវគិតគឺ៖

ទី1 គឺក្នុងចំណោម​គ្រឹះស្ថានសិក្សាទាំង110 នោះមានទាំងគ្រឹះស្ថានរដ្ឋ និងឯកជន ក្នុងនោះមានដូចជាមជ្ឈមណ្ឌល សាលាជំនាញ វិទ្យាស្ថានបណ្តុះបណ្តាល មហាវិទ្យាល័យ និងសាកលវិទ្យាល័យជាដើម។ កន្លែងទាំងអស់នោះសុទ្ធតែជាកន្លែង​បណ្តុះបណ្តាល​សមត្ថភាពឱ្យក្លាយជាអ្នកជំនាញដូចគ្នា តែសម្រាប់ខ្ញុំ ខ្ញុំសូមផ្តល់យោបល់ថា គួរតែចាប់យកសាកលវិទ្យាល័យ ព្រោះវាមានវិសាលភាពធំជាគេ។

ចំណុចទី2 បើជ្រើសរើសសាកលវិទ្យាល័យ​ត្រូវជ្រើសរើសយកសាកលវិទ្យាល័យណាដែល​មាន​ការរៀបចំច្បាស់លាស់ ដោយសាកលវិទ្យាល័យនោះចាំបាច់ត្រូវតែមាន​មហាវិទ្យាល័យយ៉ាងតិច 5ខុសៗគ្នា។ ចំណុចនេះគឺស្របតាមស្តង់ដារ និងការកំណត់របស់ក្របខ័ណ្ឌគុណវុឌ្ឍិជាតិ ដែលតម្រូវឱ្យ​សាកលវិទ្យាល័យចាំបាច់ត្រូវតែមានមហាវិទ្យាល័យ 5នៅក្នុងនោះ។

ចំណុចទី3 គឺត្រូវមើលពី​ភាពចាស់ទុំ (seniority) ដែលយ៉ាងហោចណាស់សាកលវិទ្យាល័យនោះត្រូវមានអាយុចាប់ពី 10ឆ្នាំ ទៅ15ឆ្នាំដែរ ព្រោះ​សាកលវិទ្យាល័យដែលមាន​បទពិសោធយូរឆ្នាំអាចបង្ហាញលទ្ធផលឱ្យយើងអាចមើលឃើញបានថា ​និស្សិតដែលចេញពីសាកលវិទ្យាល័យនោះមានគុណភាព និងការងារល្អកម្រិតណាខ្លះ ហើយម្យ៉ាងវិញទៀតត្រូវ​មានភាពចាស់ទុំក្នុងការរៀបចំប្រព័ន្ធ​គ្រប់គ្រងឱ្យបានល្អផងដែរ។

ចំណុចទី4 គឺត្រូវចេះសង្កេតមើលថា តើនិស្សិតនៅក្នុងសាកលវិទ្យាល័យនោះច្រើនប៉ុនណា មិនមែនសាកលវិទ្យាល័យមួយមានមនុស្សតែជាង 100នាក់នោះទេ គឺគាត់ទទួលបានការគាំទ្រ និង​មានសិស្សដែលមានគុណភាពពិតប្រាកដ ដែលធ្វើឱ្យអ្នកជំនាន់ក្រោយៗទុកចិត្ត ហើយ​បន្តការសិក្សានៅសាកលវិទ្យាល័យនោះបន្តទៀត។

