បើគិតក្នុងរយៈពេលដូចគ្នា ចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ2018 អគ្គនាយកដ្ឋានពន្ធដារទទួលបានចំណូលពន្ធ-អាករគ្រប់ប្រភេទដែលប្រមូលបានប្រមាណ 168លានដុល្លារអាមេរិក ស្មើនឹង12.58%។ នេះបើយោងសេចក្ដីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ កាលពីរសៀលថ្ងៃទី១០ ខែកញ្ញា។
ក្នុងខែសីហា ឆ្នាំ2018 លទ្ធផលប្រមូលចំណូលពន្ធដែលអគ្គនាយកដ្ឋានពន្ធដារទទួលបាន(តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ(online)របស់អគ្គនាយកពន្ធដារ) មានចំនួន 587.63ប៊ីលានរៀល(ប្រមាណជា 146.91លានដុល្លារអាមេរិក) ស្មើនឹង 7.64% នៃផែនការច្បាប់ឆ្នាំ2018។
ឯកឧត្តម គង់ វិបុល អគ្គនាយកពន្ធដារ បញ្ជាក់ថា បើប្រៀបធៀបនឹងចំណូលកាលពីខែសីហា ឆ្នាំ2017(តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ)ឃើញថា ការប្រមូលពន្ធ-អាករគ្រប់ប្រភេទក្នុងខែសីហា ឆ្នាំ2018នេះកើនឡើងចំនួន 74.27ប៊ីលានរៀល (ប្រមាណ 18.57លានដុល្លារអាមេរិក) កំណើន ស្មើនឹង14.47%។
ឯកឧត្តមបានឱ្យដឹងទៀតថា ចំណូលសរុបរយៈពេល 8ខែ ដើមឆ្នាំ2018 នេះអគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទបានចំនួន 6013.20ប៊ីលានរៀល (ប្រមាណជា1503.29លានដុល្លារអាមេរិក) ស្មើនឹង 78.15% នៃផែនការច្បាប់កំណត់។
បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ2017ឃើញថា ការប្រមូលពន្ធ-អាករគ្រប់ប្រភេទក្នុង រយៈពេល 8ខែ ឆ្នាំ2018 មានការកើនឡើងចំនួន 671.89ប៊ីលានរៀល(ប្រមាណ 168លានដុល្លារអាមេរិក) កំណើនស្មើនឹង12.58%។
អគ្គនាយកពន្ធដារបានរំពឹងថា ចំណូលពន្ធអាករគ្រប់ប្រភេទសម្រាប់ឆ្នាំ2018 អាចប្រមូលបានគ្រប់ផែនការកំណត់ដោយច្បាប់។ ឯកឧត្តមក៏បានណែនាំបន្ថែមដល់គ្រប់អង្គភាពឱ្យបន្តខិតខំពង្រឹងការអនុវត្តច្បាប់វិន័យការងារ និងត្រូវមានភាពទន់ភ្លន់ តែម៉ឺងម៉ាត់ដោយផ្អែកលើទិដ្ឋភាពច្បាប់ក្នុងការឆ្លើយតបទៅកាន់អ្នកជាប់ពន្ធ សំដៅឱ្យពួកគាត់រីករាយទទួលយក និងស្ម័គ្រចិត្តបង់ពន្ធគ្រប់ៗគ្នាធ្វើយ៉ាងណាកាត់បន្ថយជាអតិបរមានូវការរអ៊ូរទាំរបស់អ្នកជាប់ពន្ធ និងផ្តល់កិច្ចសហការល្អ។
ទន្ទឹមនេះអគ្គនាយកដ្ឋានពន្ធដារបានដាក់ចេញនូវវិធានការមួយចំនួនដូចជា បន្តអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់ថែមទៀតសម្រាប់ឆ្នាំចុងក្រោយនេះនូវយុទ្ធសាស្ត្រកៀរគរចំណូលរយៈពេលមធ្យមរបស់រាជរដ្ឋាភិបាលឆ្នាំ2014-2018 ការរៀបចំកែសម្រួលយន្តការបង្វិលសងអាករលើតម្លៃបន្ថែមឱ្យបានកាន់តែប្រសើរឡើង។
លើសពីនេះទៀត វិធានការបន្ទាប់គឺ សហការជាមួយអគ្គនាយកដ្ឋានគោលនយោបាយនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងស្ថាប័នពាក់ព័ន្ធដើម្បីរៀបចំយុទ្ធសាស្ត្រកែទម្រង់ពន្ធដារដោយផ្តោតការយកចិត្តទុកដាក់ជាសំខាន់លើការរៀបចំយុទ្ធសាស្ត្រកៀរគរចំណូលរយៈពេលមធ្យមរបស់រាជរដ្ឋាភិបាលឆ្នាំ2019-2023 និងការលើកទឹកចិត្តពន្ធចំពោះវិស័យធុរកិច្ចមួយចំនួន៕