មានឈ្មោះថាជាតារាចម្រៀង និងធ្លាប់បានចរាចរណ៍បទចម្រៀងជាច្រើនបទនៅលើទីផ្សារយ៉ាងណាក៏ដោយ ក៏ប្រជាប្រិយភាពរបស់លោក អ៊ិន ចាន់រតនា ត្រូវបានគេសង្កេតឃើញថា ហាក់នៅមានកម្រិតនៅឡើយ ហើយក៏កម្របានចេញមុខជាសាធារណៈដូចតារាដទៃទៀតនោះដែរ បើទោះបីជានៅពេលបច្ចុប្បន្ននេះ មានកម្មវិធីប្រគំតន្ត្រីបង្ហាញពីផលិតផលនានាជាច្រើនកំពុងតែសម្រុកបង្កើតព្រឹត្តិការណ៍យ៉ាងគគ្រឹកគគ្រេង ។
អស់រយៈពេលប្រមាណជា3ឆ្នាំកន្លងមកហើយ ដែលលោក អ៊ិន ចាន់រតនា បានសម្រេចចិត្តឈោងចាប់អាជីពជាតារាចម្រៀងតាមរយៈការចូលរួមប្រឡងនៅក្នុងកម្មវិធី «ផ្កាយរះក្នុងសួន» ដែលរៀបចំឡើងដោយស្ថានីយទូរទស្សន៍អប្សរា ប៉ុស្តិ៍លេខ11 ជាមួយនឹងលទ្ធផលជាប់ជម្រុះនៅក្នុងវគ្គចុងក្រោយនៃបេក្ខជនសំឡេងពិរោះរណ្តំ។ បន្ទាប់ពីនោះ លោក ចាន់រតនា ក៏បានចូលបង្ហាញខ្លួននៅក្នុងផលិតកម្មក្នុងស្រុកមួយ រួមជានឹងការផលិតបទចម្រៀងចេញលក់នៅលើទីផ្សារជាបន្តបន្ទាប់ ដែលក្នុងនៅក្នុងបទចម្រៀងដែលទទួលបានប្រជាប្រិយភាពគួរសមពីសំណាក់អ្នកស្តាប់ រួមមានបទ «ហេតុតែស្រឡាញ់» និងបទ «ចង់បែក កុំឆ្លើយអត់អារម្មណ៍» ខណៈដែលបទទាំង2នេះហើយ ដែលជួយជម្រុញកេរ្តិ៍របស់លោកឱ្យគេស្គាល់ជាសាធារណៈ។
ជាថ្មីម្ដងទៀត កាលពីពេលកន្លងទៅថ្មីៗនេះតារាចម្រៀងដែលទើបតែចុះឈ្មោះជាសមាជិកគ្រួសារតារាកម្ពុជា លោក អ៊ិន ចាន់រតនា បានពង្រីកវិសាលភាពនៃកេរ្តិ៍ឈ្មោះរបស់ខ្លួនគួរជាទីមោទន ជាមួយនឹងការផលិតបទចម្រៀងតបទៅតាមសំណូមពររបស់ពលរករខ្មែរ នៅប្រទេសកូរ៉េ ដើម្បីចែករំលែកនៅលើបណ្តាញគេហទំព័រ Youtube រួមមានបទ «សង្សារទៅកូរ៉េចោល» និងបទ «ព្រះគុណម៉ែ» ក្រោមការទទួលបានចំនួន like ជាច្រើនពាន់នាក់ ។ លោក អ៊ិន ចាន់រតនា បានបង្ហើបប្រាប់យ៉ាងដូច្នេះថា ៖ «សម្រាប់បទចម្រៀងទាំង 2 ខាងលើនេះ ពិតជាទទួលបានការគាំទ្រច្រើនមែន ប៉ុន្តែមិនបានថតជា MV នោះឡើយ ព្រោះគ្រាន់តែថតជាបទចម្រៀង ហើយបង្ហោះនៅលើ Youtube តែប៉ុណ្ណោះ ។ ប៉ុន្តែដោយសារតែបទទាំង2នេះ វាមានអត្ថន័យជ្រាលជ្រៅ និងបង្កប់ទៅដោយមនោសញ្ចេតនាផងនោះ ទោះជាមិនមានរូបភាពកាយវិកា ក៏អាចទាក់ទាញចំនួន like បានដែរ » ។
ភ្ជាប់ជាមួយនឹងការបង្ហាញពីមោទនភាពដែលទទួលបានការគាំទ្រទៅលើបទចម្រៀងដែលបានបង្ហោះនៅលើបណ្តាញ Youtube ខាងលើនេះ មានសំណួរមួយចោទសួរថា បើបទចម្រៀងរបស់លោកទទួលបានការគាំទ្រពីសំណាក់អ្នកស្តាប់ ចុះហេតុអ្វីបានជាវត្តមានរបស់លោកហាក់ត្រូវបានស្ងប់ស្ងាត់ពីវិស័យមួយនេះ ? ជាការឆ្លើយតបទៅនឹងសំណួរ លោក អ៊ិន ចាន់រតនា បាននិយាយថា ដោយសារតែលោកបានចាកចេញពីផលិតកម្មចាស់ ដ្បិតការជ្រកកោនមួយរយៈកន្លងទៅនេះហាក់មិនមានលទ្ធផលល្អដូចការរំពឹងទុក ។ លោកបញ្ជាក់ថា « ពេលនេះខ្ញុំបានចាកចេញពីកម្លែងចាសហើយ ហើយក៏កំពុងសម្លឹងមើលផលិតកម្មថ្មីណាមួយដែលអាចបន្តក្ដីសង្ឃឹមរបស់ខ្ញុំបាន។ ពេលនេះខ្ញុំមានបទចម្រៀង Original Song ដែលនិពន្ធឡើងដោយខ្លួនឯង ហើយក៏មានអត្ថន័យល្អគួរសម ។ ខ្ញុំនឹងបង្ហាញស្នាដៃថ្មីនេះនៅក្នុងផលិតកម្មថ្មីណាមួយដែលខ្ញុំអាចសហការបានក្នុងពេលដ៏ខ្លីខាងមុខឆាប់ៗនេះ »៕