ភាពជោគជ័យរបស់មនុស្សមិនមែនបានមកដោយចៃដន្យនោះឡើយ ពោលគឺត្រូវខិតខំព្យាយាមអំណត់ អត់ធន់ ពុះពារគ្រប់ការលំបាក ទើបអាចឈានទៅរកក្ដីស្រមៃរបស់ខ្លួនបាន។ ឧទាហរណ៍ដូចជាយុវជនម្នាក់កើតមកជាកូនអ្នកជនបទស្រុកស្រែ នៅជុំវិញផ្ទះហ៊ុមព័ទ្ធទៅដោយគ្រោះថ្នាក់(ចម្ការមីន) តែបច្ចុប្បន្នបានក្លាយជានាយកសាលាប្រឹក្សាយោបល់ នាំយុវជនខ្មែរទៅរៀននៅប្រទេសជប៉ុន ទោះជាមិនបាច់ជាប់អាហារូបករណ៍ក៏បាន។
លោក អុឹម ឌឺប៉េរ៉េ ស្ថាបនិក និងជានាយកប្រតិបត្តិសាលាភាសាជប៉ុនមិរ៉ៃ (Mirai) មានទីតាំងនៅទល់មុខបុរីប៉េងហួតស្ទឹងមានជ័យ បានមានប្រសាសន៍ឱ្យដឹងថា ដោយចង់ចែករំលែកបទពិសោធនិងចង់ជួយឱ្យយុវជនខ្មែរបានទៅរៀននៅប្រទេសជប៉ុនកាន់តែច្រើន លោកបានសម្រេចបង្កើតសាលាផ្ទាល់ខ្លួនខាងលើនេះឡើង ដើម្បីធ្វើការបណ្តុះបណ្តាល និងប្រឹក្សាយោបល់ដល់យុវជនខ្មែរដែលចង់ទៅសិក្សានៅប្រទេសជប៉ុន ដែលជាប្រទេសមួយរីកចម្រើនខ្លាំងខាងវិស័យអប់រំ ប្រជាជនមានសីលធម៌រស់នៅល្អ មានភាពឧស្សាហ៍ព្យាយាម និងអំណត់ក្នុងការងាររហូតមានការទទួលស្គាល់នៅទូទាំងសកលលោក។
លោកថា កន្លងមក ភាគច្រើនមានតែសិស្សជាប់អាហារូបករណ៍ប៉ុណ្ណោះទើបអាចទៅបន្តការសិក្សានៅប្រទេសជប៉ុនបាន ប៉ុន្តែចាប់ពីពេលនេះតទៅសម្រាប់សិស្សប្រឡងជាប់បាក់ឌុប ហើយ ទោះជាមិនបានជាប់អាហារូបករណ៍ក៏អាចទៅសិក្សានៅប្រទេសជប៉ុនបានដែរ តាមរយៈការបណ្តុះបណ្តាល និងប្រឹក្សាយោបល់ផ្ទាល់ពីគ្រូជំនាញនៅសាលារបស់លោក ពិសេសបានសិក្សា និងប្រឹក្សាយោបល់ផ្ទាល់ពីរូបលោកដែលធ្លាប់បានឆ្លងកាត់ការសិក្សានៅទីនោះ ដោយមិនបានជាប់អាហារូបករណ៍ និងខំប្រឹងធ្វើការរកលុយបានរៀននៅទីនោះដោយខ្លួនឯង មិនចាំបាច់មានការផ្គត់ផ្គង់ពីអាណាព្យាបាលឡើយ។
ជាបទពិសោធផ្ទាល់ កាលពីឆ្នាំ2014 កន្លងទៅ ខណៈដែលលោកកំពុងសិក្សាឆ្នាំទី3 នៅក្នុងមហាវិទ្យាល័យមួយ ក៏ត្រូវបានថ្នាក់ដឹកនាំសាលាជ្រើសរើសឱ្យធ្វើជាតំណាងប្រទេសទៅចូលរួមក្នុងកម្មវិធី“សប្តាហ៍សាកៃអាស៊ាន‟ (Sakai-ASEAN Week) ដែលរៀបចំឡើងនៅទីក្រុងចំណាស់មួយឈ្មោះ សាកៃ ដែលមាននិស្សិតពូកែៗតំណាងឱ្យប្រទេសជាច្រើននៅអាស៊ី ដូចជា ជប៉ុន ថៃ ហ្វីលីពីន ម៉ាឡេស៊ី វៀតណាម ជាដើមចូលរួមប្រកួតប្រជែងនៅទីនោះ ដើម្បីបង្ហាញពីវប្បធម៌ប្រពៃណីនៃប្រទេសនីមួយ។