2. លោកបានបញ្ជាក់ហើយថា រយៈពេល 12ឆ្នាំនេះមិនគ្រប់គ្រាន់ទេ ហេតុនេះត្រូវបន្តការសិក្សា។ តើសិស្សគួរធ្វើយ៉ាងណាដើម្បីសម្រេចចិត្តថា ខ្លួនគាត់ត្រូវ​ចាប់យកអាជីពមួយណាដើម្បីឱ្យត្រូវនឹងខ្លួនគាត់?
ខ្ញុំសូមផ្តល់យោបល់ថា ប្អូនៗ​ដែលចង់ជ្រើសរើសជំនាញឱ្យបានត្រឹមត្រូវសម្រាប់ចាប់យកធ្វើជាអាជីពខ្លួនឯង គួរ​តែសម្រេចចិត្តតាម​ចក្ខុវិស័យ ឬសុបិនរបស់ខ្លួនឯងផ្ទាល់ ថាតើយើងចង់ក្លាយជាអ្វីឱ្យពិតប្រាកដនៅថ្ងៃអនាគត។ ហើយ​ម្យ៉ាងវិញ-ទៀត យើងពេញចិត្តមុខវិជ្ជានោះខ្លាំងប៉ុនណាប្រសិនបើ​យើងពេញចិត្តហើយ ​សូមជ្រើសរើស​យកអាជីពនោះ កុំរារែកតាម​កត្តាខាងក្រៅផ្សេងៗឱ្យសោះ។ ម្យ៉ាងវិញទៀត សិស្សក៏គួរតែព្យាយាមស្វែងយល់ផងដែរពីទីផ្សារការងារ​ និងចរន្តសេដ្ឋកិច្ចរបស់សង្គមថា តើគេត្រូវការជំនាញអ្វីខ្លះ?។ តែទោះជាយ៉ាងនេះក្តី ខ្ញុំនៅតែលើកទឹកចិត្ត​ឱ្យ​ធ្វើ​តាម​អ្វីដែលយើងស្រឡាញ់​ ឬចក្ខុវិស័យផ្ទាល់ខ្លួនព្រោះបើយើងស្រឡាញ់វាពិតប្រាកដ យើងអាចនឹងរីកចម្រើនលឿន។

ជាឧទាហរណ៍ពីមុនគេពេញនិយមគយ គាត់សម្រុកទៅរៀនផ្នែកនោះខ្លាំង ជំនាន់ក្រោយទៀតគេពេញនិយមពេទ្យ ក៏សម្រុកទៅពេទ្យ ហើយក្រោយមកទៀតពេញនិយមគ្រូ​ និងពេញនិយមអាជីព​ផ្សេងៗទៀត ដែលធ្វើឱ្យ​សិស្ស-និស្សិតជាច្រើន​រេចុះរេឡើង ដល់ពេលរៀនពិតប្រាកដមិនមាននិស្ស័យរៀន ក៏រៀនមិនដល់ត្រើយ ហើយក៏​បោះបង់ទៅវិញដែលនាំឱ្យមានការខាតបង់ទាំងលុយកាក់ និងពេលវេលា។

មានអ្នកខ្លះគាត់ផ្លាស់ប្តូរគោលដៅតាមរយៈការងារដែលគាត់កំពុងធ្វើបច្ចុប្ប​ន្ន ជាឧទាហរណ៍មនុស្សមួយចំនួន​គាត់បានចូលធ្វើការងារផ្នែកគិតលុយ (cashier) ​បន្ទាប់មក​គាត់​ក៏ងាកមករៀនតែជំនាញណាដែលពាក់ព័ន្ធនឹងរឿងលុយជុំវិញតែការងារគិតលុយរបស់គាត់ តែពេលសួរគាត់ពិតប្រាកដគាត់ថា ​ពីមុនគាត់ធ្លាប់ស្រមៃចង់​ក្លាយជាអ្នករកស៊ី អ្នករៀបចំយុទ្ធសាស្រ្តទីផ្សារ មិនមែនការងារត្រឹមតែជាអ្នកគិតលុយនោះទេ។ ចំពោះអ្នកខ្លះទៀត គាត់ចាប់ផ្តើមរៀនបណ្តើរ គាត់បានចូលធ្វើការងាររដ្ឋ គាត់ក៏ចាប់ផ្តើមផ្លាស់ប្តូរទៅរៀនច្បាប់ រៀន​រដ្ឋបាលសាធារណៈ ភ្លេចចក្ខុវិស័យខ្លួនឯង ដែលចង់​ក្លាយជាអ្នកជំនាញផ្នែកវិស្វកម្មជាដើម។ ចំណុចនេះ អាចរាំងស្ទះដល់ការអភិវឌ្ឍសមត្ថភាពរបស់គាត់ផងដែរ ហេតុនេះ​សូមចាំថាចំណុចអាទិភាព គឺកុំបោះបង់ក្តីស្រមៃរបស់ខ្លួនឯង។កុំបណ្តោយ​ឱ្យខ្សែជីវិតត្រូវ​រាំងស្ទះ ហើយបាត់បង់ឱកាសអភិវឌ្ឍន៍ឆ្ពោះទៅរក​ភាព​ថ្កុំថ្កើងនៅថ្ងៃអនាគតព្រោះតែផលប្រយោជន៍ភ្លាមៗ ហើយភ្លេចខ្លួន។

