ក្រោយពេលបានរកឃើញភាពមិនប្រក្រតីដែលនាំឱ្យមានការល្អៀងពិន្ទុរបស់សិស្សប្រឡងមធ្យមសិក្សាទុតិយភូមិ ជាពិសេសគឺលទ្ធផលគណិតវិទ្យាដែលរកឃើញថា ធ្លាក់ជាច្រើននាក់រួចមក ក្រសួងអប់រំបានចេញសេចក្តីប្រកាសព័ត៌មានថា បញ្ហាកើតឡើងនេះ គឺបណ្ដាលមកពីកំហុសខាងបច្ចេកទេសកុំព្យូទ័រ។
ភ្លាមៗ បន្ទាប់ពីបានដោះស្រាយរួច ក្រសួងបានប្រកាសលទ្ធផលជាថ្មីឡើងវិញ ដែលត្រូវបានគេមើលឃើញថា ចំនួនសិស្សជាប់មានការកើតឡើង ហើយចំនួនអ្នកជាប់និទ្ទេសA ក៏មានការកើនឡើងផងដែរ។ តែទោះជាយ៉ាងនេះក្តី មជ្ឈដ្ឋានមួយចំនួនបានបង្ហាញការមិនពេញចិត្តចំពោះបញ្ហាដែលបានកើតឡើងនេះ ស្របពេលដែលមជ្ឈដ្ឋានមួយចំនួនទៀតគ្រាន់តែកត់សម្គាល់ដោយលើកឡើងពីភាពវិជ្ជមាន និងសូមឱ្យពិចារណាពីចំណុចល្អៗជាច្រើនផ្សេងទៀតដែលក្រសួងធ្វើបានល្អ ទន្ទឹមនឹងការមានកំហុសនេះ។
តាមរយៈអ្នកនាំពាក្យនៃក្រសួងអប់រំ យុវជន និងកីឡា លោក ឌី ខាំបូលី ក៏បានបង្ហើបប្រាប់សារព័ត៌មានក្នុងស្រុកថា ឯកឧត្តមរដ្ឋមន្ត្រីសូមសម្ដែងការសូមទោសទៅកាន់សាធារណជន ចំពោះបញ្ហាដែលកើតមានឡើងនៅក្នុងការបូកលទ្ធផលបាក់ឌុបនេះ។ ហើយប្រមាណជាជាងមួយម៉ោងមុននេះ Facebook ផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលមានអ្នក Like ជាងពីរលាននាក់ បានបង្ហាញថា «ក្រសួងសូមទោស និងសោកស្តាយចំពោះកំហុសដោយអចេតនា»៕