ការជំពាក់បំណុលធនាគារដើម្បីធ្វើអាជីវកម្មមិនមែនជារឿងអាក្រក់នោះទេ ប្រសិនបើអ្នកបានគិតច្បាស់លាស់ពីការបង្កើតមុខរបរផ្ទាល់ខ្លួន ឬចង់ក្លាយជាសហគ្រិនវ័យក្មេងដើម្បីដំណើរឆ្ពោះទៅរកវិថីជីវិតជោគជ័យទៅថ្ងៃអនាគត តែផ្ទុយទៅវិញប្រសិនជាអ្នកមិនបាន ឬមិនហ៊ានខ្ចីប្រាក់ធនាគារទេនោះ មនុស្សភាគច្រើននឹងចាយវាយខ្ជះខ្ជាយ ហើយអនាគតនឹងមិនមានសល់អ្វីជាដុំកំភួននោះឡើយ។
អ្នកជំនាញផ្នែកប្រឹក្សា និងវិភាគស្ថានភាពសេដ្ឋកិច្ច សេដ្ឋវិទូ ង៉ែត ជូ បានបង្ហាញពីលក្ខខណ្ឌល្អៗចំនួន6ចំណុចក្នុងការខ្ចីលុយធនាគារសម្រាប់បង្កើតរបរផ្ទាល់ខ្លួន ឬធ្វើអាជីវកម្មពេលវ័យនៅក្មេងដែលក្នុងនោះរួមមាន៖ 1.ធ្វើឱ្យអ្នកក្លាយជាមនុស្សដែលមានវិន័យខាងហិរញ្ញវត្ថុ គឺនៅពេលមានបំណុលជាប់ខ្លួន មនុស្សនឹងយល់ថា ខ្លួនមានកាតព្វកិច្ច និងភាពទទួលខុសត្រូវខ្ពស់ក្នុងការសងប្រាក់ទៅម្ចាស់បំណុលវិញ ដូច្នេះមនុស្សនឹងមានវិន័យខ្លាំងក្នុងការ-ចាត់ចែងលុយកាក់នោះ។
ចំណុចទី2. ធ្វើឱ្យអ្នកក្លាយជាមនុស្សកាន់តែមានវិន័យ និងភាពអំណត់ក្នុងការបំពេញការងារ។ ពេលខ្ចីប្រាក់មកវិនិយោគ មនុស្សតែងខ្វល់ខ្វាយពីសុវត្ថិភាពការងារ(Job Security) ក៏ដូចជាសួរខ្លួនឯងថាតើធ្វើយ៉ាងណាទើបមានការងារល្អជាងនេះ? មានប្រាក់ចំណូលច្រើនជាងនេះដើម្បីអាចខ្ចីប្រាក់បានច្រើនជាងសព្វថ្ងៃសម្រាប់យកទៅវិនិយោគ? ធ្វើយ៉ាងណាអាចទទួលបានចំណេះដឹងជំនាញបន្ថែមពីការងារសព្វថ្ងៃដើម្បីយកទៅពង្រឹងសមត្ថភាពក្នុងការធ្វើអាជីវកម្ម? ដែលសំណួរទាំងនេះនឹងជំរុញឱ្យមនុស្សបំពេញការងារដោយមិនខ្លាចនឿយហត់ព្រោះជាជីវិតការងារដែលមានបុព្វហេតុច្បាស់លាស់។
3.ធ្វើឱ្យអ្នកក្លាយជាមនុស្សដែលចេះបង្កើតក្តីស្រមៃសម្រាប់ជីវិតជារឿយ។ ជីវិតធ្វើការងារជាបុគ្គលិកយកប្រាក់ខែ មិនបានបង្ហាញផ្លូវថា តើអ្នកចង់ធ្វើអ្វីឱ្យពិតប្រាកដនោះទេ។ អ្នកពិបាកនឹងរកឃើញគោលដៅក្នុងជីវិតណាស់ តែបើចេះវិនិយោគអ្នកប្រហែលជាអាចដកបទពិសោធពីជីវិតបានច្រើន អ្នកនឹងស្គាល់ខ្លួនឯងកាន់តែច្បាស់ រហូតអាចឈានដល់ការបង្កើតក្តីស្រមៃសម្រាប់ជីវិតបានទៀតផង ព្រោះជីវិតអ្នកវិនិយោគត្រូវរៀនសូត្រជានិច្ចជាពិសេសរៀនសូត្រពីបុគ្គលជោគជ័យនានា។