3. សម្រាប់អ្នកដែលនៅតាមបណ្តាខេត្ត គាត់តែងតែព្រួយបារម្ភច្រើនពីការបន្តការសិក្សា ខុសពីអ្នកនៅទីក្រុងដែលមានគ្រឹះស្ថានអប់រំច្រើន។ តើគាត់គួរត្រៀមខ្លួនបែបណាខ្លះដើម្បី​បន្តការសិក្សានៅពេលខាងមុខនេះ?
បាទពិតណាស់ ពីមុន​អ្នកនៅតាមបណ្តាខេត្តគាត់តែងតែបារម្ភពី​ការធ្វើដំណើរ បញ្ហាចេញឆ្ងាយពីគ្រួសារ កត្តាជីវភាព ហើយបើចំពោះស្ត្រីវិញគាត់បារម្ភពីកត្តាសុវត្ថិភាព និងសុខភាពជាដើម តែខ្ញុំគិតថាមកដល់ពេលនេះស្ថានភាពវាប្រសើរជាងមុនច្រើន។ ក្នុងចំណោមសាកលវិទ្យាល័យ​ទាំង 110នៅកម្ពុជា​ ក៏មានសាកលវិទ្យាល័យខ្លះ​បើកនៅតាមបណ្តាខេត្តដែរ។ ហេតុនេះពួកគាត់ក៏អាចមានជម្រើសដើម្បីសិក្សានៅតាមបណ្តាខេត្តបាន ព្រោះ​ការធ្វើបែបនេះគឺយើងចង់លើកទឹកចិត្តឱ្យមានការសិក្សាដោយរុញ​គ្រឹះស្ថានសិក្សាឱ្យទៅដល់កន្លែងពួកគាត់រស់នៅតែម្តង។ សូមបញ្ជាក់ផងដែរថាស្តង់ដារនៃការអប់រំ បណ្តុះបណ្តាល​ទោះនៅខេត្ត ឬរាជធានី គឺស្ថិតក្រោមការគ្រប់គ្រង និងស្តង់ដារដូចគ្នា ហេតុនេះគុណភាពក៏មិនខុសគ្នាដែរ។

ម្យ៉ាងវិញទៀត ប្រសិនបើមានអ្នកខ្លះគាត់ចង់បន្តការសិក្សានៅទីក្រុង តែគាត់មិនមានជីវភាពគ្រប់គ្រាន់ គាត់ក៏អាច​ទាក់ទងដើម្បីស្នើសុំកម្ចីសម្រាប់ការសិក្សាផងដែរ ដោយគាត់អាចបង់តែបន្តិចបន្តួចប៉ុណ្ណោះ ព្រោះជាក់ស្តែង ឥឡូវនេះសាកលវិទ្យាល័យ បៀលប្រាយ បានសហការជាមួយដៃគូផ្តល់កម្ចី​​ដល់សិស្សដែល​សិស្សអាចខ្ចីទុនដើម្បីរៀនដោយធ្វើការបង់រំលស់មកវិញបាន ឬ​អាច​មានគ្រឹះស្ថានខ្លះផ្តល់​កម្ចីរហូតដល់រៀនចប់មានការងារធ្វើទើបបង់វិញ​សងក៏បានដែរ។ ហើយ​ចំពោះកម្ចីសិក្សានេះគឺមានការប្រាក់ទាបបំផុត ព្រោះគេចង់លើកទឹកចិត្តឱ្យមានការ​សិក្សាថ្នាក់ឧត្តមសិក្សាឱ្យបានច្រើន។

