បើនិយាយពីការអប់រំមួយម៉ាត់ មិនមែនសំដៅតែលើការបណ្តុះបណ្តាលកូនក្មេងនោះទេ តែវាចាំបាច់មានការចូលរួមពីអាណាព្យាបាលផងដែរ ព្រោះកុមារមិនអាចអភិវឌ្ឍសមត្ថភាពបានល្អនោះទេ ប្រសិនបើពួកគេរៀនពីមេរៀនល្អៗនៅសាលា ហើយត្រូវទាញទៅមិនល្អវិញនៅពេលពួកគេចូលមករស់នៅក្នុងគ្រួសារជាក់ស្តែង។
នៅកម្ពុជា បញ្ហាយុវជនមានភាពបាក់ស្បាត ឬមិនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការសម្រេចចិត្ត គឺដោយសារតែពួកគេមួយចំនួនធំ រស់នៅក្នុងពិភពគ្រួសារ និងសហគមន៍ ដែលរឹតត្បិតដល់សេរី-ភាពនៃការសម្រេចចិត្តរបស់ពួកគេ។ កុមារត្រូវបានគេកំណត់ថា ឱ្យត្រូវតែដើរតាមអ្វីដែលមនុស្សធំកំណត់ ហើយពួកគេមិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបញ្ចេញមតិ ឬបង្ហាញពីអ្វីដែលគេចង់បាននោះទេ ព្រោះទម្លាប់របស់សង្គមយើងឱ្យតែកុមារបញ្ចេញមតិយោបល់តវ៉ា ឬនិយាយអំពីអ្វីដែលចង់បានគឺគេហៅថាជាការតមាត់ ឬជាសកម្មភាព ហាមឃាត់។ ក្រៅពីការកំណត់បន្ទាត់សម្រាប់កុមារ ហើយនោះ ពួកគេមួយចំនួនក៏បានទទួលការអប់រំបែបតឹងរ៉ឹងពីអាណាព្យាបាលដែលធ្វើឱ្យពួកគេបាក់ស្បាត និងងាយរងគ្រោះដោយអំពើហិង្សានៅក្នុងការរស់នៅនៅពេលដែលពួកគេធំឡើង និងបន្តទៅអ្នកជំនាន់ក្រោយបន្តទៀត។
នៅពេលកុមារមិនទទួលបានការគាំពារបែបវិជ្ជមាន វាអាចនឹងផ្តល់វិបត្តិមួយចំនួនសម្រាប់សង្គម ព្រោះយុវជនដែលធំឡើងពីស្ថានភាពអវិជ្ជមាន អាចនឹងមិនសូវហ៊ានសម្រេចចិត្តលើវាសនាខ្លួនឯងនោះទេ ហើយតែងតែបារម្ភពីការស្តីបន្ទោស ឬទណ្ឌកម្មជាដើម។ ម្យ៉ាងវិញទៀត កត្តាទាំងអស់នេះអាចជាបញ្ហាប្រឈមមួយដែលធ្វើឱ្យយុវជននាសម័យថ្មីមិនសូវមាននាវានុវត្តន៍ថ្មីៗ ដែលទាមទារឱ្យមានការបណ្តុះបណ្តាលខ្លាំងក្លាបន្ថែម។ តែជាទូទៅ អាណាព្យាបាលទាំងឡាយគួរយកចិត្តទុកដាក់ខ្លាំងពីជំនាញភាពជាអាណាព្យាបាល (Parenting Skill) ដែលជាកត្តាសំខាន់ក្នុងការជំរុញកូនៗឱ្យក្លាយជាមនុស្សខ្លាំងនៅថ្ងៃអនាគត។