4.ធ្វើឱ្យអ្នកចេះវិភាគពីផលចំណេញ-ខាត ហានិភ័យ និងរិះគិតពីដំណោះស្រាយ។ ពេលអ្នកខ្ចីប្រាក់ពីធនាគារយកមកវិនិយោគលើអាជីវកម្ម អ្នកអាចសួរខ្លួនឯងថា តើខ្ចីមកអាចចំណេញដែរឬទេសម្រាប់ការប្រាក់ប៉ុណ្ណឹង? ចុះបើខ្ចីប្រាក់ធនាគារមិនបាន តើត្រូវមានដំណោះស្រាយយ៉ាងណាដើម្បីបានប្រាក់មកធ្វើអាជីវកម្ម? តើជម្រើសនីមួយៗមានហានិភ័យអ្វីខ្លះប្រសិនបើការវិនិយោគមិនអាចទទួលបានផលចំណេញដូចការរំពឹងទុក? ជួនកាលអ្នកអាចសុំយោបល់ពីអ្នកដទៃ អ្នកនឹងទទួលបានបទពិសោធ និងចំណេះដឹងជាច្រើនពីសំណួរទាំងនេះ។
5.ធ្វើឱ្យអ្នកចេះជ្រើសរើសការសេពគប់ប្រភេទមិត្តភក្តិ និងសង្គមល្អ។ អ្នកបានខ្ចីប្រាក់ពីធនាគារយកមកធ្វើអាជីវកម្ម ដូច្នេះអ្នកនឹងមិនមានចំណាប់អារម្មណ៍សេពគប់មនុស្សដែលធ្វើការដើម្បីតែរស់ និងមានជីវិតសម្រាប់តែហ៊ឺហានោះទេ។ អ្នកខ្លះមានបុព្វហេតុផ្សេងគ្នា ពេលអ្នកនិយាយពីការវិនិយោគគេក៏មិនចូលចិត្តស្តាប់ដែរ។ រឿងនេះកើតឡើងដូចគ្នាពេលគេនិយាយពីការទិញទូរស័ព្ទបង់រំលស់អ្នកក៏មិនចូលចិត្តដែរ។ អ្នកក៏នឹងមិននិយមរាប់រកសង្គមមនុស្សដែលចូលចិត្តផឹកស៊ីអត់ប្រយោជន៏ដែរ។ អ្នកនឹងនិយមរាប់អានតែមនុស្សដែលចេះធ្វើអាជីវកម្មតែប៉ុណ្ណោះ។
និងចុងក្រោយទី6.ធ្វើឱ្យអ្នកចំណេញពេលវេលា និងមានសេរីភាពហិរញ្ញវត្ថុក្នុងវ័យក្មេង គឺត្រូវខ្ចីប្រាក់វិនិយោគលើអាជីវកម្មបណ្តើរ ធ្វើការបណ្តើរ ក្រៅពីផលចំណេញផ្នែកហិរញ្ញវត្ថុហើយ អ្នកនឹងអាចសន្សំបានបទពិសោធ និងចំណេះដឹងជាច្រើន។ ប្រការនេះធ្វើឱ្យសមត្ថភាពរបស់អ្នកកាន់តែខ្លាំង អ្នកនឹងទទួលបានសេរីភាពហិរញ្ញវត្ថុក្នុងការធ្វើអាជីវកម្មក្នុងវ័យក្មេង។ មានមនុស្សជាច្រើនចំណាយពេលក្នុងជីវិតការងារប្រហែលចន្លោះពី3-5ឆ្នាំដំបូងសប្បាយហ៊ឺហានឹងជីវិតនៅលីវ មានប្រាក់ខែចាយមិនជាប់កម្ចី មិនមានកាតព្វកិច្ច និងមិនមានវិន័យហិរញ្ញវត្ថុ។
ជាបទពិសោធផ្ទាល់របស់លោក លោកមានមិត្តភក្តិប្រភេទនេះច្រើន មកដល់ថ្ងៃនេះពួកគេនៅតែខ្វល់ខ្វាយពីសេរីភាពហិរញ្ញវត្ថុនៅឡើយ។ ពួកគេត្រូវធ្វើការយ៉ាងតិចចន្លោះពី10-20ឆ្នាំទៀត។ នេះជាប្រការដ៏គួរឱ្យអាណិត ព្រោះឮតែត្អូញត្អែរថាធុញថប់នឹងការងារសព្វថ្ងៃណាស់ ហើយបើឈប់នឹងអត់មានអ្វីចិញ្ចឹមកូនប្រពន្ធ។ល៕