មូលដ្ឋានសំខាន់ៗចំនួន4 បាននាំឱ្យស្ថានភាពសេដ្ឋកិច្ចនៃប្រទេសកម្ពុជាសម្រេចបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចយ៉ាងរឹងមាំក្នុងរយៈពេលជាងពីរទសវត្សរ៍ចុងក្រោយនេះ។ នេះបើតាមការលើកឡើងរបស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងជំនួបជាមួយគណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដឹកនាំដោយលោក ម៉ាបុប អាមេដ (Mr. Mahbub Ahmed)។
ក្នុងជំនួបជាមួយនាយកប្រតិបត្តិជំនួសប្រចាំធនាគារអភិវឌ្ឍន៍អាស៊ី (ADB Alternate Executive Director) ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជានាថ្ងៃទី13 ខែកញ្ញា ឆ្នាំ2018 ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ បានលើកឡើងថា កម្ពុជាសម្រេចបានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងកំណើនសេដ្ឋកិច្ចខ្ពស់ជាមធ្យមក្នុងកម្រិត 7.7% ក្នុងមួយឆ្នាំ ហើយសេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងថា នឹងបន្តកំណើនរឹងមាំក្នុងរង្វង់អត្រា7,2 ក្នុងឆ្នាំ2018នេះ ។
ឯកឧត្ដមអគ្គបណ្ឌិតបានបន្តថា កត្តានេះហើយដែលធ្វើឱ្យផលិតផលក្នុងស្រុកសរុបសម្រាប់ប្រជាជនម្នាក់ៗកើនឡើងជាង 7ដង ប្រមាណជាង 200ដុល្លារអាមេរិកក្នុងឆ្នាំ1992 មកប្រមាណជិត1,500ដុល្លារអាមេរិកនៅឆ្នាំ2018នេះ ចំណែកឯអត្រានៃភាពក្រីក្របានធ្លាក់ចុះពីប្រមាណ50% ក្នុងឆ្នាំ1992 មកនៅត្រឹមរង្វង់13.5% ក្នុងឆ្នាំ2014 ទោះបីត្រូវជួបប្រទះបញ្ហាប្រឈម និងហានិភ័យពីខាងក្រៅមួយចំនួនក៏ដោយ។
ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យក៏បានបញ្ជាក់ដែរថា មូលដ្ឋានសំខាន់មួយចំនួន4 ដែលនាំឱ្យស្ថានភាពសេដ្ឋកិច្ចនៃប្រទេសកម្ពុជាសម្រេចបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចយ៉ាងរឹងមាំនោះគឺ ៖
1- ការធានាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការបង្កើតបរិយាកាសអំណោចផល សម្រាប់ការអភិវឌ្ឍ។
2- គោលនយោបាយ និងកម្មវិធីអភិវឌ្ឍច្បាស់លាស់ ប្រកបដោយសង្គតិភាព និងការដាក់ចេញនូវវិធានការកែទម្រង់មុតស្រួច ព្រមទាំងការពង្រឹង និងលើកកម្ពស់សមត្ថភាពស្ថាប័នសាធារណៈ។
3- ការអភិវឌ្ឍប្រកបដោយចីរភាព ដែលផ្តោតលើការអភិវឌ្ឍធនធានមនុស្ស និងការគាំពារសង្គម។
4- ការធ្វើពិពិធកម្មសេដ្ឋកិច្ច តាមរយៈការពង្រឹងហេដ្ឋារចនាសម្ព័ន្ធ រូបវន្តទាំងទីក្រុង និងជនបទ។
លោក ម៉ាបុប អាមេដ បានបញ្ជាក់តបថា កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញនូវជោគជ័យដ៏ធំធេងរបស់កម្ពុជាក្នុងការបន្តរក្សា និងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព រក្សាបាននូវសមធម៌សង្គមល្អប្រសើរ និងកាត់បន្ថយភាពក្រីក្រ និងជាពិសេស គឺរាជរដ្ឋាភិបាលកម្ពុជា មានគោលនយោបាយត្រឹមត្រូវ ច្បាស់លាស់ ក្នុងការអភិវឌ្ឍប្រទេសជាតិ៕