ខ្ញុំចង់បញ្ចាក់ផងដែរថា មានសិស្សតែប្រមាណ 20%ប៉ុណ្ណោះដែលបានបញ្ចប់ការសិក្សានៅមហា-វិទ្យាល័យ ហេតុនេះយើងត្រូវការធនធានមនុស្សជាច្រើនបន្ថែមទៀតដើម្បីចូលរួមអភិវឌ្ឍសង្គម ឬបង្កើតអាជីវកម្មថ្មីៗ ដើម្បី​បង្កើនពន្ធជូនរដ្ឋ អភិវឌ្ឍនៅនឹងកន្លែង និង​ទាញយក​ធនធានមនុស្ស​ជាច្រើនផ្សេងទៀតឱ្យមានការងារល្អធ្វើ។

4. ចំពោះកម្ចីសិក្សានេះ តើមាន​លក្ខខណ្ឌអ្វីខ្លះ? ហើយ​ធ្វើដូចម្តេចខ្លះទើបនិស្សិតអាចដាក់ពាក្យស្នើសុំបាន?
កម្ចីសិក្សានេះ​មានលក្ខណៈងាយស្រួល ហើយក៏សម្រួលដល់សិស្សច្រើនណាស់ដែរ ព្រោះ​និស្សិតដែលដាក់ពាក្យស្នើសុំ​កម្ចីមិនចាំបាច់ត្រូវការទ្រព្យតម្កល់នោះទេ គាត់គ្រាន់តែមានការធានាពីបងប្អូន ឬអាណាព្យាបាលជាការស្រេច។ ម្យ៉ាងវិញទៀតដូចខ្ញុំបញ្ជាក់ខាងដើមថា ការប្រាក់សម្រាប់គាត់មាន​លក្ខណៈទាបជាង​កម្ចីដទៃទៀត។

ចំពោះលក្ខខណ្ឌវិញ គឺគាត់មាន​ជម្រើសមួយចំនួនគឺ ខ្ចី​សម្រាប់រៀនបណ្ដើរបង់បណ្តើរក៏បានឬចង់​រៀន​ហើយមានការងារធ្វើ ចាំបង់សងវិញក៏បាន។ សម្រាប់សាកលវិទ្យាល័យ​ បៀលប្រាយយើងបានសហការជាមួយដៃគូជាច្រើនដើម្បី​ផ្តល់កម្ចីដល់សិស្ស​ ព្រោះយើងមិនគិតប្រាក់ចំណេញជាចំណុចចម្បងនោះទេ តែអ្វីដែលយើងផ្តោត គឺ​ផ្តល់ឱកាសសម្រាប់ការជំរុញឱ្យមានធនធានមនុស្សកាន់តែច្រើនដើម្បី​អភិវឌ្ឍសង្គម។

ទោះបីជានាពេលបច្ចុប្បន្ននេះ សិស្សដែលដាក់ពាក្យសុំកម្ចីសម្រាប់ការ​សិក្សានេះមិនមានចំនួនច្រើនខ្លាំងក៏ដោយ តែយើងឃើញថា​មានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ យើងនឹងបន្ត ផ្សព្វផ្សាយ​បន្ថែមទៀត ដើម្បីឱ្យសិស្ស-និស្សិតបានយល់ពីសារៈសំខាន់របស់វា ហើយ​ហ៊ានវិនិយោគជាមួយនឹងការអប់រំ។

