ខ្សែប្រយុទ្ធ Cristiano Ronaldo បានរកគ្រាប់បាល់បញ្ចូលទីជាលើកទី1 របស់គេសម្រាប់ក្រុម Juventus ក្នុងការប្រកួតលើកទី4 របស់គេ នៅពេលដែលការស៊ុតបាល់បញ្ចូលទី 2គ្រាប់របស់គេក្នុងតង់ទី2 បានជួយឱ្យក្រុមសេះបង្កង់មួយនេះ ទទួលជ័យជម្នះ 2-1 លើក្រុម Sassuolo កាលពីថ្ងៃអាទិត្យ បើទោះបីជ័យជម្នះរបស់ក្រុម Juventus នេះត្រូវបានរំខានដោយការរងពិន័យកាតក្រហមរបស់ខ្សែបម្រើ Douglas Costa សម្រាប់ការស្តោះទឹកមាត់ទៅលើគូប្រកួតរបស់ខ្លួនក៏ដោយ។
Ronaldo ដែលជាកីឡាករឆ្នើមប្រចាំឆ្នាំរបស់ពិភពលោក 5សម័យកាល បានរកគ្រាប់បាល់បញ្ចូលទីរបស់គេយ៉ាងងាយស្រួល តាមរយៈការស៊ុតបាល់បំប៉ោងសំណាញ់ទីពីចម្ងាយតិចជាង 2ម៉ែត្រ នៅនាទី ទី50 នៅមុនពេលរកគ្រាប់បាល់ទី2 របស់គេ។ ខ្សែប្រយុទ្ធ KhoumaBabacar បានតែតបាល់បញ្ចូលទី 1គ្រាប់វិញនៅនាទីទី90 ប៉ុន្តែការប្រកួតនេះបានបញ្ចប់ទាំងភាពចម្រូងចម្រាស ខណៈដែល Costa បានធ្លាក់ចូលក្នុងជម្លោះជាមួយនឹងខ្សែបម្រើ Federico Di Francesco របស់ក្រុម Sassoulo។ ខ្សែបម្រើអន្តរជាតិប្រេស៊ីលរូបនេះ បានគេចផុតពីការរងពិន័យកាតលឿងម្ដងហើយ សម្រាប់ការវាយកែង និងប្រើក្បាលអុកទៅលើគូប្រកួតរបស់ខ្លួន ខណៈដែលពួកគេបានប៉ះទង្គិចគ្នា នៅមុនពេលគ្រាប់បាល់វាយបក 1គ្រាប់វិញរបស់ក្រុម Sassuolo ប៉ុន្តែរូបគេបានរងពិន័យកាតក្រហម ក្រោយពីកាមេរ៉ាថតជាប់រូបគេក្នុងពេលស្តោះទឹកមាត់ដាក់កីឡាករ Di Francesco ក្នុងការប៉ះទង្គិចគ្នាមួយផ្សេងទៀត។ ទាក់ទងនឹងគ្រាប់បាល់ទី1 របស់ខ្លួន Ronaldo បានឱ្យដឹងថា៖ «ខ្ញុំពិតជាមានការស្រេកឃ្លានបន្តិច ខណៈដែលការរំពឹងទុកផ្សេងៗ ពិតជាខ្ពស់។ ខ្ញុំពិតជាចង់រកគ្រាប់បាល់បញ្ចូលទីណាស់ ហេតុនេះ ខ្ញុំពិតជារីករាយណាស់»៕
ប្រភពពី៖ Channel News Asia