ប្រធានាធីបតីអាហ្វ្រិកខាងត្បូង លោក Cyril Ramaphosa បាននិយាយថា រដ្ឋាភិបាលរបស់លោក នឹងធ្វើការជាមួយក្រុមហ៊ុនលក់ទំនិញតាមអនឡាញដ៏ធំរបស់ចិន Alibaba ជាពិសេសគឺលោក Jack Ma ក្នុងការរុញច្រានវិស័យបច្ចេកវិទ្យាតាម-រយៈការអភិវឌ្ឍលើសេដ្ឋកិច្ចឌីជីថលនៅក្នុងតំបន់អាហ្រ្វិក។
ថ្មីៗនេះ ប្រធានាធីបតីអាហ្វ្រិកខាងត្បូង លោក Cyril Ramaphosa បានដឹកនាំគណៈប្រតិភូរដ្ឋមន្ត្រី និងមន្ត្រីជាច្រើនរូបទៅធ្វើទស្សនកិច្ចនៅក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Alibaba នេះ។ នៅក្នុងដំណើរទស្សនកិច្ចនោះ លោកប្រធានាធិបតី បានស្នើសុំឱ្យស្ថាបនិករបស់ក្រុមហ៊ុន Alibaba គឺលោកមហាសេដ្ឋី Jack Ma ចូលរួមជួយអភិវឌ្ឍវិស័យបច្ចេកវិទ្យាតាមរយៈការអភិវឌ្ឍលើសេដ្ឋកិច្ចឌីជីថលនៅក្នុងតំបន់អាហ្រ្វិក។
ប្រធានាធិបតីលោក Ramaphosa បានបង្ហាញជំហរ និងឆន្ទៈរបស់លោកថា លោកចង់អញ្ជើញ Jack Ma ទៅកាន់អាហ្វ្រិកខាងត្បូងដើម្បីជួយជ្រោមជ្រែងប្រទេសរបស់លោកក្នុងការបង្កើតមជ្ឈមណ្ឌលហ្វឹកហាត់លើវិស័យពាណិជ្ជកម្មអេឡិចត្រូនិក ដែលនេះគឺជាការគិតទុករបស់លោកជាយូរណាស់មកហើយ ដោយសារតែនៅពេលដែលលោកបានប្រកាសរឿងនេះទៅកាន់ទីសាធារណៈ អ្នកគ្រប់គ្នាពិតជាមានភាពសប្បាយរីករាយ និងរំភើបចិត្តក្នុងការបង្កើតមជ្ឈមណ្ឌលបណ្ដុះបណ្ដាលយុវវ័យ ពិសេសសម្រាប់យុវនារីនៅអាហ្វ្រិកតែម្ដង។
លោក Jack Ma ដែលជាស្ថាបនិកដ៏មហិមានៃក្រុមហ៊ុន Alibaba បាននិយាយថា ហេដ្ឋារចនាសម្ព័ន្ធអាហ្វ្រិកសព្វថ្ងៃនេះ មិនទាន់ល្អឥតខ្ចោះ នៅឡើយទេ ហើយក៏មិនទាន់អាចនិយាយបានថា ល្អនោះដែរ ប៉ុន្តែនេះគឺជាឱកាសដ៏ល្អមួយ។ ដូច្នេះ នេះគឺជាអ្វីដែលពួកគេជឿជាក់ ពីព្រោះនោះគឺអ្នកមានឱកាសដើម្បីចូលទៅជួយស្ដារហេដ្ឋារចនាសម្ព័ន្ធលើវិស័យសេដ្ឋកិច្ចឌីជីថល។ ពួកគេមានទំនុកចិត្តចំពោះទ្វីបអាហ្វ្រិក ពួកគេគិតថា សហគ្រិនមជ្ឈិមវ័យ និងអ្វីៗទាំងអស់ សុទ្ធតែត្រូវធ្វើ ពួកគេគួរតែចាប់ផ្តើមធ្វើឥឡូវនេះតែម្ដង។
គួរបញ្ជាក់ផងដែរថា កំពូលមហាសេដ្ឋីចិន លោក Ma បានទៅលេងប្រទេសអាហ្រ្វិកកាលពីខែមុនកន្លងទៅ។ អ្នកបង្កើតក្រុមហ៊ុន Alibaba រូបនេះ បានលើកឡើងថា ទ្វីបអាហ្រ្វិក គឺជាទឹកដីដែលសម្បូរទៅដោយឱកាស និងក្ដីសង្ឃឹម៕