ក្លិបយក្សរបស់បារាំង Monaco បានទទួលជ័យជម្នះក្នុងការប្រជែងជាមួយនឹងក្លិបធំៗនៅអឺរ៉ុប ដើម្បីបានចុះហត្ថលេខាជាមួយនឹងខ្សែបម្រើដ៏មានទេពកោសល្យ Youri Tielemans ពីក្លិប Anderlecht របស់បែលហ្ស៊ិក ក្នុងតម្លៃខ្លួន២៥លានអឺរ៉ូ (ស្មើនឹង ២៨លានដុល្លារអាមេរិក)។
ខ្សែបម្រើវ័យ២០ឆ្នាំរូបនេះ ដែលបានបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិបែលហ្ស៊ិករួចជាស្រេចហើយនោះ បានបង្កើតឲ្យមានការចាប់អារម្មណ៍ផ្សេងៗពីសំណាក់ក្លិបធំៗជាច្រើន ក្នុងនោះមានទាំងក្លិប Manchester City និង Manchester United របស់ក្របខ័ណ្ឌ Premier League ផងដែរ។ ប៉ុន្តែរូបគេបានជ្រើសរើសយកក្រុម Monaco ដែលបានឈានទៅប្រកួតក្របខ័ណ្ឌ Champions League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅរដូវកាលនេះ និងបានចុះហត្ថលេខាលើកុងត្រាមួយដែលមានសុពលភាពរយៈពេល៥ឆ្នាំជាមួយនឹងក្រុមម្ចាស់ជើងឯករបស់បារាំងមួយនេះ។
Tielemans បានប្រាប់គេហទំព័ររបស់ក្លិបថ្មីរបស់គេថា៖ «Monaco គឺជាក្លិបមួយដែលមានគម្រោងដ៏ធំមួយ មានការរៀបចំល្អក្នុងក្របខ័ណ្ឌអឺរ៉ុប និងពឹងផ្អែកទៅលើកីឡាករវ័យក្មេងជាច្រើន»។ ខ្សែបម្រើរូបនេះបានបន្ថែមទៀតថា៖ «ខ្ញុំពិតជារីករាយណាស់ក្នុងការមកទីនេះ ពេលនេះខ្ញុំនឹងប្រឹងឲ្យអស់ពីសមត្ថភាពក្នុងការវិវឌ្ឍនៅទីនេះ និងតបស្នងនូវការជឿជាក់ដែលក្លិបនេះបានប្រគល់មកឱ្យខ្ញុំ»។
Tielemans បានស៊ុតបាល់បញ្ចូលទី១៣គ្រាប់ក្នុងការប្រកួតលីកក្នុងប្រទេសបែលហ្ស៊ិកសម្រាប់ក្រុម Anderlecht នារដូវកាលនេះ និងបានក្លាយជាកីឡាករដ៏សំខាន់ម្នាក់ ខណៈដែល Anderlecht បានឈានទៅប្រកួតវគ្គ៨ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Europa League មុននឹងចាញ់ក្រុម Manchester United៕
ប្រភពពី៖ The Independent