5. សិស្សជាច្រើននាពេលបច្ចុប្បន្ននេះតែងតែខ្លាចថា ​រៀនហើយមិនមានការងារធ្វើ ហើយមិនហ៊ាន​សម្រេចចិត្តដើរចូលគ្រឹះស្ថាន​ឧត្តមសិក្សា តើលោកមានមតិអ្វីខ្លះជុំវិញបញ្ហានេះ?
មនុស្សជាច្រើន​ៗគិតថា រកស៊ី​តែងតែសំដៅលើចំណេញ និងខាត តែអ្វីដែលសំខាន់សម្រាប់អ្នកដែលមិនហ៊ានសម្រេចចិត្ត​នោះគឺគាត់មិនហ៊ានវិនិយោគតែម្តង។ ចំណេញ និងខាត វាស្ថិតនៅជាមួយគ្នា ហេតុនេះទាល់តែហ៊ានខាតទើបអាចចំណេញ បើមិនហ៊ានទាំងដាក់ទុន​ផង តើបានចំណេញមកពីណា? នេះជាជ្រុងមួយនៃការរកស៊ី។ ចំណែកឯការអប់រំ​វិញក៏ស្រដៀងគ្នាដែរ តែមិនដូចគ្នាទាំងអស់នោះទេ ព្រោះការអប់រំ​ជាការវិនិយោគដែលចំណេញបំផុត។ សម្រាប់មតិខ្ញុំ ខ្ញុំតែងតែលើកឡើងថា ការចុះឈ្មោះចូលរៀននៅមហាវិទ្យាល័យ គឺជាការវិនិយោគ​ដែលទទួលបានប្រាក់-ចំណូលឥតព្រំដែនពេញមួយជីវិត។

កំហុសធំមួយសម្រាប់អ្នកលក់ គឺតែងតែសួរថា គេទិញ ឬអត់? ហើយទំនិញនោះលក់ដាច់ឬអត់? តែពេលអ្នកទិញសួរវិញថា មានអ្វីលក់ខ្លះ? គាត់បែរជាឆ្លើយមិនចេញ ឬរករបស់លក់ឱ្យគេមិនបាន។ ឆ្លុះបញ្ចាំងពីរឿងនេះ គឺខ្ញុំចង់ឱ្យសិស្សទាំងអស់កុំទាន់គិតថា រៀនចប់រកការងារធ្វើមិនបាន តែត្រូវហ៊ាន​វិនិយោគខ្លួនឯងដោយបន្តការសិក្សានៅសាកលវិទ្យាល័យដើម្បីធ្វើឱ្យខ្លួនឯងមានសមត្ថភាពគ្រប់គ្រាន់សិន ដើម្បីឆ្លើយតបនឹងទីផ្សារការងារដែលគេកំពុងតែត្រូវការ។ ជាក់ស្តែង ក្រុមហ៊ុននៅកម្ពុជាច្រើនណាស់ដែលកំពុងត្រូវការ​មនុស្សដែលមានសមត្ថភាពធ្វើការងារ​ ខ្លាចតែរៀនមិនចេះ ឬសមត្ថភាពខ្សោយទេ ទើបរកការងារធ្វើមិនបាន ហេតុនេះ​អ្វីដែលគាត់ត្រូវធ្វើមិនមែនដេកភ័យទេតែត្រូវតស៊ូអភិវឌ្ឍខ្លួនឯង ដោយខិតខំយកចិត្តទុកដាក់លើការរៀនសូត្រឱ្យមានគុណភាព និងសមត្ថភាពខ្លាំង ព្រោះបច្ចុប្បន្នក្រុមហ៊ុនជាច្រើនកំពុងតែខ្វះបុគ្គលិកធ្វើការ។

6. ចំពោះអ្នកប្រឡងធ្លាក់វិញ តើពួកគាត់គួរតែធ្វើអ្វីបន្តទៀតសម្រាប់ជីវិតគាត់?
សម្រាប់ខ្ញុំ ខ្ញុំមិនប្រើពាក្យថាធ្លាក់នោះទេ តែខ្ញុំសូមប្រើពាក្យថា បាននិទ្ទេសទាបជាងគេ។ បើយើងប្រើពាក្យថាធ្លាក់នេះ គឺមានន័យថាមនុស្សក្នុងសង្គម​កំពុងតែ​ធ្វើឱ្យ​គាត់បាក់ទឹកចិត្ត ហើយអាចបោះបង់ក្តីសុបិនរបស់ខ្លួនចោល។ ឆ្លៀតក្នុងឱកាសនេះខ្ញុំចង់ផ្តល់សារទៅកាន់អ្នកដែលបាននិទ្ទេស F ថាក្របខ័ណ្ឌគុណវុឌ្ឍិជាតិមិនបានហាមឃាត់មិនឱ្យ​សិស្សជាប់និទ្ទេស F មិនអាចចូលរៀនឧត្តមសិក្សានោះទេ ហើយ​ពេលក្រុមហ៊ុន​គេជ្រើសរើសមនុស្សធ្វើការងារក៏គេមិនដែលសួរថាធ្លាក់ ឬជាប់បាក់ឌុបដែរ។ ហេតុនេះ​ជីវិត មិនមែនកំណត់លើក្រដាសមួយសន្លឹកនោះទេ តែវាអាស្រ័យលើសមត្ថភាពវិជ្ជាជីវៈដែលយើងមាន​ ឬជំនាញ​ច្បាស់លាស់សម្រាប់អាជីពការងារ។ ប្អូនៗក៏អាច​បន្តការសិក្សារហូតដល់អនុបណ្ឌិត ឬបណ្ឌិតបានដូចគ្នា ហេតុនេះមិនគួរទេដែលត្រូវបាក់ទឹកចិត្ត ហើយបោះបង់ក្តីស្រមៃចោលនោះ។ ផ្លូវដើរនៅមានវែងឆ្ងាយទៀត ហើយកុំខ្វល់ថាជាប់ឬធ្លាក់ យើងអាចទៅមុខបានដូចគ្នា គ្រាន់តែយើងទៅច្រកខុសគ្នាតែប៉ុណ្ណោះ។

លោក អីុន វីរជ័យ

មនុស្សគ្រប់គ្នា ទាំងអ្នកជាប់ ទាំងអ្នកធ្លាក់ ទាំងអ្នកនិទ្ទេស A ឬនិទ្ទេស F សុទ្ធតែត្រូវការ​អាជីពដើម្បីចិញ្ចឹមជីវិតដូចគ្នា ហេតុនេះបេសកកម្មរបស់យើងគឺខិតខំប្រឹងប្រែងបង្កើនសមត្ថភាពជំនាញដើម្បី​ចិញ្ចឹមជីវិត ហើយ​យើងទាំងអស់គ្នាមានសិទ្ធិដូចគ្នាក្នុងការ​ប្រកួតប្រជែង ឬ​ធ្វើការងារចិញ្ចឹមជីវិត ដោយគ្មានការហាមឃាត់។ បេសកកម្មរបស់ប្អូនៗ និទ្ទេស F មិនទាន់បញ្ចប់នៅឡើយទេ ប្អូនគួរបន្តការសិក្សាស្រាវជ្រាវ និងពង្រឹងសមត្ថភាពខ្លួនឯងឡើងវិញ ដើម្បី​ក្លាយជាធនធានដ៏មានតម្លៃនៅថ្ងៃអនាគត៕