តាមពិតទៅលោកមិនមែនជាសិស្សពូកែនៅមហាវិទ្យាល័យទេ ប៉ុន្តែចំណេះដឹងផ្នែកភាសានិយាយ និងស្តាប់បានល្អ ទទួលបានពិន្ទុនិយាយ និងស្តាប់ស្មើនឹងនិស្សិតជាប់និទ្ទេសល្អបំផុតនៅក្នុងថ្នាក់ គួបផ្សំ និងកាយវិការ ការនិយាយស្តី ការចេះស្តាប់ស្ទាត់ជំនាញ និងចរិតឫកពាផងនោះ លោកក៏ត្រូវបានជ្រើសរើសឱ្យធ្វើជាតំណាងប្រទេសកម្ពុជាតែម្តង។ អ្វីដែលធ្វើឱ្យយុវជនម្នាក់នេះមានចំណេះដឹងជំនាញផ្នែកនិយាយ និងស្តាប់ច្បាស់លាស់នេះ គឺដោយសារចាប់តាំងពីរៀនមហាវិទ្យាល័យឆ្នាំទី2 មក លោកតែងឆ្លៀតពេលបង្រៀនសិស្សប្អូនឆ្នាំទី1 និងបង្រៀនគួរដល់សិស្សមួយចំនួននៅតាមផ្ទះទៀតផង។ ប្រធានបទដែលលោកបានលើកឡើងក្នុងកម្មវិធី Sakai-ASEAN Week នោះ គឺនិយាយអំពីព្រះព្រហ្មមុខ4ជាតំណាងឱ្យព្រហ្មវិហារធម៌ទាំង 4យ៉ាង ដែលឪពុកម្តាយទូទៅមានចំពោះកូន ហើយស្នាមញញឹមនៃព្រះព្រហ្ម គឺតំណាងឱ្យស្នាមញញឹមរបស់ប្រជាជនខ្មែរដែលពិភពលោកតែងផ្តល់តម្លៃថា ប្រជាជនខ្មែរជាមនុស្សរួសរាយរាក់ទាក់ មានទំនាក់ទំនងល្អជាមួយជនបរទេសគ្រប់ជាតិសាសន៍ ដោយមិនរើសអើងវណ្ណៈពណ៌សម្បុរនោះទេ។
ក្រោយពីចប់កម្មវិធីខាងលើ លោកបានត្រឡប់មកបន្តការសិក្សាវិញ ហើយក៏បានបញ្ចប់ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មផ្នែកភាសាជប៉ុននៅឆ្នាំ2015 ពេលនោះលោកបានធ្វើការជាអ្នកលក់សំបុត្រជូនប្រជាជនខ្មែរទៅទស្សនាបាល់ទាត់ពិភពលោកក្នុងក្រុមហ៊ុនមួយនៅម្តុំវិមានឯករាជ្យរយៈពេល 3ខែដើម្បីសន្សំប្រាក់បន្តការសិក្សា។ ក្នុងបំណងចង់បន្តការសិក្សានៅប្រទេសជប៉ុនដើម្បីពង្រឹងជំនាញឱ្យកាន់តែច្បាស់ លោកបានខិតខំសន្សំលុយ-កាក់រួមនឹងការជួយទំនុកបម្រុងពីឪពុកម្តាយ និងបងប្អូនផងបានមួយចំនួន ក៏បានទៅបន្តការសិក្សានៅប្រទេសជប៉ុនចាប់ពីឆ្នាំ2015។ រហូតដល់ឆ្នាំ2017 ទើបបញ្ចប់ការសិក្សាទីនោះ និងបានវិលត្រឡប់មកប្រទេសកំណើតវិញ។ ក្រោយពីត្រឡប់មកវិញ លោកបានសហការជាមួយមិត្តភក្តិបើកសាលាជ្រើសរើស និងបង្រៀនពលករទៅធ្វើការនៅក្រៅប្រទេស និងជួយប្រឹក្សាយោបល់ទៅដល់ពលករដែលត្រៀមទៅធ្វើការនៅទីនោះផង។
