« វង់ភ្លេងអារក្ស » ប្រជាជនខ្មែរ ប្រើសម្រាប់បម្រើឱ្យជំនឿខាងលទ្ធិព្រលឹង ( ពិធីលៀងអារក្ស ឬ ពិធីបញ្ជាន់អារក្ស ) ត្រូវបានគេប្រគំឡើង តាមបែបប្រពៃណីដើម្បីអមជាមួយការបញ្ចូល ឬ បញ្ជាន់អារក្ស ។ ដើមកំណើតរបស់ភ្លេងអារក្ស មានកំណើតប្រហែលតាំងពីបុរេប្រវត្តិមកម្លេះ ដែលចាប់ប្រភពចេញពីតំបន់ទំនាបលេចទឹកខាងជើងទន្លេសាប ។ បច្ចុបន្បន្ននេះ វង់ភ្លេងប្រភេទនេះ កម្រឃើញមានអ្នកស្រុកអ្នកភូមិប្រគំទៀតណាស់ ដែលជាហេតុបណ្ដាលឱ្យភ្លេងបញ្ជាន់អារក្ស ស្ទើតែនឹងបាត់បង់ផងដែរ។
វង់ភ្លេងអារក្សមានឧបករណ៍ ខ្សែឌៀវ ប៉ីអរ ទ្រខ្មែរ ស្គរដៃ ចាប៉ីដងវែង ឈិង ទ្រអ៊ូ និង ប៉ីពក( សម្រាប់លេងបទជ្រង ដើម្បីអន្ទងព្រលឹង )។ នៅពេលដែលមានមនុស្សឈឺ ឬ បញ្ហាអាក្រក់អ្វីមួយ គេមានជំនឿថា កើតឡើងដោយសារឧបទ្រុពចង្រៃ ដូច្នេះគេរៀបចំពិធី បញ្ជាន់អារក្សនេះឡើង ដើម្បីបណ្ដេញឧបទ្រុពចង្រៃ នាំមកនូវភាពសុខក្សេមក្សាន្តដល់សហគមន៍ ។ ចង្វាក់ភ្លេង ឬ សាច់បទភ្លេងមានលក្ខណៈ ទៅតាមភាពឧបទ្រុពចង្រៃនោះ ។ ដូច្នេះគេត្រូវលេងរន្ថើនខ្លាំង ឬ កំសត់ទៅតាមពេលវេលា ដោយប្រើភាព ចាស់បុរាណ ហើយបង្កើតជាចង្វាក់ភ្លេង លឿនយឺត តឹងទៅតាមបរិយាកាស ។ ភ្លេងអារក្សត្រូវការអ្នកច្រៀងជាចាំបាច់ ដើម្បីអន្ទងប្រលឹងដោយអមជាមួយនឹងឧបករណ៍ប៉ីពក ។
ថ្មីៗនេះ នៅលើបណ្ដាញសង្គមហ្វេសបានបង្ហោះក្រុមព្រឹទ្ធាចារ្យមួយក្រុមបានសម្ដែង « វង់ភ្លេងអារក្ស » បែបបុរាណនេះ។ ដើម្បីចូលរួមថែរក្សាតម្លៃសិល្បៈវង់ភ្លេងបុរាណខ្មែរ គេឃើញមានអ្នកលេងបណ្ដាញសង្គមជាច្រើនចាប់អារម្មណ៍ និងធ្វើការសែ៊ររំលែកបន្ដយ៉ាងភ្លូកទឹកភ្លូក។ ចង់ដឹងថា ភ្លេងបញ្ជាន់អារក្សមានសំលេងរន្ថើន និងរំណ្ដំយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោមនេះ ៖