បន្ទាប់ពីមានការកើតទុក្ខមិនសុខចិត្តពីសំណាក់សិស្សានុសិស្សនៅទូទាំងប្រទេសចំពោះលទ្ធផលនៃការប្រឡងមធ្យមសិក្សាទុតិយភូមិ ជាពិសេសលើមុខវិជ្ជាគណិតវិទ្យានោះ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីប្រកាសឱ្យអ្នកចង់តវ៉ាទាំងអស់ដាក់ពាក្យបណ្តឹងមកកាន់ក្រសួងដោយផ្ទាល់។
ស្របពេលជាមួយគ្នានេះដែរ ក្រសួងអប់រំ យុវជន និងកីឡា ក៏បានចេញសេចក្តីប្រកាសកាលពីថ្ងៃពុធផងដែរថា ក្រសួងនឹងរៀបចំគណៈកម្មការកោសល្យវិច័យ ដើម្បីពិនិត្យដោះស្រាយឡើងវិញចំពោះការមិនពេញចិត្ត លើលទ្ធផលនៃការប្រឡងមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង 20សីហា ឆ្នាំ2018 កន្លងទៅនោះ។
ចំពោះគណៈកម្មការកោសល្យវិច័យនេះ នឹងចាប់ផ្តើមដំណើរការងារចាប់ពីថ្ងៃទី12 ខែកញ្ញាទៅ ដោយចំណាយពេល 1សប្តាហ៍ដើម្បីដោះស្រាយ។
មជ្ឈដ្ឋានជាច្រើនកំពុងតែតាមដានមើលយ៉ាងល្អិតល្អន់ចំពោះការដោះស្រាយបញ្ហានេះ ខណៈសិស្សពូកែជាច្រើន រួមទាំងសិស្សពូកែទូទាំងប្រទេសផ្នែកគណិតវិទ្យាផង ក៏បានចូលរួមតវ៉ាផងដែរ ចំពោះលទ្ធផលនៃការផ្ដល់ពិន្ទុគណិតវិទ្យាដែលភាគច្រើនមានផលប៉ះពាល់ថា ពួកដែលបាននិទ្ទេស F គឺដោយសារការទាញថយនៃពន្ទុគណិតវិទ្យាដែលធ្វើឱ្យលទ្ធផលការប្រឡងទាំងមូលរបស់គេធ្លាក់ចុះ ដែលធ្វើឱ្យពួកគេបាត់បង់ឱកាសក្នុងការប្រឡងយកអាហារូបករណ៍ ប្រឡងចូលសាលាល្បីៗ ឬប្រឡងទៅសិក្សានៅក្រៅប្រទេសជាដើម៕