ក្រោយមកលោកក៏បានដើរសុំការសហការដើម្បីបង្រៀនភាសាជប៉ុនជាមួយសាកលវិទ្យាល័យមួយចំនួនដែលមិនទាន់មានជំនាញភាសានេះ នៅក្នុងទីក្រុងភ្នំពេញ។ ប៉ុន្តែដោយសារមើលឃើញថា យុវជន ឌឹប៉េរ៉េ ហាក់ដូចជានៅមានវ័យក្មេងពេកធ្វើឱ្យថ្នាក់ដឹកនាំនៅក្នុងសាកលវិទ្យាល័យទាំងនោះមិនសូវមានទំនុកចិត្ត ទើបមិនបានសហការជាមួយ
ក្នុងការបើកថ្នាក់បង្រៀនជំនាញភាសាជប៉ុននេះ។ ដោយសារមិនទទួលបានការសហការនេះ លោកក៏សម្រេចចិត្តបើកសាលាបង្រៀនជំនាញភាសាជប៉ុនឡើងដោយខ្លួនឯងដែលកាលពី7 ឆ្នាំ2018កន្លងទៅនេះ ប៉ុន្តែដោយសារធ្លាប់បានឡើងធ្វើបទបង្ហាញតាមវេទិកាសាធារណៈមួយចំនួនកន្លងមកទើបមានការគេស្គាល់ច្រើន ហើយមានសិស្សដែលជាប់បាក់ឌុបកាលពីឆ្នាំមុន និងសិស្សទើបប្រឡងចប់បាក់ឌុបឆ្នាំនេះ បានមកចុះឈ្មោះចូលរៀនភាសាជប៉ុននៅសាលាខាងលើបណ្តើរៗហើយ ដែលមកទល់ពេលនេះមានសិស្សប្រមាណជាង 40នាក់បានចូលរៀនវគ្គបណ្តុះបណ្តាលនៅទីនោះ ក្នុងនោះមានសិស្សចំនួន 4នាក់កំពុងត្រៀមចេញទៅរៀននៅប្រទេសជប៉ុននៅសាលា ICA International Language School ហើយ 15នាក់ទៀតនឹងចេញទៅនៅឆ្នាំបន្ទាប់។
ងាកមកមើលពីអតីតកាលវិញ កុមារ ឌឺប៉េរ៉េ កើតនៅឆ្នាំ1992 ដែលជាកូនទី4 នៅក្នុងគ្រួសារកសិករដែលមានជីវភាពលំបាកមួយនៅក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង។ ជាភូមិមួយពោពេញទៅដោយគ្រាប់មីនដែលបន្សល់ទុកតាំងពីសម័យសង្គ្រាមមក ប៉ុន្តែដោយសារតែឪពុកធ្លាប់ចូលបម្រើកងទ័ព មានបទពិសោធផ្នែកដោះមីន ក៏ធ្វើការដោះគ្រាប់មីនមួយចំនួនចេញ និងសាងសង់ផ្ទះ រួចហើយដោះគ្រាប់មីនជាបន្តបន្ទាប់ដើម្បីពង្រីកដីកាន់តែធំឡើងៗសម្រាប់ប្រកបរបរធ្វើចម្ការចិញ្ចឹមគ្រួសារ។ ដោយសារតែឪពុករបស់លោកមានជំនាញច្បាស់លាស់ ទើបការដោះមីនទាំងនោះមិនដែលជួបបញ្ហា ឬគ្រោះថ្នាក់អ្វីឡើយ។ រហូតដល់ឆ្នាំ1999 ទើបម្តាយនាំកុមារា ឌឹប៉េរ៉េ ទៅចុះឈ្មោះចូលរៀនថ្នាក់ទី1 ដែលលោកនៅចាំបានថា កាលនោះលោកហាក់ដូចជាស្រឡាញ់ម្តាយខ្លាំងណាស់ បើគាត់មិនជូនទៅរៀនទេ លោកក៏មិនទៅរៀនដែរ និងបើជូនទៅហើយទាល់តែនៅចាំរហូតដល់ម៉ោងចេញ បើហ៊ានតែម្តាយមកមុន លោកនឹងរត់ចេញពីសាលាទៅតាមម្ដាយដែរមិនខាន ទើបជាហេតុធ្វើឱ្យការសិក្សារបស់លោកកាលនោះមិនទទួលបានលទ្ធផលល្អឡើយ។ រហូតដល់ឆ្នាំក្រោយៗមកទើបលោកដឹងពីការងារសិក្សា ក៏ខិតខំប្រឹងរៀនសូត្ររហូតបានឡើងថ្នាក់ លុះដល់ឆ្នាំ2005 រៀនចប់ថ្នាក់បឋមសិក្សា ក៏បន្តការសិក្សាថ្នាក់អនុវិទ្យាល័យនៅសាលាដែលមានចម្ងាយជាង7 គីឡូម៉ែត្រពីផ្ទះ ហើយដោយសារតែផ្លូវលំបាកមានជង្ហុក និងភក់ផងនោះ ធ្វើឱ្យលោកក៏ដូចជាសិស្សរួមថ្នាក់ដទៃទៀតដែរត្រូវចំណាយពេលជិះកង់ទៅ-មកជិត 2ម៉ោងជារៀងរាល់ថ្ងៃ ដើម្បីទៅសិក្សានៅសាលាដែលមានជញ្ជាំងបិទបាំងដោយបន្ទះឫស្សី និងដំបូលប្រក់ស្លឹក។ ទោះជាលំបាកយ៉ាងណាក្តី តែដោយសារចិត្តស្រឡាញ់ការសិក្សា កុមារា ឌឹប៉េរ៉េ បានខិតខំជួយធ្វើចម្ការឪពុកម្តាយដោយស្ពាយធុងបាញ់ថ្នាំ និងមើលការងារកម្មករផង និងឆ្លៀតពេលរៀនផង រហូតទទួលបាននិទ្ទេសល្អជារៀងរាល់ឆ្នាំ។ លុះឆ្នាំ2009 ក៏បញ្ចប់ថ្នាក់ឌីប្លូម និងបានបន្តទៅវិទ្យាល័យពេជ្រចិន្តា ដែលមានចម្ងាយជិត10គីឡូម៉ែត្រពីផ្ទះ ហើយពេលនោះក៏មិនទាន់មានម៉ូតូជិះនឹងគេដែរ គឺជិះដោយសារគេ និងជួយចេញថ្លៃសាំងឱ្យគេខ្លះ។
ដោយសារចង់ឃើញទីក្រុងភ្នំពេញ និងចង់រំដោះខ្លួនចេញពីកូនកសិករផងនោះ យុវជន ឌឹប៉េរ៉េក៏បន្តខំប្រឹងរៀន និងទទួលបានពិន្ទុល្អជាប្រចាំ លើកលែងតែថ្នាក់ទី12 ដោយសារតែគ្រួសារជួបការលំបាក ធ្វើឱ្យមិនសូវបានរៀនដិតដល់ តែយ៉ាងណាក៏ ឌឹប៉េរ៉េបានប្រឡងជាប់បាក់ឌុបក្នុងឆ្នាំ2011។ ក្រោយចប់បាក់ឌុប ឪពុកម្តាយប្រាប់ថា គាត់មិនមានលុយឱ្យកូនមករៀនបន្តនៅភ្នំពេញទេ ដោយសារតែបងៗ 3នាក់ បានឡើងទៅរៀនមុនៗមិនទាន់មានការងារធ្វើ មិនអាចជួយម្តាយបាននៅឡើយ ទើបឪពុកម្តាយមិនមានលុយបញ្ជូនកូនម្នាក់ទៀតនេះទៅរៀនបន្តទៀតបាន ប៉ុន្តែម្តាយបានប្រាប់ថា បើសិនជាកូនជាប់អាហារូបករណ៍ ម្ដាយនឹងជួយទំនុកបម្រុងលើការស្នាក់នៅ និងហូបចុកឱ្យកូនបានរៀនបន្ត។ ឮដូច្នេះ យុវជន ឌឹប៉េរ៉េ ក៏បានឡើងមកភ្នំពេញ និងដាក់ពាក្យចូលដេប៉ាតឺម៉ង់ភាសាជប៉ុននេះ។ ការដាក់ពាក្យដើម្បីចូលរៀនយកជំនាញភាសាជប៉ុននេះ គឺដោយសារនៅឯស្រុកមានរោងចក្រជប៉ុននៅទីនោះ ហើយជប៉ុនបានជួយកសាងសាលាឱ្យក្មេងៗនៅក្នុងភូមិបានរៀនផងដែរ។ ចំណែកមិត្តភក្តិផ្សេងទៀត គេដាក់ពាក្យរៀនវិស្វកម្ម ពេទ្យ និងជំនាញផ្សេងៗអស់ទៅហើយ លើកលែងតែខ្លួនឯងមួយដែលដាក់យកជំនាញគ្រប់គ្រងពាណិជ្ជកម្មផ្នែកភាសាជប៉ុននេះ។ នៅពេលមកដាក់ពាក្យនោះ យុវជន ឌឹប៉េរ៉េមិនចេះភាសាជប៉ុនសូម្បីតែអក្សរមួយតួ ហើយពេលឡើងមកធ្វើតេស្តក៏មិនចេះដែរ តែដោយសាររស់នៅតំបន់ដាច់ស្រយាលនៅក្នុងភូមិមួយដែលបន្សល់គ្រាប់មីនពីជំនាន់សង្គ្រាម សាលាបានផ្តល់អទិភាពឱ្យបានចូលរៀន ដូចសិស្សចេះមួយចំនួនទៀត។
ត្រង់នេះយុវជន ឌឹប៉េរ៉េ បានរំឭកថា ក្រោយដាក់ពាក្យ និងធ្វើតេស្តរួច ខ្លួនក៏ត្រឡប់ទៅផ្ទះវិញ ស្រាប់តែមួយរយៈខ្លីខាងសាលាបានទូរស័ព្ទទៅប្រាប់ថា ខ្លួនជាប់អាហារូបករណ៍ហើយ ពេលនោះលោកមានចិត្តត្រេកអរជាខ្លាំង បានរត់មកប្រាប់ម្តាយទាំងត្រហេបត្រហប រត់ទាំងមិនខ្លាចជាន់បន្លាមុតជើងឡើយ។ ជិតដល់ពេលចូលរៀន លោកក៏ត្រូវម្តាយជូនមកនៅជាមួយបងៗនៅក្នុងទីក្រុងភ្នំពេញដើម្បីចូលរៀននៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ជំនាញគ្រប់គ្រងពាណិជ្ជកម្មផ្នែកភាសាជប៉ុននេះ។ ប៉ុន្តែនៅពេលដំបូងដោយសារខ្លួនមិនចេះអក្សរជប៉ុនសោះ ធ្វើឱ្យមានការលំបាកក្នុងការសិក្សាជាខ្លាំង ស្ទើរតែបោះបង់ចោលម្តងៗ តែដោយសារសិស្សក្នុងថ្នាក់ភាគច្រើនពួកគេជាប់ដោយសមត្ថភាព ដូច្នេះលោកត្រូវតែខំរៀនតាមគេឱ្យទាន់ រហូតក្លាយជាសិស្សពូកែផ្នែកនិយាយ និងស្តាប់ទៀតផង ហើយក៏ចេះតែខិតខំប្រឹងរៀនរហូតចប់មហាវិទ្យាល័យនៅឆ្នាំ2015 ហើយបន្តទៅសិក្សានៅប្រទេសជប៉ុនរហូតដល់ឆ្នាំ2017 ទើបត្រឡប់មកប្រទេសកំណើតវិញ។
សម្រាប់បំណងទៅថ្ងៃអនាគត យុវជនខាងលើចង់បានតែម្យ៉ាងគត់ គឺជួយឱ្យយុវជនខ្មែរបានទៅរៀនជំនាញនៅប្រទេសជប៉ុនកាន់តែច្រើន ដើម្បីត្រឡប់មកវិញរួមគ្នាជួយអភិវឌ្ឍសង្គមខ្មែរឱ្យកាន់តែល្អប្រសើរថែមទៀត តាមរយៈការពង្រីកសាខានៅតាមបណ្តាខេត្តគោលដៅមួយចំនួនឱ្យបានកាន់តែច្រើនឡើង។ ករណីនេះលោកសូមផ្តាំផ្ញើទៅដល់អាណាព្យាបាលសិស្សថា បើសិនជាចង់ឱ្យកូនទទួលបានចំណេះដឹងច្បាស់លាស់ គួរបញ្ជូនកូនទៅរៀនទីនោះឱ្យបាន ជួយកូនតែឆ្នាំដំបូង ឆ្នាំទី2កូនប្រាកដជាមានសមត្ថភាពរកការងារធ្វើ រកប្រាក់ផ្គត់ផ្គង់ការសិក្សាខ្លួនឯងបានយ៉ាងងាយ ដែលនេះជាវប្បធម៌របស់ជប៉ុន ក្នុងការបង្ហាត់បង្រៀនឱ្យសិស្សចេះរកលុយដោយខ្លួនឯងតាំងពីថ្នាំទី10ម៉្លេះ៕