អត្ថបទពេញនិយម

អាការ​តាំង​គភ៌ថ្មីៗ និង14សញ្ញា​បញ្ជាក់ថាអ្នក​កំពុង​ជិត​ក្លាយជា​ម្តាយ​គេ​ហើយ

សម្រាប់​អាការ​របស់​អ្នក​តាំង​គភ៌​រយៈដំបូងៗ តើ​យើង​នឹង​ដឹង​យ៉ាងណា​បាន​ថា កំពុងតែ​មានគភ៌​ឬក៏​អត់? ព្រោះ​ក្នុង​រយៈ​ពេល​1សប្តាហ៍​ដំបូង អាច​និយាយបានថា ជា​អំឡុង​ពេលដែល​មិនសូវ​បង្ហាញ​អាការ​ប៉ុន្មាន​ឡើយ ហើយ​បើ​អីុចឹង តើនារីៗយើង​នឹង​ដឹង ហើយ​ប្រាកដ​ក្នុង​ចិត្ត​យ៉ាងណា​បាន​ទៅ​ថា...

អាការ9យ៉ាង​នៃ​អ្នក​ចាប់ផ្តើម​មាន​ផ្ទៃពោះ ដែលនារីៗទាំងឡាយ​គួរ​ដឹង

សញ្ញា​នៃ​ការតាំង​គភ៌​មិន​មែនមាន​ត្រឹមតែ​ការ​ក្អួតចង្អោរ​ប៉ុណ្ណោះ​ទេ ព្រោះ​អាការ​របស់​អ្នកមាន​ផ្ទៃពោះ​ក្នុង​រយៈ​ដំបូង​អាច​មិន​ដូចគ្នា​ទាំងអស់​នោះទេ អ្នកខ្លះ​ចាញ់​ខ្លាំង ឬ​អ្នកខ្លះ​សឹងតែ​គ្មាន​អាការ​ចាញ់កូន​សោះ​ក៏មាន ឯ​អ្នក​ខ្លះទៀត​កើត​អាការប្លែកៗដែល​ធ្វើឱ្យ​យល់ច្រឡំ​ថា ជា​អាការ​ជំងឺ​អ្វីមួយ​ទៅវិញ ដូច្នេះ​នៅពេលនេះ ឡា​រ៉ែ​ន សូម​រួបរួម​អាការ​របស់​អ្នកមាន​ផ្ទៃពោះ​ក្នុងលក្ខណៈផ្សេងៗមក​ជម្រាប​ជូនជ្រាប...

ត្រូវតែដឹង… អាការឈឺពោះផ្នែកខាងស្ដាំបញ្ជាក់ប្រាប់ពីជំងឺអ្វីខ្លះ?

នរ​ណាៗ​ក៏​ដឹង​ដែរ​ថា​ អាការ​ឈឺពោះ​នេះ​ នៅពេល​ដែល​វា​កើតឡើង​ហើយ​ តែងតែ​សាង​នូវ​ក្ដី​លំបាក​ដល់​រាងកាយ​របស់​យើង​ខ្លាំង​ណាស់​ មិនថា​តែ​ឈឺពោះ​ផ្នែក​ខាងឆ្វេង​ ឬផ្នែក​ខាងស្ដាំ​ឡើយ​។ បើសិនជា​អាការ​ឈឺ​ក្នុង​លក្ខណៈ​នោះ​កើតឡើង​ចំពោះ​យើង​ញឹកញាប់​ នោះ​វា​អាច​ជា​សញ្ញា​មួយ​ដែល​ប្រាប់​ឱ្យ​យើង​ដឹង​អំពី​បញ្ហា​សុខភាព​ដែល​កំពុង​ជិត​មកដល់​ ដូច្នេះ​សូម​ឱ្យ​នឹក​ឃើញ​ជាប់​ជានិច្ច​ថា​...

