មិនដឹងថា ពលករនៅធ្វើការប្រទេសកូរ៉េ មានក្ដីរំភើបអរសប្បាយបែបណានោះទេ ខណៈបានដឹងថា កំពូលតារាចម្រៀង ព្រាប សុវត្ថិ មានឱកាសចូលទៅកាន់ទឹកដីកូរ៉េ ហើយសម្តែងច្រៀងរាំជូនទស្សនា។ ដូចនេះពលករនៅប្រទេសកូរ៉េ ប្រញាប់កក់សំបុត្រឱ្យហើយ ដើម្បីកុំឱ្យឱកាសរំលងផុតទៅ។ មានការប៉ាន់ស្មានថា ការសម្ដែងរបស់លោកនឹងទាក់ទាញអ្នកទស្សនានៅក្នុងប្រទេសកូរ៉េខាងត្បូងឱ្យកកក្ដាំងមិនអន់នោះទេ ដោយសារតែក្នុងប្រទេសកូរ៉េដែលលោកចេញសម្ដែង សុទ្ធតែខ្មែររស់នោះ។
លោក ឡេង ណាវ៉ាត្រា ម្ចាស់បុរីឡេង ណាវ៉ាត់ត្រា និងជាអ្នកធានាក្នុងគម្រោងចេញសម្ដែងបានអះអាងថា លោកព្រាប សុវត្ថិ នឹងត្រូវសម្ដែងនៅក្នុងប្រទេសកូរ៉េខាងត្បូងនៅថ្ងៃទី24 និង25 កញ្ញា នេះហើយ ដោយលោកបានចំណាយថវិការៀបចំការប្រគំតន្ត្រី2កន្លែងនៅលើទឹកដីនោះ2ថ្ងៃជាប់គ្នាតែម្ដង ដើម្បីឱ្យបងប្អូនជាពលករកូរ៉េបានសប្បាយ។ ក្នុងនោះលោកព្រាប សុវត្ថិ ក៏ប្រកាសបកស្រាយបទចម្រៀងពីជំនាន់ចាស់ៗមួយចំនួន ដើម្បីឱ្យបងប្អូនដែលមានអារម្មណ៍នឹកស្រុក បានស្ដាប់ហើយធូរចិត្ត។ លោកថា លោកព្រាប សុវត្ថិ ត្រូវច្រៀងនៅក្នុងទីក្រុងសេអូលមួយកន្លែង និងត្រូវច្រៀងនៅទីក្រុងខ្វាងជូរមួយកន្លែង ដោយក្នុងពិធីនោះ ក៏មានវេទិកាឧទ្ទេសនាមពីសំណាក់រូបលោកផ្ទាល់ ដើម្បីចែករំលែកពីគម្រោងអាជីវកម្ម និងពីរបៀបប្រើលុយរាយទៅយកលុយដុំ ដើម្បីឱ្យបងប្អូនខ្មែរ ឬពលរដ្ឋកូរ៉េ ដែលចង់វិនិយោគនៅក្នុងប្រទេសកម្ពុជាបានទទួលចំណេះដឹង។
លោក ឡេង ណាវ៉ាត្រា បន្តថាគម្រោងស្ពុនស័រយកលោកព្រាប សុវត្តិ អោយចេញសម្ដែង គម្រោងចំណាយមិនតិចម៉ឺនដុល្លារនោះទេ ដោយសារតែកន្លែងដែលលោករៀបចំអោយមានការប្រគំតន្ត្រីនោះ សុទ្ធតែចំតំបន់ទីក្រុងធំ សំបូរខ្មែររស់នៅ នឹងត្រូវចំណាយខ្ពស់។ លោកថាខ្លួននឹងមានគម្រោងបើកការប្រគំតន្ត្រីធំៗនៅក្នុងប្រទេសកូរ៉េខាងត្បូងឱ្យបានញឹកញាប់ ដើម្បីឱ្យបងប្អូនខ្មែរបានជួបជាមួយតារាល្បីៗ និងបានទទួលចំណេះដឹងពីការវិនិយោគលើគម្រោងដីធ្លី ដើម្បីក្លាយខ្លួនជាអ្នកមានបានដូចលោក។ លោករំពឹងយ៉ាងខ្លាំង ថាវត្តមានរបស់លោក ព្រាប សុវត្ថិ នឹងគក្រើកនៅថ្ងៃទី24និង25កញ្ញានេះ ខណៈដែលសាលដែលលោកគម្រោងដាក់ភ្ញៀវអោយស្ដាប់បទឧទ្ទេសនាមរបស់លោក ក៏មានអ្នកទិញសំបុត្រ និងកក់ទុកកៅអីអស់ច្រើនតាំងពីថ្ងៃនេះទៅហើយ៕