លោក គង់ សំនៀង ប្រធាននាយកប្រតិបត្តិការនៃក្រុមហ៊ុនវ៉េស្ទឡាញន៍ អេឌ្យូខេសិន គ្រុប បានលើកឡើងថា ទន្ទឹមនឹងកូនតូចៗទទួលបានការសិក្សាល្អពីប្រព័ន្ធអប់រំដែលមានគុណភាព អាណាព្យាបាលក៏ចាំបាច់ត្រូវយល់ដឹងផងដែរពីវិធីក្នុងការអប់រំកូនដើម្បីជំរុញពួកគេឱ្យក្លាយជាមនុស្សខ្លាំងនៅថ្ងៃអនាគត។ ប្រសិនបើអាណាព្យាបាលយល់ដឹងខ្ពស់ពីវិធីសាស្រ្តក្នុងការអប់រំកូននៅក្នុងផ្ទះ យល់ពីតម្រូវការជាក់ស្តែងរបស់កុមារ ហើយចេះលើកទឹកចិត្តពួកគេឱ្យមានការខិតខំប្រឹងប្រែង នោះកុមារនឹងអាចអភិវឌ្ឍខ្លួនក្នុងស្ថានភាពវិជ្ជមាន ដែលធ្វើឱ្យពួកគេអាចក្លាយជាមនុស្សមានភាពច្នៃប្រឌិតខ្ពស់ និងអត្តចរិតល្អនៅថ្ងៃអនាគត។
លោក គង់ សំនៀង បាននិយាយថា៖ “ប្រសិនបើកូនតូចៗ កំពុងខិតខំប្រឹងរៀន តែអាណាព្យាបាលគាត់មានបញ្ហាច្រើន មានវិបត្តិឈ្លោះទាស់ទែងគ្នាមានអំពើហិង្សា និងមានគំរូមិនល្អ នោះក្មេងក៏មិនអាចរៀនពូកែបានដែរ”។
អាណាព្យាបាលចាំបាច់ត្រូវតែដឹងពីតួនាទីរបស់ខ្លួនក្នុងការបណ្តុះបណ្តាលកុមារ ព្រោះក្មេងៗនៅសាលាក្នុងរយៈពេលខ្លី តែរស់នៅជាមួយអាណាព្យាបាលក្នុងរយៈពេលវែង ហេតុនេះប្រសិនបើអាណាព្យាបាលមានចំណេះដឹងក្នុងការគ្រប់គ្រងក្មេងបានល្អ នោះមានន័យថា ការអប់រំកុមារក៏មានលក្ខណៈពេញលេញ ឆ្លើយតបឱ្យគ្នាបានល្អផងដែរ។ អាណាព្យាបាលជាច្រើនចង់ឱ្យកូនក្លាយជាមនុស្សល្អ តែពេលខ្លះទង្វើរបស់គាត់អាចប៉ះពាល់ដល់ការគិតរបស់ក្មេងដោយមិនដឹងខ្លួន ហេតុនេះអ្វីដែលអាចធ្វើបានគឺកាត់បន្ថយទម្លាប់អវិជ្ជមានដែលធ្លាប់ទទួលបានពីអាណាព្យាបាលជំនាន់មុន ហើយស្វែងយល់ពីវិធីល្អៗដើម្បីជំរុញក្មេងៗជំនាន់ក្រោយឱ្យកាន់តែមានសក្តានុពលវិជ្ជមាន។
អាណាព្យាបាលជាច្រើននៅកម្ពុជាមិនសូវផ្តល់ឱកាសឱ្យកូនក្នុងការសម្រេចចិត្តខ្លួនឯងនោះទេ តែគាត់ចូលចិត្តសម្រេចចិត្តជំនួសកូនតូច ព្រោះគាត់តែងតែគិតថា កូនរបស់គាត់នៅក្មេងជានិច្ច។ ចំណុចនេះពេលខ្លះបានផ្តល់ផលវិជ្ជមានដល់ក្មេងដោយទទួលបានការថ្នាក់ថ្នម និងទំនុកបម្រុងជាប់ជានិច្ចតាំងពីតូចដល់ធំ តែវាក៏ផ្តល់គុណវិបត្តិច្រើនផងដែរនៅពេលអាណាព្យាបាលនៅតែព្យាយាមក្តោបក្តាប់សិទ្ធិក្នុងការសម្រេចចិត្តរបស់កូនលើគ្រប់រឿងទាំងអស់ ដែលធ្វើឱ្យគេបាត់បង់សេរីភាពក្នុងការគិត។ ក្រៅពីនេះ យុវជនជាច្រើនហាក់ព្យាយាមដើរក្នុងផ្លូវអវិជ្ជមានដើម្បីគេចចេញពីគំនាបអប់រំក្នុងគ្រួសារដែលអាណាព្យាបាលមិនបានយល់ដឹងពីវិធីសាស្ត្រប្រឹក្សាជាមួយកូន និងវិធីសាស្រ្តជំរុញកូនឱ្យមានភាពក្លាហាន និងសម្រេចចិត្តឱ្យបានត្រឹមត្រូវ៕