វិធីពន្លឿនការមករដូវប្រចាំខែ ឱ្យធ្លាក់លឿនជាងមុន មិនមានគ្រោះថ្នាក់ និងទទួលបានផលល្អ

ការមករដូវ គឺជារឿងធម្មតាសម្រាប់ស្ត្រី ប៉ុន្តែស្ត្រីមួយចំនួនអាចមានបញ្ហាមករដូវមិនប្រក្រតី ហើយមានស្ត្រីខ្លះឆាប់មករដូវ ខ្លះទៀតបាត់រដូវ រដូវមកមិនទៀងទាត់ ឬមករដូវយឺតជាដើម។ ស្ត្រីខ្លះអាចរាំងរដូវរហូតដល់គិតថា អ្នកមានផ្ទៃពោះម្តងទៀត...

ឈឺពោះខាងស្តាំ… អាការឈឺនេះបញ្ជាក់ពីជំងឺអ្វីបានខ្លះ?

ឈឺពោះខាងស្តាំញឹកញាប់ រហូតចាប់ផ្តើមនឹកចម្លែកចិត្តចំពោះខ្លួនឯង ថាអេះ៎? អាការឈឺពោះខាងស្តាំនេះកំពុងតែប្រាប់ពី ហេតុអ្វីម្យ៉ាងនៅក្នុងរាងកាយឱ្យយើងដឹងទេដឹង?។ អាការឈឺពោះខាងស្តាំ មិនថាតែផ្នែកខាងលើ ខាងក្រោម ឬឈឺពោះម្តុំក្រោមឆ្អឹងជំនីនោះឡើយ គ្រប់អាការឈឺពោះដែលកើតឡើងសុទ្ធតែមានដើមកំណើតរបស់វាទាំងអស់...

និស្សិត​ផ្នែកស្ថាបត្យកម្មមួយ​ក្រុម ​បង្ហាញ​គម្រោង​កែលម្អរសួនច្បារ​ផ្សារចាស់ ជា​តំបន់លំហ​បៃតង​សម្រាប់​សកម្មភាព​សហគមន៍ និង​ទាក់ទាញ​ទេសចរ

ភ្នំពេញ ៖ សួនច្បារ​ផ្សារ​ចាស់​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយ​លាត​សន្ធឹង​ពី​ផ្សារ​រាត្រី​ជិត​មាត់ទន្លេ រហូត​ដល់​ស្ថានីយ​អយស្ម័យយានកម្ពុជា, បច្ចុប្បន្ន​សួន​មួយ​នេះ មាន​បញ្ហា​ប្រឈម​មួយ​ចំនួន​ដូចជា​ការ​កកស្ទះ​ចរាចរណ៍​ដោយ​សារ​ចំណត បញ្ហា​បរិស្ថាន...

ថ្នាក់ដឹកនាំនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កៀរគរក្រុមហ៊ុនជប៉ុនឱ្យមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត

(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសមាគមជប៉ុន-កម្ពុជា...

កម្ពុជាក្លាយជាម្ចាស់ផ្ទះរៀបចំកម្មវិធីប្រគល់ពាន​រង្វាន់​​អាស៊ានសម្រាប់​អាជីវកម្ម​ និងធុរកិច្ច​​ ឆ្នាំ២០២៤

ភ្នំពេញ ៖​  ពាន​រង្វាន់​​អាស៊ាន ​សម្រាប់​អាជីវកម្ម​ និងធុរកិច្ច​​ ដែល​បានជួយ​កិច្ច​ការ​សង្គម​ប្រចាំឆ្នាំ ២០២៤ ​ត្រូវ​បានរៀបចំឡើង​នៅរាជធានីភ្នំពេញ​ប្រទេស​កម្ពុជា កាលពីរាត្រីថ្ងៃទី...

ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា នឹងចាប់ផ្តើមនៅពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៤នេះហើយ

ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជាមួយទៀត ដែលជាឱកាសដ៏ល្អសម្រាប់ភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ ដែលជាពាណិជ្ជករ ផលិតករ វិនិយោគិន និងសាធារណជន ដើម្បីមកជួបជុំគ្នា មានទំនាក់ទំនងជាមួយគ្នាជាលក្ខណៈផ្លូវការ...

អត្ថបទស្រដៀងគ្នា