ម្ចាស់សួនកម្សាន្ដ «ស្លឹកឈូកយក្ស» ឬមានឈ្មោះជាផ្លូវការថា «បួអៈម៉នរ៉ាត់ ( บัวอมรรัตน์ )» បានបង្ហើបប្រាប់ថា ក្នុងមួយថ្ងៃៗមានភ្ញៀវទេសចរមកថតរូបកម្សាន្ដនៅក្នុងសួននេះជាច្រើននាក់ ហើយមានអ្នកខ្លះឈរ ឬអង្គុយនៅក្នុងស្លឹកឈូកយក្សនេះទៀតផង ដោយសារតែវាមានបន្ទះក្រដាសមិនជក់ទឹកសម្រាប់ទ្រាប់អង្គុយ ការពារប្រឡាក់ ឬសើមគូទ។
លោក ថាំមៈរ៉ុង ស៊ិរិផាត់ថៈណា មានវ័យ 55ឆ្នាំ បានបង្កើតសួនកម្សាន្ដនេះឡើងនៅឆ្នាំ2016 ដែលមានទីតាំងស្ថិតនៅក្នុងភូមិទី10 ម្ដុំវត្តច័ន្ទ ស្រុកសងឃ្វែ ខេត្តភិសៈនុលោក។ លោកបានរៀបរាប់ថា ភ្ញៀវទេសចរដែលមកកាន់ទីនេះ មិនត្រឹមតែចាប់អារម្មណ៍ចំពោះទេសភាពដ៏ស្រស់ត្រកាលនោះទេ ប៉ុន្ដែពួកគេចាប់អារម្មណ៍ខ្លាំងចំពោះបច្ចេកទេសដាំ និងថែទាំ ដើម ស្លឹក និងផ្កាឈូកយក្សដែលមិនងាយខូច និងរក្សាស្លឹកមិនឱ្យសត្វល្អិតស៊ីបានទៀតផង។ លោកបន្ដថា នៅទីនេះ មានបង្រៀនបច្ចេកទេស ព្រមទាំងលក់កូនឈូកឱ្យអតិថិជនដែលមកកម្សាន្ដក្នុងតម្លៃជាកញ្ចប់ 500បាត មិនបូកបញ្ចូលជាមួយតម្លៃជីធម្មជាតិឡើយ។
គួរបញ្ជាក់ផងដែរថា ដើមឈូកយក្សនេះអាចធំលូតលាស់ពេញទំហឹងមានប្រវែង 2ម៉ែត្រ ហើយលាតត្រដាងស្លឹកបាន 2,20 ម៉ែត្រ និងអាចទ្រទម្ងន់បានដល់ទៅ 100គីឡូក្រាម ។ ភ្ញៀវទេសចរដែលចូលមកកម្សាន្ដនៅទីនោះត្រូវចំណាយថ្លៃទិញសំបុត្រក្នុងម្នាក់ 10បាត ហើយប្រសិនបើចង់អង្គុយ ឬឈរថតរូបនៅលើស្លឹកឈូកនោះ ត្រូវចំណាយ 100បាតបន្ថែមទៀត។
តោះ! នៅចាំអីទៀត ទៅទស្សនាទាំងអស់គ្នា…