ថ្មីនេះ មានការប្រតិកម្មដោយអារម្មណ៍ខឹងសម្បាយ៉ាងខ្លាំងពីសំណាក់អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកនៅកម្ពុជា និង តារាសិល្បៈខ្មែរមួយចំនួន ចំពោះការអត្ថាធិប្បាយព័ត៌មានរបស់ពិធីករថៃនៃស្ថានីយទូរទស្សន៍ប៉ុស្ដិ៍ថៃមួយ ដែលបានធ្វើការលើកឡើង និងអះអាងថា នៅក្នុងផែនទីប្រវត្តិសាស្ត្រទាំង 3សម័យកាលធំៗ មានសម័យអយុធ្យា សុខោទ័យ និងរតនកូស៊ីន មិនមានប្រទេសកម្ពុជា ព្រមទាំងបញ្ជាក់ថា ល្ខោនខោលក៏មិនមែនជារបស់ប្រទេសកម្ពុជាផងដែរ។ ក្នុងនោះដែរ គេសង្កេតឃើញតារាសិល្បៈខ្មែរមួយចំនួនបានប្រតិកម្មចំពោះពាក្យសម្ដីនេះ ជាក់ស្ដែងកញ្ញា ឌី សូនីតា បានចេញមុខប្រតិកម្មចំៗ នៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួន ដោយសរសេរជាសាររៀបរាប់យ៉ាងវែងអន្លាយ។
តារាពូកែសំដីរូបនេះ ក៏នៅមិនសុខដែរ ពេលឮដំណឹងបែបនេះ ហើយបានធ្វើការបកស្រាយវាយបកទៅកាន់ពិធីករថៃនោះវិញចំៗតែម្តងថា «មិនចង់ជេរអាមួយហ្នឹងទេ តែទ្រាំលែងបាន៖
1 / អ្នកឯងថា ល្ខោនខោលមិនមែនរបស់ថៃ ហើយក៏មិនមែនរបស់ខ្មែរ ថាវាជារបស់ឥណ្ឌា អ៊ីចឹងអ្នកឯងចង់ដណ្តើមយកមកដាក់ជារបស់អ្នកឯងដែរធ្វើអី?
2/ អ្នកឯងលើកផែនទីមកថា សម័យអយុធ្យា គ្មានផែនទីខ្មែរ ហើយក៏គ្មានផែនទីថៃ ចង់សើចឱ្យអាយះមាត់ណាស់ហ្អា ចុះអយុធ្យាហ្នឹង ជារបស់អ្នកណាគេហ្អា? អ្នកឯងក៏ធ្វើភ្លេច ហើយមកបន្លំឯកសារហើយថែមទាំងបង្រៀនប្រជាជនអ្នកឯងជាពិសេសក្មេងៗសិស្សសាលាថា វាជារបស់អ្នកឯងទាំងបំពាន។ ខ្មែរមិនមានឈ្មោះ ព្រោះសម័យហ្នុងខ្មែរមិនមែនឈ្មោះកម្ពុជា គឺឈ្មោះមហានគរ ហើយពួកហ្អែងវ៉ៃយកទឹកដីខ្មែរម្តងតិចៗ ទើបពេលនេះទឹកដីខ្មែរសល់ប៉ុណ្ណឹង រហូតទាំងអង្គរវត្តក៏ចង់បាន។ ដល់ពេលទៅមើលអយុធ្យា មានអក្សរខម ដែលជាអក្សរខ្មែរយ៉ាងច្បាស់ក្រឡែត ពួកហ្អែងថា អក្សរខមហ្នឹងជារបស់ហ្អែងទៀត។ អារលាយ រលាយទាំងប្រទេសហ្អែងហ្មងទៅ។ ខ្មែរស្លូតពេក ស្លូតរហូតដល់ថ្នាក់ចេះខាំតែជាតិសាសន៍ឯងទេ មិនហ៊ានខាំជាមួយគេ ទាំងដែលការពិតយើងមិនបានខុស យើងមិនមែនជាចោរសោះ។
3/ បើវាជារបស់ឥណ្ឌាមែន គេមិនយកមកឱ្យខ្មែរបានស្រួលៗអ៊ីចឹងទេ។ ហើយហ្អែងក៏មិនខឹងខ្លាំងដល់ថ្នាក់ហ្នឹងដែរ អានរក។
4/ ទាំងអង្គរវត្តក៏ដោយ ទាំងទឹកដីក៏ដោយ ពួកអ្នកឯងចុះក្នុងសៀវភៅប្រវត្តិសាស្រ្តរបស់អ្នកឯងថា ជារបស់ថៃ ដើម្បីឱ្យជនជាតិអ្នកឯងស្អប់ខ្មែរតាំងពីតូច។ បង្រៀនជាតិសាសន៍ខ្លួនឯងទាំងបំភ្លៃ មិនសរសេរដាក់ការពិតថា អ្នកឯងជាចោរមកវ៉ៃយកទឹកដីខ្មែរកាលសម័យមហានគរ ហើយរួមទាំងអង្គរវត្តផង? យីអានេះ គេដាក់ឈ្មោះថា សៀមរាប ប៉ុនណាណីហើយនៅមិនភ្លឺភ្នែកទៀត គឺមានន័យថា កំចាត់សៀមបានឡើងដួលរាប អាប៉ាកាច់!!។ មានច្រើនទៀត តែខ្ជិលឈ្លោះជាមួយអាល្ងើឯងណាស់ ឱ្យហ្អែងខឹងក្តៅក្រហាយសិនទៅ យ៉ាងណាក៏ខ្មែរបានឈ្នះល្ខោនខោលមកវិញដែរ»។
គួរបញ្ជាក់ផងដែរថា ការអត្ថាធិប្បាយព័ត៌មានរបស់ពិធីករថៃនោះ គឺនៅក្នុងកម្មវិធី «จั๊ด ซัดทุกความจริง » ដែលមានន័យថា ព័ត៌មានច្បាស់ពិត ដោយបានលើកយកប្រធានបទមួយមានចំណងជើងថា « โขน!ไม่ใช่ของใคร » គឺល្ខោនខូនមិនមែនជារបស់នរណាទេ! មកនិយាយនៅក្នុងថ្ងៃទី5 ខែកញ្ញា ឆ្នាំ2018 ថ្មីៗនេះឯង។ រហូតមកទល់ពេលនេះ នៅមិនទាន់ឃើញមានការបកស្រាយ ឬឆ្លើយតបចំពោះប្រតិកម្មព័ត៌មាននេះ ពីខាងស្ថានីយទូរទស្សន៍ថៃមួយនេះ នៅឡើយទេ៕