លែងចម្លែកចិត្តទៀតហើយ ខណៈដែលតារាចម្រៀង លោក ងួន ចាន់ដេវីត ហៅ G-Devith បានប្រកាសនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួនថា ជាតារាចម្រៀងឯករាជ បន្ទាប់ពីបានបញ្ចេញបទចម្រៀងរបស់ខ្លួនប៉ុន្មានបទចុងក្រោយនេះ ដោយមិនមាននៅក្នុងផលិតកម្មរស្មីហង្សឡើយ។
បើទោះបីស្ពាយបង្វិចចេញពីផលិតកម្មរស្មីហង្សមាសហើយ ដែលជាទ្រនំរបស់ខ្លួន ធ្លាប់ជ្រកសាងកេរ្តិ៍ឈ្មោះ អស់រយៈពេលជាច្រើនឆ្នាំ លោក G-Devith នៅរំពឹងថា ការគាំទ្រ នៅតែប្រសើរជាងចូលជ្រក ក្នុងផលិតកម្មណាមួយ ដែលមានអ្នកគ្រប់គ្រងពីលើខ្លួន ជាហេតុធ្វើឱ្យលោកពិបាកនឹងសម្របខ្លួន។ លើហ្វេសប៊ុកផេចរបស់លោក G-Devith បានប្រកាសជាផ្លូវការថា «ខ្ញុំបានចាកចេញ ដោយជំហរ ជាអ្នកចម្រៀងឯករាជ្យ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ ការងារឆ្ពោះទៅកាន់បទពិសោធន៍ថ្មី ដើម្បីចែករំលែកទៅកាន់អ្នកគាំទ្រ ជាទីស្រឡាញ់ទាំងអស់គ្នា»។
គួរបបញ្ជាក់ដែរថា មហាជនអ្នកគាំទ្រក៏កំពុងតែរង់ចាំមើលថា តើលោកនឹងដឹកដៃគូស្នេហ៍របស់ខ្លួន គឺកញ្ញា ទេព បូព្រឹក្ស ចេញពីហង្សមាសជាមួយគ្នាដែរ ឬយ៉ាងណាទេ ព្រោះតែពួកគេទាំងពីរមិនអាច ខ្វះនរណាម្នាក់បានឡើយ ពោលគឺទាំងការងារសិល្បៈ និងរឿងផ្ទាល់ខ្លួន ព្រោះតែអ្នកទាំងពីរស្រឡាញ់គ្នា ស្ទើរតែបេះមិនចេញទៅហើយ៕