John Terry អតីតខ្សែការពារដ៏ឆ្នើមរបស់ក្លិប Chelsea បានច្រានចោលឱកាសក្នុងការបំពេញការផ្ទេរដ៏គួរឱ្យភ្ញាក់ផ្អើលមួយទៅកាន់ក្លិបរុស្ស៊ី Spartak Moscow។ Terry ត្រូវបានសារព័ត៌មានចេញផ្សាយថា ស្ទើរតែបានចុះហត្ថលេខាជាមួយនឹងក្លិប Spartak ទៅហើយ ក្រោយពីបានធ្វើដំណើរដោយយន្តហោះឯកជនមួយគ្រឿងទៅកាន់ទីក្រុងរ៉ូម កាលពីថ្ងៃសុក្រ ដើម្បីពិនិត្យសុខភាព។
ខ្សែការពារវ័យ 37ឆ្នាំរូបនេះ ត្រូវបានគេជឿជាក់ថា បានទទួលសំណើជាមួយនឹងប្រាក់ចំណូល 3លានផោន (ស្មើនឹង 3.9លានដុល្លារអាមេរិក) សម្រាប់កិច្ចសន្យារយៈពេល 1ឆ្នាំ។ Spartak ហាក់មានការជឿជាក់ក្នុងការនាំយកកីឡាករជើងចាស់រូបនេះ តាមរយៈការប្រកាសនៅលើបណ្តាញសង្គមថា ពួកគេត្រៀមទទួលភ្ញៀវដ៏សំខាន់ម្នាក់។ ប៉ុន្តែ ក្រោយពីបានធ្វើការពិចារណាទៅលើការផ្ទេរនេះជាមួយនឹងក្រុមគ្រួសាររបស់គេ Terry ដែលមានកូន 2នាក់ ជាមួយនឹងភរិយា Toni របស់ខ្លួន បានសម្រេចចិត្តបដិសេធការផ្ទេរទៅកាន់ទីក្រុងម៉ូស្គូនេះ។ Terry បានសរសេរនៅលើបណ្តាញសង្គម Instagram របស់ខ្លួនថា៖ «ក្រោយពីពិចារណារឿងផ្សេងៗរួចមក ខ្ញុំបានសម្រេចចិត្តច្រានចោលកិច្ចសន្យាមួយ ពីសំណាក់ក្លិប Spartak Moscow។ ខ្ញុំចង់យកឱកាសនេះ ដើម្បីថ្លែងអំណរគុណដល់ Spartak និងជូនពរឱ្យពួកគេ និងអ្នកគាំទ្ររបស់ពួកគេជួបតែសំណាងល្អ សម្រាប់រដូវកាលនេះ។ ពួកគេជាក្លិបពោរពេញដោយមហិច្ឆតា ហើយខ្ញុំពិតជាចាប់អារម្មណ៍ជាមួយនឹងភាពជាអាជីពរបស់ពួកគេ»។ Terry បានបន្ថែមទៀតថា៖ «ប៉ុន្តែ ក្រោយពីពិភាក្សាជាមួយនឹងក្រុមគ្រួសាររបស់ខ្ញុំលើការផ្ទេរនេះរួចមក យើងបានសម្រេចចិត្តថា នេះមិនមែនជាការផ្ទេរដ៏ត្រឹមត្រូវសម្រាប់យើងឡើយ»៕
ប្រភពពី៖ Channel News Asia